ថ្មីៗនេះក្រុមឆបោកបានប្រើប្រាស់បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) ដើម្បីបោកប្រាស់តាមប្រព័ន្ធអនឡាញ ដូចជាបោកលុយកាក់និងទិន្នន័យសំខាន់ៗ គឺកាន់តែមានច្រើនតាមប្រព័ន្ធអនឡាញ។
ទាក់ទងនឹងបញ្ហានេះក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍កម្ពុជា បានណែនាំវិធីសាស្រ្តការពារខ្លួននិងឧបាយកលឆបោក ចំនួន២ចំណុចដល់សាធារណជនឱ្យបានជ្រាប ដើម្បីជៀសវាងលង់ចាញ់បោកគេ។
១. ឧបាយកលនៃការឆបោក៖ ឧបាយកលឆបោកមានច្រើនរូបភាពតាមរយៈការក្លែងបន្លំជាសំឡេង រូបភាព ឬវីដេអូរបស់សមាជិកគ្រួសារ មិត្តភក្តិ ឬអ្នកស្គាល់គ្នា។ ដោយគេមានទម្រង់បោក ដូចខាងក្រោម៖
- ការប្រើប្រាស់បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) ដើម្បីបង្កើតជាការសន្ទនាសំឡេង រូបភាព ឬវីដេអូ ដែលសឹងតែដូចទាំងស្រុងនឹងម្ចាស់ដើម មានលក្ខណៈស្វ័យប្រវត្តិ និងពិបាកសម្គាល់ថាពិតឬក្លែងក្លាយ ដែលធ្វើឱ្យអ្នកងាយនឹងចាញ់បោក និងធ្លាក់ចូលក្នុងឧបាយកលរបស់ជនទុច្ចរិត បើសិនមិនបានពិនិត្យ និងផ្ទៀងផ្ទាត់ច្បាស់លាស់។
- ការទាមទារ ស្នើសុំ ឬខ្ចីប្រាក់ ដែលតម្រូវឱ្យអ្នកផ្ទេរប្រាក់តាមប្រព័ន្ធអនឡាញតែម្តង
- ការស្នើសុំឱ្យចែករំលែកទិន្នន័យផ្ទាល់ខ្លួន ដូចជាលេខកូដសម្ងាត់គណនីធនាគារ លេខកូដបណ្តាញទំនាក់ទំនងសង្គម លេខកូដផ្ទៀងផ្ទាត់ ឬព័ត៌មានសំខាន់ផ្សេងៗ។
២. វិធីសាស្រ្តដើម្បីការពារខ្លួនពីការឆបោក៖ ដើម្បីការពារខ្លួនពីការឆបោកខាងលើ រាល់ពេលទទួលបានការហៅទូរសព្ទ សារ សំឡេង រូបភាព ឬវីដេអូ ដែលមានលក្ខណៈគួរឱ្យសង្ស័យ សូមអនុវត្តវិធីសាស្រ្ត ដូចខាងក្រោម៖
- ផ្ទៀងផ្ទាត់អត្តសញ្ញាណរបស់បុគ្គលនោះឱ្យបានច្បាស់លាស់ ដោយពិនិត្យលេខទូរសព្ទ ឬរូបភាពគណនី និងតម្រូវឱ្យបុគ្គលនោះបើកកាមេរ៉ាវីដេអូបង្ហាញមុខភ្លាមៗ
- ពិនិត្យផ្ទៀងផ្ទាត់អាកប្បកិរិយារបស់បុគ្គលនោះថា ដូចប្រក្រតី ឬប្លែកពីអ្នកដែលយើងស្គាល់
- សួរសំណួរផ្ទាល់ខ្លួន ឬសកម្មភាពដែលបានទាក់ទងគ្នាចុងក្រោយដែលគិតថាត្រូវតែដឹង
- បង្កើនការប្រុងប្រយ័ត្នចំពោះការចែករំលែកព័ត៌មាន សំឡេង រូបភាព ឬវីដេអូ របស់អ្នកជាសាធារណៈ ព្រោះវាអាចឱ្យជនខិលខូចយកមាតិកាទាំងនោះទៅក្លែងបន្លំជាអ្នក ដើម្បីប្រព្រឹត្តបទល្មើសផ្សេងៗ
- មិនត្រូវផ្ដល់ទិន្នន័យផ្ទាល់ខ្លួនដូចជា លេខកូដសម្ងាត់គណនីធនាគារ លេខកូដបណ្តាញទំនាក់ទំនងសង្គម លេខកូដផ្ទៀងផ្ទាត់ ឬព័ត៌មានសំខាន់ផ្សេងៗ ទៅជនដែលសង្ស័យ ជាដាច់ខាត។
ដូច្នេះប្រសិនបើលោកអ្នកត្រូវការសុំជំនួយបច្ចេកទេសទាក់ទាញនិងបញ្ហាបច្ចេកវិទ្យាអាចទាក់ទងតាម រយៈអ៊ីមែល incident@camcert.gov.kh ឬទូរសព្ទលេខ 023 722 391 / ០១៦ ៨៥១ ៦៧៨៕