សេដ្ឋកិច្ចកាន់តែមិននឹងនរ មនុស្សកាន់តែខ្លាចចំពោះការចំណាយលុយកាក់ អ្នកខ្លះក្បិតក្បៀតគ្រប់ច្រក ប៉ុន្តែនៅតែមិនអាចគេចផុតពីបញ្ហាហិរញ្ញវត្ថុផ្ទាល់ខ្លួន។ អ្នកត្រូវដឹងថាការឈប់ចាយលុយមិនអាចជួយដោះស្រាយបញ្ហាបានឡើយ ការចាយលុយឱ្យត្រូវទៅវិញទេ ទើបអាចជួយជីវភាពអ្នកបាន។
ពាក់ព័ន្ធនឹងរឿងនេះដែរ Business Cambodia សូមលើកយករឿងសំខាន់៣យ៉ាង ដែលអ្នកគួរចំណាយលុយលើ ទើបអាចជួយអ្នកឱ្យចៀសផុតពីបញ្ហាហិរញ្ញវត្ថុបាន៖
១. ចាយលុយរៀនជំនាញរឹង៖ រឿងសំខាន់ទីមួយគឺត្រូវហ៊ានចំណាយលុយរៀនជំនាញណាមួយឱ្យច្បាស់ដូចជា ជំនាញបង្កើតចំណូល ជំនាញកាត់តវីដេអូ ជំនាញលក់ ជំនាញសរសេរ ជំនាញជួសជុល ជំនាញកាត់ដេរ ជំនាញធ្វើនំ ជំនាញចម្អិនម្ហូប ជំនាញគណនេយ្យជាដើម បើបានជំនាញដែលអ្នកមានដុងស្រាប់កាន់តែប្រសើរ។ អ្នកត្រូវដឹងថាមនុស្សគ្រប់រូបសុទ្ធតែមានឱកាសបង្កើតចំណូលដោយខ្លួនឯងបាន នៅពេលដែលមានជំនាញរឹងមួយជាក់លាក់ និងអភិវឌ្ឍន៍ជាប្រចាំឱ្យខ្លាំងពីមួយកម្រិតទៅមួយកម្រិត រហូតដល់អាចបម្លែងជំនាញនោះឱ្យក្លាយជាអាជីពនិងរកប្រាក់ចំណូលបាន។
២. ចាយលុយរៀនជំនាញទន់៖ ក្រៅពីជំនាញបង្កើតចំណូល មនុស្សគ្រប់រូបសុទ្ធតែត្រូវការចំនាញទន់មួយចំនួនដូចជា ជំនាញដោះស្រាយបញ្ហា ជំនាញច្នៃប្រឌិត ជំនាញគ្រប់គ្រងមនុស្ស ជំនាញគ្រប់គ្រងអារម្មណ៍ និងជំនាញចរចាជាដើម ទើបអាចប្រកបកិច្ចការងារអ្វីមួយបានល្អប្រសើរ។ ដូច្នេះហើយ ចូរកុំស្ដាយលុយក្នុងការអភិវឌ្ឍន៍ជំនាញទន់ទាំងនោះ ព្រោះវាសុទ្ធតែសំខាន់សម្រាប់ជួយអ្នកដោះស្រាយបញ្ហាផ្សេងៗ។
៣. ចាយលុយបង្កើតទំនាក់ទំនង៖ មនុស្សដែលពូកែរកស៊ី ពូកែលក់ដូរ ភាគច្រើនសុទ្ធតែជាមនុស្សពូកែទំនាក់ទំនង។ កុំខ្លាចនៅក្នុងការវិនិយោគបង្កើតទំនាក់ទំនងល្អៗ ជាមួយមនុស្សមានគុណភាព មានចំណេះជំនាញច្បាស់លាស់ មានសន្ដានចិត្តចែករំលែក តាមរយៈការចូលរួមសិក្ខាសាលា ឬវគ្គបណ្ដុះបណ្ដាលផ្សេង។ មនុស្សទាំងអស់នោះសុទ្ធតែជាធនធានដ៏សំខាន់ ជាអ្នកគាំទ្រដ៏មានឥទ្ធិពល ដែលអាចជួយអ្នកក្នុងកាលៈទេសៈចាំបាច់ណាមួយ។
សូមជម្រាបផងដែរថា រឿងទាំង៣ខាងលើ គឺជាជំនាញគ្រឹះដ៏សំខាន់ ដែលមនុស្សគ្រប់រូបគួរមាន ព្រោះវាជាទុនដែលអាចជួយឱ្យកិច្ចការផ្សេងរបស់អ្នកសម្រេចបានតាមបំណង៕
អត្ថបទដោយ៖ សូ សុខលី