ផ្លូវចេញរកស៊ី! មានលុយត្រឹម១០០$ ចង់រកស៊ីនឹងគេ បើចេះស្នៀតទាំង៥នេះធានារកស៊ីបាន១០០%
ឡុង វឌ្ឍនៈFEBRUARY 10 20233.1 K views

គេថា ស្គាល់ពីខ្លួនឯងច្បាស់ ស្គាល់ពីសត្រូវច្បាស់ ចេញច្បាំងទាំង ១០០០ដង ឈ្នះទាំង ១០០០ដង។ ពាក្យមួយឃ្លានេះ ចង់ប្រៀបធៀបថា ការស្គាល់ច្បាស់ពីខ្លួនឯង និងមជ្ឈដ្ឋានជុំវិញខ្លួន គឺពិតជាមានសារៈសំខាន់ចំពោះភាពជោគជ័យ។ ក្រឡែកមកមើលការរកស៊ីវិញក៏ដូចគ្នា បើសិនជាអ្នកស្គាល់ច្បាស់ពីគោលដៅ ជំនាញ សមត្ថភាព និងជំនួញដែលអ្នកចង់រកស៊ីនោះច្បាស់ អត្រាដែលអ្នកអាចរកស៊ីជោគជ័យគឺខ្ពស់ផងដែរ បើទោះបីជាអ្នកមិនមានទុន ឬប្រើទុនតិចតួចដើម្បីរកស៊ីក៏ដោយ។ ជាក់ស្ដែង បើសិនជាអ្នកមានដើមទុនខ្ទង់ ១០០ដុល្លារ ហើយចង់ចេញរកស៊ី អ្នកអាចប្រើស្នៀត៥ខាងក្រោម ដើម្បីចេញរកស៊ីបាន ១០០%។

១. ផ្ដោតលើការរកស៊ីបែបសេវាកម្ម

បើសិនជាអ្នកមានដើមទុនតិច អ្នកគួរផ្ដោតលើការរកស៊ីបែបសេវាកម្ម ជាជាងការលក់ផលិតផល ព្រោះអាជីវកម្មបែបសេវាកម្ម គឺប្រើជំនាញខ្ពស់ ហើយដើមទុនអាចចាប់ផ្ដើមពីតិចបាន។ ប្រភេទសេវាកម្មគឺមានច្រើនយ៉ាង ដូច្នេះអ្នកគួរសម្លឹងមើលទៅអ្វីដែលអ្នកស្រលាញ់ចូលចិត្ត មានជំនាញខ្ពស់ ឬអាចទាញផលចំណេញមកវិញបានច្រើនជាដើម។

២. កសាងក្រុមរកស៊ីជាមួយគ្នាឱ្យបានច្រើន

សម្រាប់អ្នកចេញរកស៊ីភាគច្រើន ដើមទុន១០០ដុល្លារ ជាដើមទុនតិចតួចបំផុត។ ប៉ុន្តែអ្នកក៏អាចប្រើយុទ្ធសាស្ត្រសត្វកណ្ដៀរ ដែលប្រមូលផ្ដុំគ្នា ហើយពាំនាំធនធានម្នាក់បន្តិចៗមកផ្ដុំគ្នា រហូតក្លាយជាចំនួនច្រើន។ បើសិនជាអ្នកត្រូវការទុនក្នុងបរិមាណណាមួយ អ្នកអាចលកលៃក្នុងការកសាងក្រុមរកស៊ីជាមួយគ្នាឱ្យបានច្រើន គ្រាន់តែថាបញ្ហាធំមួយនៅពេលដែលមានសមាជិកច្រើន គឺងាយនឹងឈ្លោះបែកបាក់គ្នាទៅវិញផងដែរ។  ឧទាហរណ៍ ប្រសិនបើអ្នកម្នាក់ឯងមានទុន ១០០ដុល្លារ តែបើអ្នកកសាងក្រុមបាន១០នាក់ នោះមានន័យថាអ្នកមានទុន ១ពាន់ដុល្លារ ឬលើសនេះទៅទៀត។

៣. លក់ជំនាញឯកទេស

ជំនាញគឺជាដើមទុនដ៏សំខាន់បំផុតមួយក្នុងការរកស៊ី ពេលខ្លះវាស្ទើរតែមានតម្លៃថ្លៃជាងលុយទៅទៀត។ បើសិនជាអ្នកមិនមានលុយ អ្នកគួរមានជំនាញឯកទេសណាមួយ ដែលអ្នកអាចលក់វាឱ្យអ្នកមានតម្រូវការ ហើយប្ដូរមកវិញជាប្រាក់កម្រៃ។ អ្នកអានលក់ជំនាញសរសេរ ជំនាញប្រឹក្សាយោបល់ ជំនាញដោះបំណុល ជំនាញធ្វើទីផ្សារ ជំនាញកាត់តវីដេអូ ជំនាញគ្រប់គ្រងហ្វេសប៊ុកផេក ជំនាញអាយធីជាដើម។ បើសិនគ្មានលុយហើយគ្មានជំនាញ គឺអ្នកពិបាករកស៊ី ថាមិនត្រូវអាចចេញរកស៊ីបាន ប៉ុន្តែនឹងដួលរលំទៅវិញក៏ថាបាន។

៤. បើមានទុន១០០ដុល្លារត្រូវរកស៊ីរបរ១០០ដុល្លារ

តើអ្នកដឹងទេថា មានមនុស្សច្រើនណាស់មិនចង់ធ្វើរឿងតូចៗទេពោលគឺចង់តែធ្វើរឿងធំ ប៉ុន្តែពួកគាត់ជាប្រភេទមនុស្សតូចមិនចង់ធ្វើ តែរឿងធំធ្វើមិនកើតលើសពីសមត្ថភាព? អ្នករកស៊ីដែលមានផ្នត់គំនិតសហគ្រិនពិត គេហ៊ានចាប់ផ្ដើមពីដូច ដាក់ក្ដីស្រមៃឱ្យធំ និងខំប្រឹងឱ្យរីកចម្រើនឱ្យលឿនបំផុត។ មនុស្សជាច្រើនចេញរកស៊ីមិនកើត ព្រោះគាត់មានទុន ១០០ដុល្លារ បែរជាលោភលន់ចង់រកស៊ីតែរបរចាយទុនលើសពីលុយ១០០ដុល្លារ។ របរខ្លះតូចតាចកំប៉ិកកំប៉ុក ប៉ុន្តែអាចផ្ដល់ផលចំណេញច្រើន។ ជាក់ស្ដែងលុយ១០០ដុល្លារ អ្នកអាចលក់លៀសហាលក៏បាន ព្រោះបើអ្នកពូកែផ្សំគ្រឿង ធ្វើមានអនាម័យខ្ពស់ រសជាតិឆ្ងាញ់ពិសារ ដើមទុន១០០ដុល្លាររបស់អ្នក អាចបង្កើតលុយមកវិញបានរាប់ពាន់ដុល្លារទៀតផង។

៥. ពង្រឹងជំនាញហិរញ្ញវត្ថុ និងការប្រមូលទុន

ផ្នត់គំនិតមាសមួយរបស់សហគ្រិនគឺ ខ្វះអ្វីត្រូវចេះជប់ហ្នឹង មានន័យថាបើសិនជាអ្នកខ្វះជំនាញ អ្នកត្រូវជប់ជំនាញ ខ្វះលុយជប់លុយ ខ្វះអតិថិជនជប់អតិថិជន ខ្វះក្រុមការងារជប់ក្រុមការងារ ខ្វះទុនវិនិយោគជប់ទុនពីអ្នកវិនិយោគ។ បើអ្នកជឿលើផ្នត់គំនិតនេះ អ្នកនឹងមិនមានបញ្ហារឿងខ្វះទុនរកស៊ីនោះទេ ឱ្យតែអ្នកពូកែជប់។ ទន្ទឹមនឹងនេះដែរ​អ្នកអាចផ្ដោតលើការពង្រឹងជំនាញហិរញ្ញវត្ថុ និងការប្រមូលទុនពីអ្នកវិនិយោគជុំវិញខ្លួនថា តើត្រូវរៀបចំខ្លួនបែបណា កសាងកេរ្តិ៍ឈ្មោះបែបណា និងបំពេញលក្ខខណ្ឌអ្វីខ្លះ ទើបអ្នកអាចយកលុយពីអ្នកវិនិយោគជុំវិញខ្លួនអ្នកបាន? ត្រូវចាំថាមនុស្សមានចំណេះដឹងហិរញ្ញវត្ថុខ្ពស់ គេអាចធ្វើនំឥតប្រើម្សៅខ្លួនឯង ចេញរកស៊ីមិនបាច់ចាយលុយខ្លួនឯងសូម្បីតែ១ដុល្លារក៏មាន។

ជាសង្ខេប មានផ្លូវច្រើនណាស់ដែលយើងអាចចេញរកស៊ីបាន ដោយប្រើទុនជាលុយតិចតួច ឬមិនប្រើលុយខ្លួនឯងសោះក៏មាន គ្រាន់តែបើអ្នកមិនប្រើលុយ គឺអ្នកត្រូវប្រើចំណេះ​ ជំនាញ សមត្ថភាពឱ្យខ្លាំង។ ដូច្នេះបើសិនជាអ្នកពិតជាចង់ចេញរកស៊ី អ្នកត្រូវឈប់រកលេស ឈប់គិតថាមិនអាចទៅរួច ហើយត្រូវចាប់ផ្ដើមគិតវិភាគ រៀបចំផែនការ រៀបចំផ្លូវដើរ និងត្រូវរកវិធីគ្រប់បែបយ៉ាង ដើម្បីរកផ្លូវចេញរកស៊ីទាល់តែរួច នេះហើយជាផ្នត់គំនិតសហគ្រិនឆ្នើមពិតៗ៕  បើសិនជាអ្នកចង់រៀនគំនិតរកស៊ីល្អៗ និង គន្លឹះដឹកនាំជីវិត សូមចូលក្នុងគ្រុបពិសេសខ្ញុំទីនេះ ( https://t.me/LongVathanak777

ឡុង វឌ្ឍនៈ
ក្រោយចំណាយពេលជាង ០៤ឆ្នាំ សម្ភាសន៍អ្នកជំនួញតូចធំរាប់រយនាក់ និងធ្លាប់បានសរសេរលើសពី ១០០០អត្ថបទ ទាក់ទងនឹងផ្នែកដឹកនាំ ខ្ញុំនៅតែស្រលាញ់ចូលចិត្តជំនាញដឹកនាំ និងរកឃើញរឿងគួរឱ្យចាប់អារម្មណ៍កាន់តែច្រើនឡើងក្នុងផ្នែកនេះ។ ក្ដីស្រមៃធំមួយរបស់ខ្ញុំ គឺចង់ជួយដល់ម្ចាស់អាជីវកម្មតូចធំនៅកម្ពុជា អាចទទួលជោគជ័យទាំងក្នុងការដឹកនាំអាជីវកម្មផង និងកសាងសុភមង្គលក្នុងគ្រួសារជាទីស្រលាញ់របស់ពួកគាត់ប្រកបដោយតុល្យភាព។ ប្រសិនបើអ្នក ចង់ចែករំលែកគំនិតល្អៗ ឬចង់ផ្សព្វផ្សាយ រុញអាជីវកម្មអ្នកឱ្យគេស្គាល់កាន់តែច្រើន កុំខ្លាចក្នុងការជជែក ឬទំនាក់ទំនងជាមួយខ្ញុំ។ Telegram: 096 351 7713។ តាមដានគំនិតល្អៗជាច្រើនទៀតពីខ្ញុំតាមឆាណែលតេឡេក្រាម @LongVathanakOfficial ឬ Fb Page: Long Vathanak - ឡុង វឌ្ឍនៈ

អត្ថបទសរុប៖ 558

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia