កំពូលខ្សែភាពយន្តហូលីវូដ ១០រឿង ធ្វើឲ្យពិភពលោកស្គាល់កម្ពុជាកាន់តែច្បាស់
Kan DaraJUNE 2 2022661 views

សិល្បៈ គឺជាទម្រង់នៃចង្កោមរូបភាពឆ្លុះបញ្ជាំងពីតថភាពជាក់ស្តែងនៅក្នុងសង្គមមួយទាំងវប្បធម៌ អរិយធម៌ ប្រពៃណី ទំនៀមទំលាប់ ច្បាប់ វិន័យ សាសនា សីលធម៌ សុជីវធម៌ និងរបៀបរបបក្នុងការនៅរបស់ប្រជាជនពីមួយសម័យកាលទៅមួយសម័យកាល។ ក្នុងនោះវាក៏ជាយានមួយដែលធ្វើឲ្យមនុស្សជុំវិញពិភពលោកចម្រុះជាតិសាសន៍ស្គាល់កម្ពុជាកាន់តែច្បាស់ តាមរយៈខ្សែភាពយន្តខ្នាតធំមួយចំនួនដែលបានផលិតនៅលើដែនដីសុវណ្ណភូមិ និងបរិយាយពីកម្ពុជាផងដែរ។

ខាងក្រោមនេះជាកំពូលខ្សែភាពយន្តខ្នាតអន្តរជាតិ ១០រឿង ធ្វើឲ្យពិភពលោកស្គាល់កម្ពុជាកាន់តែច្បាស់៖

/. The killing fields (វាលពិឃាត)

ខ្សែភាពយន្ត The Killing Fields ត្រូវបានផលិតឡើងនៅឆ្នាំ១៩៨៤ ដឹកនាំដោយផលិតករជនជាតិអង់គ្លេសលោក Roland Joffe ដែលរៀបរាប់អំពីអ្នកកាសែតអាមេរិកមានឈ្មោះ Sydney Schanberg និងអ្នកកាសែតខ្មែរ Dith Pran នាសម័យខ្មែរក្រហមនៅកម្ពុជា។ លោក ហាំង ង៉ោ ដែលសម្តែងជាតួអង្គ Dith Pran បានក្លាយទៅជាពលរដ្ឋខ្មែរដំបូងគេបំផុតដែលឈ្នះពានរង្វាន់អូស្ការ «Best Supporting Actor»។

ក្នុងឆ្នាំ១៩៩៩ វិទ្យាស្ថានភាពយន្តអង់គ្លេសបានបោះឆ្នោតរឿង The Killing Fields ឬ វាលពិឃាត ជាខ្សែភាពយន្តអង់គ្លេសដ៏អស្ចារ្យបំផុតទី១០០ ក្នុងសតវត្សរ៍ទី២០។ នៅឆ្នាំ២០១៦ ទស្សនាវដ្តីភាពយន្តចក្រភពអង់គ្លេសក៏បានដាក់រឿងនេះជាប់ចំណាត់ថ្នាក់លេខ៨៦ នៅក្នុងបញ្ជីខ្សែភាពយន្តអង់គ្លេស១០០ ល្អបំផុតរបស់ពួកគេថែមទៀតផង។

២/. First, They killed my father (មុនដំបូងខ្មែរក្រហមសម្លាប់ប៉ារបស់ខ្ញុំ)

First, They killed my father ឬ មុនដំបូងខ្មែរក្រហមសម្លាប់ប៉ារបស់ខ្ញុំ ជាខ្សែភាពយន្តខ្នាតអន្តរជាតិ ផលិតក្នុងឆ្នាំ២០១៧ ដឹកនាំសម្តែងដោយតារាហូលីវូដដ៏ល្បីល្បាញគឺលោកស្រី Angelina Jolie។ រឿងនេះត្រូវបានប្រែសម្រួលចេញពីសៀវភៅដ៏ល្បីល្បាញមួយរបស់លោកស្រី Loung Ung ដែលពិពណ៌នាអំពីជីវិតផ្ទាល់ខ្លួនរបស់លោកស្រីតាមរយៈការចង់ចាំដ៏ឈឺចាប់ក្នុងសម័យខ្មែរក្រហមនៅឆ្នាំ១៩៧៥ ខណៈដែលលោកស្រីមានអាយុ៥ឆ្នាំ ត្រូវបានបង្ខំឲ្យហ្វឹកហាត់ជាទាហានកុមារ ចំណែកឯបងប្អូនស្រីរបស់លោកស្រីត្រូវបានបញ្ជូនទៅជំរុំការងារក្នុងរបបខ្មែរក្រហម។

ខ្សែភាពយន្តនេះបានចាក់បញ្ចាំងនៅមហោស្រពភាពយន្ត Telluride និងមហោស្រពភាពយន្តអន្តរជាតិ Toronto ក្នុងឆ្នាំ២០១៧ ហើយត្រូវបានចាក់ផ្សាយទូទាំងពិភពលោកនៅលើ Netflix នៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ ២០១៧។

/. A River Changes Course (ក្បង់ទឹកទន្លេ)

A River Changes Course គឺជាភាពយន្តឯកសារផលិតក្នុងឆ្នាំ២០១៣ ដោយអ្នកស្រី Kalyanee Mam ផ្តោតទៅលើផលប៉ះពាល់បរិស្ថាន និងជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋកម្ពុជា។  ខ្សែភាពយន្តនេះត្រូវបានចាក់បញ្ចាំងជាលើកដំបូងនៅមហោស្រពភាពយន្ត Sundance កាលពីថ្ងៃទី២១ ខែមករា ឆ្នាំ ២០១៣ និងបានឈ្នះពានរង្វាន់ Grand Jury Prize សម្រាប់ភាពយន្តឯកសារពិភពលោក។ A River Changes Course ក៏បានទទួលពានរង្វាន់ Golden Gate Award សម្រាប់ពានរង្វាន់ឯកសារល្អបំផុតនៅមហោស្រពភាពយន្តអន្តរជាតិសាន់ហ្វ្រាន់ស៊ីស្កូឆ្នាំ២០១៣ ផងដែរ។

៤/. Angkor Awakens: A Portrait of Cambodia 2017 (អង្គរភ្ញាក់ឡើង: ទិដ្ឋភាពនៃប្រទេសកម្ពុជា)

ភាពយន្តនេះត្រូវបានដឹកនាំនិងផលិតដោយលោក Robert H. Lieberman ជាខ្សែភាពយន្តឯកសារនិយាយអំពីដំណើរនៃការវិវត្តន៍របស់កម្ពុជាតាំងពីបុរាណកាលរហូតមកដល់ពេលបច្ចុប្បន្ន។ ខ្សែភាពយន្តនេះនាំអ្នកទស្សនាទៅកាន់ដំណើរប្រវត្តិសាស្រ្ត រួមទាំងស្វែងយល់ពីទិដ្ឋភាពផ្លូវចិត្តដោយលាតសន្ធឹងពីអតីតកាលរហូតដល់បច្ចុប្បន្នដែលពោរពេញទៅដោយភាពតានតឹងខណៈប្រជាជនកម្ពុជាវ័យក្មេងព្យាយាមផ្លាស់ប្តូររើបំរាស់ចេញពីប្រវត្តិសាស្ត្រដ៏ខ្មៅងងឹតក្នុងប្រទេសរបស់ខ្លួន។

/. Lara Croft: Tomb Raider 2001

ជាខ្សែភាពយន្តបែបផ្សងព្រេងដែលផលិតឡើងក្នុងឆ្នាំ២០០១។ ខ្សែភាពយន្តនេះត្រូវបានថតឡើងនៅក្នុងតំបន់ឧទ្យានអង្គរ ជាពិសេសប្រសាទតាព្រហ្ម ដោយផ្អែកលើខ្សែវីដេអូហ្គេម Tomb Raider ដែលសម្តែងដោយលោកស្រី Angelina Jolie ជាតួអង្គ Lara Croft។ Tomb Raider ត្រូវបានចេញផ្សាយនៅថ្ងៃទី១៥ ខែ​មិថុនា ឆ្នាំ២០០១ និងជាខ្សែភាពយន្តដែលរកចំណូលបានខ្ពស់បំផុតនៅថ្ងៃចេញផ្សាយដំបូងរបស់ខ្លួន។

ជាមួយគ្នានេះ ក៏មានខ្សែភាពយន្តហូលីវូដខ្នាតធំ៥រឿងទៀត ក្នុងចំណោមខ្សែភាពយន្តជាច្រើនដែលបានផលិតលើទឹកដីនៃនរគក្រុងកម្ពុជាដូចជារឿង Wish You Were Here (ឆ្នាំ២០១២), Two Brothers (ឆ្នាំ២០០៤), Same Same But Different (ឆ្នាំ២០០៩), Swimming to Cambodia (ឆ្នាំ១៩៨៧), និងរឿង The Missing Picture (២០១៣) ជាដើម។

យ៉ាងណាមិញ ក្រៅពីខ្សែភាពយន្តខាងលើមានរឿងសំខាន់ពីរទៀតដែលធ្វើឲ្យពិភពលោកស្គាល់កម្ពុជាកាន់តែច្បាស់នោះគឺ ប្រជាជនកម្ពុជាត្រូវបានគេស្គាល់ថាជាជាតិសាសន៍ មានទឹកចិត្តល្អ និងរួសរាយរាក់ទាក់ជាងគេឈរលំដាប់លេខរៀងទី១ ទូទាំងពិភពលោកកាលពីឆ្នាំ២០២១កន្លងទៅ។​ មិនតែប៉ុណ្ណោះកាលពីពេលថ្មីៗនេះ ដោយយោងតាមគេហទំព័រស្ថិតិផ្លូវការ​ World population Review បានចុះផ្សាយថាកម្ពុជាបានជាប់ចំណាត់ថ្នាក់លេខរៀងទី​១៥ លើប្រទេសជាង២០០ ដែលប្រជាជនមានភាពឆ្លាតវៃ​ (IQ)៩៩.៧៥​ ផ្អែកលើចំនួនប្រជាជនសរុប ១៧,១៦៨,៦៣៩លាននាក់​​​ ខណៈវ៉ាដាច់ប្រទេសនៅក្នុងអាស៊ាន​ មានថៃ វៀតណាម ដោយក្នុងនោះសិង្ហបុរីនាំមុខគេ៕

អត្ថបទដោយ៖ កាន់ ដារ៉ា (ស្មេរពនេចរ) ម្ចាស់ស្នាដៃសៀវភៅ «ក្រដាស១សន្លឹក»

ទំនាក់ទំនងតាមរយៈ៖ Facebook Page: Kan Dara ឬ Telegram: 0964997366

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia