លោកអ្នកប្រហែលជាគិតថា មហាសេដ្ឋីលេខមួយលើលោក Elon Musk ជាកំពូលមនុស្សដែលមានទ្រព្យសម្បត្តិ ២២៦.៤ពាន់លានដុល្លារគិតត្រឹមដើមឆ្នាំ២០២៣ ចេញផ្សាយដោយទស្សនាវដ្តី Forbes អាចរស់នៅសោយសុខលើគំនរមាសប្រាក់ ពុំមានរឿងអ្វីត្រូវស្តាយក្រោយក្នុងជីវិតឡើយ។ ប៉ុន្តែអ្វីដែលអ្នកមើលឃើញនឹងភ្នែក ស្តាប់ឭនឹងត្រចៀក អាចពុំមែនជាការពិតទាំងស្រុងក៏ថាបាន។
លោក Elon Musk ស្ថាបនិកនៃក្រុមហ៊ុនផលិតរថយន្តដ៏ល្បីរបស់អាមេរិក Tesla និងក្រុមហ៊ុនរុករកទីអវកាស SpaceX រួមទាំងក្រុមហ៊ុនជាច្រើនទៀត ដែលគ្រប់គ្នាគិតថាជាបុគ្គលអស្ចារ្យគួរយកគំរូតាម បានបង្ហើបពីរឿងស្តាយក្រោយធំៗ២ ដែលខ្លួនធ្លាប់បានធ្វើ និងផ្តាំប្រាប់កុំឲ្យអនុវត្តតាមលោក៖
១/. មិនបានចំណាយពេលជាមួយគ្រួសារ
មានមនុស្សមិនតិចនាក់ទេ ដែលបានរត់តាមលុយរហូតភ្លេចគិតទៅដល់ការផ្តល់ពេលវេលាជាមួយប្រពន្ធកូន ឬគ្រួសារ ដោយសារតែពួកគេយល់ច្រឡំថាពេលមានលុយពួកគេនឹងអាចទិញក្តីសុខ សុភមង្គលបាន។ ប៉ុន្តែវាមិនដូច្នេះទាំងស្រុងឡើយ ត្បិតពេលខ្លះក្រុមគ្រួសារយើងមិនត្រូវការលុយទាំងអស់នោះពីអ្នកទេ ពួកគេគ្រាន់តែត្រូវការពេលខ្លះពីអ្នកតែប៉ុណ្ណោះ។
ជាក់ស្តែង មនុស្សធម្មតាធ្វើការប្រហែលជា ៤០ម៉ោងប៉ុណ្ណោះក្នុង១សប្ដាហ៍ ប៉ុន្តែសម្រាប់មហាសេដ្ឋីលេខ ១ Elon Musk វិញ លោកធ្វើការស្មើនឹងមនុស្ស៣នាក់ ពោលគឺលោកធ្វើការជាមធ្យមខ្ទង់ ១២០ម៉ោងក្នុង១សប្ដាហ៍ ដូច្នេះលោកមានពេលតិចតួចបំផុតសម្រាប់គ្រួសារ។
២/. ការសម្រេចចិត្តលឿនពេក
ក្រៅពីមិនបានចំណាយពេលជាមួយគ្រួសារច្រើន Elon Musk នៅមានរឿងស្តាយក្រោយមួយទៀត ដែលធ្វើឱ្យលោកត្រូវខាតលុយអស់ ១៦ពាន់លានដុល្លារ រយៈពេលត្រឹមតែ ១ថ្ងៃប៉ុណ្ណោះ។ ដោយសារតែក្រោយពីលោកបានសម្រេចចិត្តចេញពី S&P 500 index ដែលជាក្រុមជួយសម្របសម្រួលសន្ទស្សន៍ទីផ្សារភាគហ៊ុនរបស់ក្រុមហ៊ុនធំៗចំនួន ៥០០ ដែលបានចុះបញ្ជីនៅក្នុងផ្សារភាគហ៊ុននៅសហរដ្ឋអាមេរិក។
ហើយការដែល លោក Elon Musk បានដកក្រុមហ៊ុន Tesla ចេញពី S&P 500 index នេះ បានបណ្ដាលឱ្យតម្លៃភាគហ៊ុនសរុបដែលបានជួញដូរជាសាធារណៈរបស់ក្រុមហ៊ុន Tesla ដាំក្បាលចុះយ៉ាងឆាប់រហ័សគួរឱ្យកត់សម្គាល់។ ដោយហ៊ុននៃក្រុមហ៊ុន Tesla បានធ្លាក់ចុះរហូតដល់ទៅជាង ២១% ស្មើរនឹងទឹកប្រាក់ចំនួន ១០៩ពាន់លានដុល្លារឯណោះ។ ហើយការធ្លាក់ចុះហ៊ុន២១% នៃក្រុមហ៊ុន Tesla នេះហើយ ជាហេតុធ្វើឱ្យលោក Elon Musk ខាតលុយអស់ប្រមាណជា ១៦ពាន់លានដុល្លារអាមេរិក កាលពីថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២១។
ដូច្នេះមេរៀនស្តាយក្រោយធំៗ២ ខាងលើរបស់លោក Elon Musk អាចជាបទពិសោធន៍មួយ ដែលអ្នកអាចរៀនសូត្របានសម្រាប់ជាប្រយោជន៍ដល់ការរស់នៅប្រចាំថ្ងៃ។ ចូរប្រើប្រាស់ពេលវេលារបស់អ្នកឲ្យតុល្យភាពរវាងការងារ និងជីវិតឯកជន។ ម្យ៉ាងវិញទៀត ការសម្រេចចិត្ត គឺជាកាតាលីករដែលចង្អុលបង្ហាញពីលទ្ធផលដែលអ្នកនឹងទទួលបាននាពេលខាងមុខ ម្ល៉ោះហើយត្រូវគិតឲ្យបានល្អិតល្អន់មុនសម្រេចចិត្តលើអ្វីមួយ ចៀសវាងការស្តាយក្រោយ៕
អត្ថបទដោយ៖ កាន់ ដារ៉ា (ស្មេរពនេចរ) ម្ចាស់ស្នាដៃសៀវភៅ «ច្រវាក់ប្រាក់ខែ»
ទំនាក់ទំនងតាមរយៈ៖ Facebook Page: Kan Dara ឬ Telegram: 0964997366