ក្រុមហ៊ុនបច្ចេកវិទ្យាធំ១របស់អាមេរិក Salesforce Inc បានប្រកាសកាត់បុគ្គលិកចោលរហូតដល់ទៅ ១ពាន់នាក់ ដោយសារតែបុគ្គលិកដ៏ច្រើនសន្ធឹកសន្ធាប់នេះ មិនមែនជាក្រុមដែលស្ថិតក្នុងភាពចាំបាច់សម្រាប់ក្រុមហ៊ុននោះទេ។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មាន Yahoo។
តាមប្រភពខាងលើបានឱ្យដឹងថា នាពេលបច្ចុប្បន្ននេះក្រុមហ៊ុនបច្ចេកវិទ្យា Salesforce Inc បានកំពុងតែផលិតបញ្ញាសិប្បនិម្មិត (AI) ថ្មីរបស់ខ្លួន ហើយក្រុមហ៊ុនបានកំពុងតែត្រូវការបុគ្គលិកផ្នែកលក់ជាច្រើននាក់ដើម្បីជួយលក់ផលិតផលថ្មីរបស់ពួកគេ ហើយបុគ្គលិកដែលក្រុមហ៊ុនកាត់រហូតដល់ទៅ ១ពាន់នាក់នេះពួកគាត់ពុំមានតួនាទីចេះលក់នៅក្នុងក្រុមហ៊ុននោះទេដូច្នេះទើបកាត់ចោលតែម្តង។
លោក Brian Millham ដែលជានាយកប្រតិបត្តិក្រុមហ៊ុន Salesforce Inc បាននិយាយថា យើងកំពុងតែផ្តោតទៅលើប្រាក់ចំណេញរបស់ក្រុមហ៊ុនទើបយើងបានសម្រេចចិត្តបង្កើតបញ្ញាសិប្បនិម្មិត (AI) ថ្មីនេះឡើងមក ហើយយើងពិតជាត្រូវការបុគ្គលិកផ្នែកលក់ចាំបាច់ខ្លាំងណាស់ដើម្បីលក់ផលិតផលថ្មីរបស់ពួកយើង។
គួរបញ្ជាក់ថា ក្រុមហ៊ុនបច្ចេកវិទ្យា Salesforce Inc មមានទីស្នាក់ការស្ថិតនៅ San Francisco រដ្ឋ California សហរដ្ឋអាមេរិក ដែលមានបុគ្គលិកសរុបប្រមាណរហូតដល់ទៅ ៧ម៉ឺន៣ពាន់នាក់ផងដែរ៕