ក្រុមហ៊ុន YUNYA Hotel Co., Ltd ដែលមានមូលដ្ឋាននៅប្រទេសចិន បានសម្រេចបោះទុនវិនិយោគចំនួន ៦០ ដុល្លារ ដើម្បីធ្វើការសាងសង់សណ្ឋាគារលំដាប់ផ្កាយ ៥ នៅក្នុងក្រុងបាវិត ខេត្ដស្វាយរៀង។ ខណៈនៅពេលបើកដំណើរការសណ្ឋាគារនេះក៏នឹងបង្កើតឱកាសការងារជាច្រើនកន្លែងជូនពលរដ្ឋផងដែរ។
បើតាមការបញ្ជាក់ពីលោក សរ សុដានី អភិបាលរងខេត្តស្វាយរៀង នៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៥ បានឲ្យដឹងថា គម្រោងវិនិយោគសាងសង់សណ្ឋាគារលំដាប់ផ្កាយ៥ នេះ មាន២៨០បន្ទប់ ៧០វីឡា មានភោជនីយដ្ឋាន ស្ទីមសូណា ផ្សារទំនើប នឹងលេចចេញជារូបរាងនាពេលឆាប់ៗខាងមុខនេះនៅលើទឹកដី ភូមិថ្នាញ សង្កាត់បាទី ក្រុងបាវិត ខេត្តស្វាយរៀង។
លោកបន្ដថា នៅថ្ងៃទី១១ ខែមិថុនា ក្រុមការងារអន្តរក្រសួងដឹកនាំដោយ ឯកឧត្តម នុត អ៊ុនវ័ណរ៉ា អគ្គលេខាធិការរងគណ:កម្មាធិការវិនិយោគកម្ពុជា បានចុះពិនិត្យទីតាំងគម្រោងស្នើសុំវិនិយោគ សាងសង់ និងធ្វើអាជីវកម្មសណ្ឋាគារផ្កាយ៥ របស់ក្រុមហ៊ុន YUNYA Hotel Co., Ltd ក្រោមទុនវិនិយោគជាង ៦០លានដុល្លាអាមេរិក ដែលមានលោកSHEN LeiLei មកពីខេត្តជើជាំង សាធារណរដ្ឋប្រជាមានិតចិនជាម្ចាស់ភាគហ៊ុន។ តាមរយៈគម្រោងវិនិយោគនេះអាចបង្កើតឱកាសការងារជូនបងប្អូនប្រជាពលរដ្ឋជាង៥០០កន្លែង នេះជាការរួមចំណែកយ៉ាងធំធេងក្នុងការលើកស្ទួយសេដ្ឋកិច្ចជាតិ និងលើកកម្ពស់កម្រិតជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋយើងផងដែរ។
សូមជម្រាបថា ខេត្ដស្វាយរៀង គឺជាខេត្ដមួយដែលកំពុងមានសក្ដានុពល និងបានកំពុងស្រូបទាញការវិនិយោគជាច្រើនទាំងក្រុមហ៊ុនក្នុងស្រុក និងក្រៅស្រុក។ ជាក់ស្ដែងយោងតាមរបាយការណ៍របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានឲ្យដឹងថា ក្នុងរយៈពេល ៥ ខែដើមឆ្នាំ២០២៥ នេះ ខេត្ដស្វាយរៀងទទួលបានគម្រោងវិនិយោគថ្មីសរុបចំនួន ៦៨ ក្នុងចំណោមគម្រោងវិនិយោគសរុប ២៩០ ដែលកម្ពុជាទទួលបាន៕