កាលពីថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៣នេះ រាជរដ្ឋាភិបាលបានបើកការដ្ឋានសាងសង់គម្រោងផ្លូវល្បឿនលឿនភ្នំពេញ-បាវិត ដែលមានប្រវែង ១៣៥.១ គីឡូម៉ែត្រជាផ្លូវការហើយ។ ដោយផ្លូវនេះនឹងឆ្លងកាត់ខេត្តកណ្តាល ប្រវែង ៤,១គីឡូម៉ែត្រ ខេត្តព្រៃវែង ប្រវែង ៧០,៩គីឡូម៉ែត្រ និងខេត្តស្វាយរៀង ប្រវែង ៦០,១គីឡូម៉ែត្រ។
តាមការបញ្ជាក់ពីក្រសួងសាធារណការ និងដឹកជញ្ជូន គម្រោងផ្លូវល្បឿនលឿនទី២ នេះសាងសង់ចាប់ផ្ដើមពីចំណុច ឃុំថ្មគរ ស្រុកល្វាឯម ខេត្តកណ្តាល និងបញ្ចប់នៅសង្កាត់ស្រកម្ទេស ក្រុងបាវិត ខេត្ដស្វាយរៀង។ គម្រោងថ្មីនេះត្រូវបានវិនិយោគការសាងសង់ដោយក្រុមហ៊ុនសាជីវកម្មថ្នល់ និងស្ពានចិន (CRBC) ក្នុងទំហំទឹកប្រាក់ ១.៣៥ ពាន់លានដុល្លារ និងចាយពេលវេលាសាងសង់ចំនួន ៤៨ ខែ ពោលគឺគ្រោងបញ្ចប់នៅឆ្នាំ២០២៧។
សម្រាប់ការសាងសង់ផ្លូវនេះជាប្រភេទផ្លូវថ្មី១០០% ដោយក្រាលបេតុងកៅស៊ូ(AC) កម្រាស់ ១០សង់ទីម៉ែត្រ និងថ្មលាយកៅស៊ូ(ATB) ១២ សង់ទីម៉ែត្រ ទទឹងតួផ្លូវ ២៤,៥ម៉ែត្រ មានគន្លងផ្លូវសម្រាប់រថយន្ដធ្វើចរាចរណ៍ចំនួន ៤គន្លង (២គន្លងទៅ-២គន្លងមក) ដែលគន្លងនីមួយៗមានទទឹង ៣,៧៥ម៉ែត្រ ខឿនសួនចែកទិសចរាចរណ៍ នៅចំកណ្តាលទ្រូងផ្លូវ ទទឹង ៣ម៉ែត្រ ចិញ្ចើមផ្លូវក្រាលបេតុងកៅស៊ូ ទទឹង ២,៥ម៉ែត្រ និងចិញ្ចើមផ្លូវក្រាលក្រួសក្រហម ទទឹង ០,៧៥ម៉ែត្រ ទាំងសងខាង។ ដោយក្នុងនោះឆ្លងកាត់ខេត្តកណ្តាល ប្រវែង ៤,១គីឡូម៉ែត្រ ខេត្តព្រៃវែង ប្រវែង ៧០,៩គីឡូម៉ែត្រ និងខេត្តស្វាយរៀង ប្រវែង ៦០,១គីឡូម៉ែត្រ។
នៅពេលផ្លូវល្បឿនលឿននេះបញ្ចប់ការសាងសង នោះនឹងផ្តល់អត្ថប្រយោជន៍យ៉ាងធំធេង ដូចជាការសម្រាលបន្ទុកចរាចរណ៍ លើផ្លូវជាតិលេខ១ ដែលកំពុងមានកំណើនចរាចរណ៍ដ៏មមាញឹក និងមានហានិភ័យខ្ពស់ នៃគ្រោះថ្នាក់ចរាចរណ៍ ហើយផ្លូវល្បឿនលឿននេះ នឹងជួយកាត់បន្ថយពេលវេលាធ្វើដំណើរ មកត្រឹមប្រមាណ ១ម៉ោងកន្លះ ដែលកន្លងមក យើងប្រើប្រាស់ពេលវេលាប្រមាណ ៤ម៉ោង សម្រាប់រថយន្តទេសចរណ៍ និងប្រមាណ ៥-៦ម៉ោងសម្រាប់រថយន្តកុងតឺន័រ។
មួយវិញទៀត ផ្លូវល្បឿនលឿននេះ នឹងជួយជំរុញឱ្យមានកំណើនវិនិយោគ ពាណិជ្ជកម្ម និងទេសចរណ៍នៅរាជធានីភ្នំពេញ ក្រុងថ្មីអរិយក្សត្រ នៃខេត្តកណ្តាល ខេត្តព្រៃវែង ខេត្តស្វាយរៀង និងក្រុងបាវិត ជាពិសេសសកម្មភាពពាណិជ្ជកម្ម ទេសចរណ៍ និងការដឹកជញ្ជូន ឆ្លងកាត់ព្រំដែនទ្វេភាគី រវាងប្រទេសកម្ពុជា-វៀតណាម ក្នុងក្របខណ្ឌអាស៊ាន និងមហាអនុតំបន់មេគង្គជាដើម៕
អត្ថបទ៖ កឹម ប៊ុនធឿន