សហគ្រិនវ័យក្មេង ២រូប ងាកមកផលិតស្បែកជើងខ្លួនឯង អាចលក់ចេញមួយខែរាប់រយគូមិនចាញ់របស់នាំចូល
ធី ស្រីល័ក្ខDECEMBER 25 2022277 views

សហគ្រិនវ័យក្មេង២រូប បានច្នៃស្បែកជើងខ្លួនឯង អាចលក់ដាច់រាប់រយគូក្នុងមួយខែនឹងមានអតិថិជនគាំទ្រយ៉ាងច្រើនកុះករ។ សហគ្រិនទាំង២នោះ គឺលោក ផុន វុទ្ធី និងអ្នកនាង អ្នកនាងហ៊ួន  ផល្លី ដែលបានកំពុងសំងំផលិតស្បែកជើងចេញពីស្បែកសុទ្ធ មានសម្រស់ស្រស់ស្អាតមិនចាញ់បរទេសឡើយ។

នៅក្នុងកិច្ចសម្ភាសន៍ជាមួយ Business Cambodia អ្នកនាងហ៊ួន  ផល្លី ដែលជាស្ថាបនិកសាជីវកម្មខ្មែរបាននិយាយថា សម្រាប់អាជីវកម្មផលិតស្បែកជើងចេញពីស្បែកសុទ្ធនេះគឺអ្នកនាងចាប់ផ្តើមតាំងពីអំឡុងឆ្នាំ២០១២ មកម្លេះ បន្ទាប់ពីអ្នកនាងបានរៀបការជាមួយស្វាមី។

អ្នកនាងផល្លី បានបន្តទៀតថា ចំពោះសាជីវកម្មខ្មែររបស់អ្នកនាង គឺជាយីហោដែលផលិតផលស្បែកជើង ធ្វើដោយដៃជាលក្ខណៈគ្រួសារ ដោយការផលិតស្បែកជើងសម្រាប់កុមារ ស្រ្តី នឹងបុរស លើសពីនេះទៅទៀតស្បែកជើងរបស់អ្នកនាងគឺសម្រិតសម្រាំងយ៉ាងល្អមិនឱ្យចាញ់ស្បែកជើងដែលនាំចូលពីបរទេសឡើយ។

ស្ថាបនិកសាជីវកម្មខ្មែរ បានបន្ថែមថា សម្រាប់ស្បែកជើងដែលអ្នកនាងផលិតគឺមានតម្លៃចាប់ពី១៧ដុល្លារ រហូតដល់៣០ដុល្លារ ហើយបច្ចុប្បន្ននេះក្នុងមួយខែអាចលក់ចេញជាង ១០០គូឯណោះ ហើយក្នុងមួយខែអ្នកនាងក៏អាចរកចំណូលបានពី៨០០ដុល្លារ ទៅ១ពាន់ដុល្លារជាងឯណោះ។

ជាមួយគ្នានោះដែរ ក៏មានកន្លែងផលិតស្បែករបស់បងប្អូនបង្កើត ២នាក់ គឺលោក លោក ផុន វុទ្ធី និងលោក ផុនវត្ថា បានលើកឡើងថា លោកជាមួយនឹងប្អូនគឺមានគំនិតមួយចង់ច្នៃស្បែកជើងនិងចេញម៉ូតដោយខ្លួនឯង ដើម្បីលក់ទៅលើទីផ្សារ តួយ៉ាងការចាប់ផ្តើមផលិតស្បែកជើងដំបូងៗ អ្នកទាំងពីរហាក់បីដូចជាធ្វើត្រូវច្រើន ​​​​​​​ពោលគឺមានអ្នកគាំទ្រពីបងប្អូនជាច្រើននៅក្នុងប្រទេសតាមបណ្តាញសង្គមអនឡាញ ជួនកាលទទួលការកម្ម៉ង់មិនទាន់ឡើយ នេះដោយសារតែលោក ផ្តោតទៅលើគុណភាព និងភាពស្អាតប្រណិត ចេញពីទឹកដៃជាងចំណានៗមានបទពិសោធន៍រាប់សិបឆ្នាំ ហើយរាល់ស្បែកជើងទាំងអស់គឺសុទ្ធតែមានការធានារហូតទៅដល់១ឆ្នាំឯណោះ ។

លោកបានបន្ថែមថា បច្ចុប្បន្នខាងហាង Room Fashion អាចផលិតនិងច្នៃស្បែកជើងបានប្រមាណ ជាង៣០០ម៉ូត ដែលមួយគូលក់នៅក្នុងតម្លៃ៥៥ដុល្លារ និង២៥ដុល្លារ អាស្រ័យទៅលើម៉ូតនីមួយៗ តម្លៃប៉ុននេះបងប្អូនមួយចំនួនប្រហែលនិយាយថាថ្លៃ ប៉ុន្តែប្រសិនបើបងប្អូនគិតទៅលើទឹកដៃ ភាពស្រស់ស្អាត និងភាពជាប់ធន់ ចេញពីទឹកដៃកូនខ្មែរផ្ទាល់ ប្រហែលជាទាំងអស់គ្នាមិនអាចនិយាយថាថ្លៃបានឡើយ ។

គួរបញ្ជាក់ថា​ បងប្អូនពីររូបខាងលើ មានបំណងចង់អោយយីហោស្បែកជើងរបស់ខ្លួន មិនត្រឹមតែមានភាពល្បីល្បាញនៅក្នុងប្រទេសប៉ុណ្ណោះទេ តែថែមទាំងមានគម្រោងនាំចេញនិងធ្វើឱ្យល្បីនៅក្រៅប្រទេសទៀតផង ថែមទាំងគ្រោងពង្រីកការផលិតឱ្យកាន់តែច្រើនឡើង ក្នុងការផ្គត់ផ្គង់តម្រូវការទីផ្សារបច្ចុប្បន្ននិងអនាគត ៕

អត្ថបទ៖ ធី ស្រីល័ក្ខ

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia