ប្រយ័ត្ន! ពាក្យកុហកទាំង១០ ធ្វើឲ្យមនុស្សជាច្រើនស្រ្តេសខ្លាំង និងធ្លាក់ក្នុងបំណុ.ល
Kan DaraMARCH 31 20242.2 K views

សម្ពាធផ្លូវចិត្ត និងរឿងលុយកាក់ បានក្លាយជាបញ្ហាដ៏រសើបមួយ ក្នុងសង្គមបច្ចុប្បន្ន។ ម្ល៉ោះហើយថ្ងៃនេះ Business Cambodia សូមលើកយកនូវពាក្យកុហកដ៏ពេញនិយមទាំង១០ ដែលអ្នកមនុស្សភាគច្រើនតែងលួងខ្លួនឯង ធ្វើឱ្យលង់ក្នុងបញ្ហាផ្លូវអារម្មណ៍ និងបំណុលវ័ណ្ឌកដកខ្លួនស្ទើមិនរួច។

១/. ជំពាក់គេជារឿងធម្មតា៖ គិតថានរណាក៏គេខ្ចីលុយគេមកប្រើដែរ អ៊ីចឹងហើយយើងខ្ចីគេដែរទៅ ចង់បានអីបើអត់លុយ យកលុយគេទិញសិនទៅ ចាំរកបានចាំសងគេវិញ។ នេះជាការបង្កើតទម្លាប់យកលុយអនាគតមកចាយ បង្កើតពីបំណុលតូចរហូតដល់បំណុលធំ។

/. នៅសល់ពេលច្រើនទៀត៖ រកលុយបានមកមិនគិតប្រញាប់សងគេឱ្យឆាប់អស់ទេ បែរជាយល់ថា​សល់ពេលច្រើនតើ ចាយសិនទៅមិនអីទេ។ ធ្មេចបើកៗ កៀកថ្ងៃរកលុយមកសងគេមិនទាន់ ត្រូវគេពិន័យ ឬក៏ទៅខ្ចីបុលថ្មីការប្រាក់ខ្ពស់ដើម្បីយកលុយទៅសងអ្នកចាស់ វិលចុះវិលឡើងវ័ណ្ឌកបាត់។

/. លុយរកមកចាយមិនគ្រប់៖ និយាយប្រាប់ខ្លួនឯងថា ខែនេះរកលុយបានតិចណាស់ចាយមិនគ្រប់ទេ ចឹងហើយមានតែខ្ចីគេចាយដើម្បីឱ្យគ្រប់។ វាក៏ជាការយកលុយអនាគតមកចាយដែរ ព្រោះថាខែក្រោយៗនៅតែចាយមិនគ្រប់ ព្រោះត្រូវដកលុយសងគេ។ ហេតុអ្វីក៏មិនខំកាត់បន្ថយចំណាយ ចាយហួសមាឌធ្វើអ្វី មានតិចចាយតាមតិចសិនទៅ។

/. ពិបាកកាត់បន្ថយចំណាយ៖ បំណុលរុំកោះ ប៉ុន្តែហ៊ានចាយលុយពេញៗដៃមិនគិតខំសន្សំលុយទុកផ្ដាច់បំណុលទេ ស្រួលមិនស្រួលលួចខ្ចីអ្នកស្គាល់គ្នាយកមកចាយបន្ថែមទៀត។ គិតថាការកាត់បន្ថយចំណាយជារឿងពិបាកនឹងទៅរួច ទាំងដែលមិនធ្លាប់សូម្បីតែកំណត់ការចំណាយប្រចាំខែ ឬសាកបូកលុយដែលចាយមួយថ្ងៃៗ និយាយរួមអត់ដែលសាកធ្វើទេ តែស្រែកថាពិបាកតែម្ដង។

/. ឱ្យតែចង់បាន ដឹងតែជាតម្រូវការចាំបាច់៖ របស់ខ្លះអត់ចាំបាច់ទេ តែហេតុស្រលាញ់ចង់បានបែរជាមិនស្មោះត្រង់ជាមួយខ្លួនឯង ខំនិយាយលើកហេតុផលថាវាសំខាន់អ៊ីចេះមួយអ៊ីចុះមួយ។ ពេលខ្លះលុយខ្លួនឯងមានមិនគ្រប់ ក៏ទៅខ្ចីមិត្តភក្តិបន្ថែមដើម្បីបង្រ្គប់ទិញយកមក។ និយាយរួមឱ្យតែចង់បានអ្វីមួយត្រូវតែបានជាដាច់ខាតទោះខ្ចីលុយគេក៏ដោយ។

/. ការបែងចែងកញ្ចប់លុយធ្វើឱ្យបាត់បង់សេរីភាព៖ អ្នកជំនាញប្រាប់ថាចង់សល់លុយត្រូវចេះចាត់ចែងលុយឱ្យបានល្អ តែខ្លួនឯងបែរជាប្រាប់ថា ចាត់ចែងមិនកើតទេ កំណត់ចំនួនមិនបានទេ ខ្លាចបាត់បង់សេរីភាព ដូចជាដាក់គំនាបលើខ្លួនឯងពេក លុយខំរកមកក្បិតក្បៀតធ្វើអី ស្លាប់ទៅយកទៅតាមមិនបានផង។ មែនហើយមិនត្រឹមតែស្លាប់ទៅយកទៅមិនបានទេ នៅរស់ក៏គ្មានលុយសល់ដែរព្រោះតែការគិតបែបហ្នឹង ហើយបើកំពុងតែជំពាក់គេទៀតច្បាស់ជាវ័ណ្ឌកមិនខានទេ។

/. ប្រើបំណុលសម្រាប់ចំណាយបន្ទាន់៖ ទិញរបស់ដាក់ផ្ទះជាចំណាយបន្ទាន់? ទិញកាបូបបញ្ចុះតម្លៃជាចំណាយបន្ទាន់? ដូរស៊េរីទូរស័ព្ទជាចំណាយបន្ទាន់? ហើយបន្ទាន់អីក៏បន្ទាន់យ៉ាងនេះ?

/. ដោះបំណុលជារឿងពិបាកណាស់៖ បំណុលច្រើនពេករកច្រកចេញមិនឃើញទេ មានតែខ្ចីបុលឯកជនយកមកដោះសិនហើយ? បើគិតមិនចេញហេតុអ្វីមិនរកជំនួយ?

/. គេធ្វើបានម្ដេចខ្ញុំធ្វើមិនបាន៖ អ្នកជិតខាងខ្ញុំខ្ចីលុយធនាគារសង់ផ្ទះបាន ហេតុអ្វីខ្ញុំខ្ចីគេដែរមិនបាន? អ្នកភូមិគេមានផ្ទះធំទ្រនំខ្ពស់នៅអស់ហើយ ខ្ញុំនៅផ្ទះតូចមិនកើតទេ ត្រូវតែខ្ចីលុយធនាគារធ្វើផ្ទះដែរ។ ប្រៀបធៀបរឿងទាំងអស់ហ្នឹង ទាំងដែលភ្លេចគិតទៅថារកចំណូលសងបំណុលគេមិនឈ្នះទេ ព្រោះអ្នកជិតខាងអត់មានកូនផង តែខ្លួនឯងកូន២ហើយរកចំណូលម្នាក់ឯងទៀត។

១០/. មិនបានខ្ចីលុយគេមកទិញសម្ភារនិយម៖ ទូរស័ព្ទចាស់នៅប្រើកើតតែមិនសូវសមទេចង់ប្ដូរស៊េរីថ្មី? ម៉ូតូចាស់ពិបាកជិះណាស់ចង់ប្ដូរថ្មី? ឡាននេះចាស់ហើយចង់ទិញថ្មី? លុយមិនគ្រប់ទេចង់ខ្ចីគេបន្ថែមខ្លះ? ចុះមានដែលគិតទេថា ចំណូលតិចណាស់បង់បង្កើនចំណូល មានសួរទេថាទូរស័ព្ទថ្មី, ម៉ូតូថ្មី, ឡានថ្មី អាចជួយខ្ញុំបង្កើនចំណូលទេ? បើអត់ទេខំបង់រំលស់ធ្វើអី?

អត្ថបទដោយ៖ កាន់ ដារ៉ា (ស្មេរពនេចរ)

សៀវភៅ «ច្រវាក់ប្រាក់ខែ» (កសាងចំណូលច្រើនប្រភពលើសពីប្រាក់ខែ)  តម្លៃពិសេសត្រឹម ១២$ ប៉ុណ្ណោះ។ កក់តាម  https://t.me/hangchhengH24១

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia