ជារឿងធម្មតាទេ នៅពេលដែលយើងចង់ចេញរកស៊ីយើងតែងតែជួបនៅបញ្ហាខ្វះទុនបង្វិលអីជាដើម ជាហេតុធ្វើឱ្យម្ចាស់អាជីវកម្មខ្លះត្រូវការខ្ចីទុនមកពង្រីកមុខរបរបន្ថែម។ ប៉ុន្តែ ការខ្ចីលុយគេមករកស៊ីនេះប្រសិនជាយើងមិនចេះគ្រប់គ្រងមិនចេះចាត់ចែងទេនោះបំណុលនឹងកាន់តែកើន ចំណែករបរក៏កាន់តែជួបហានិភ័យ។ ជាមួយគ្នានោះដែរ ខាងក្រោមនេះជាដំណោះស្រាយ៤ បើម្ចាស់អាជីវកម្មណារកស៊ីយូរៗអស់អីវ៉ាន់ហើយបំណុលក៏កើនអាចសាកល្បងធ្វើបាន៖
១. ពិនិត្យលំហូរសាច់ប្រាក់ឱ្យបានច្បាស់
ក្នុងនាមជាម្ចាស់អាជីវកម្ម ត្រូវពិនិត្យរាល់បញ្ចីចំណូលចំណាយ ដើម្បីឱ្យបានដឹងថា តើលុយចេញទៅច្រកណាខ្លះ តើវាមានហៀរចេញទៅច្រកណាដែលមិនសំខាន់ឬទេ? តើច្រកចេញនៃលុយក្នុងអាជីវកម្មសំខាន់ៗមានដូចជា ចំណាយលើការផលិត (វត្ថុធាតុដើម ឬទិញពីអ្នកផ្គត់ផ្គង់), ចំណាយលើបុគ្គលិក, ចំណាយប្រតិបត្តិការ ឬចំណាយលើការធ្វើទីផ្សារ និងចំណាយថ្លៃទីតាំងអាជីវកម្មជាដើម។
២. រកវិធីកាត់បន្ថយអតិថិជនដែលជំពាក់
ជាធម្មតាការរកស៊ីមិនខ្វះទេភ្ញៀវជំពាក់យើង ហើយក៏មានម្ចាស់អាជីវកម្មជាច្រើនកប់លុយចោលព្រោះតែឱ្យគេជំពាក់ហ្នឹងដែរ។ ដូច្នេះក្នុងដំណាក់កាលនេះ អ្នកត្រូវប្រញាប់ចរចាជាមួយនឹងដៃគូ ដែលកំពុងជំពាក់ ឱ្យគេសងខ្លះ ដើម្បីបានសាច់ប្រាក់មកបង្វិលក្នុងអាជីវកម្ម។ ចំពោះអ្នកយកទំនិញទៅក្រោយៗ សូមកាត់បន្ថយពេលវេលាជំពាក់ ឧទាហរណ៍ថា រាល់ដងឱ្យជំពាក់ ៩០ថ្ងៃ លើកនេះ កាត់មកសល់ត្រឹម៣០ថ្ងៃអីបានហើយ ដើម្បីកាត់បន្ថយការកប់លុយចោលច្រើន។
៣. សរុបបំណុលដែលមាន
រឿងសំខាន់បំផុតដែលមិនគួររំលងទាល់តែសោះនោះគឺត្រូវធ្វើយ៉ាងណាឱ្យយើងអាចស្គាល់ស្ថានភាពរបស់ខ្លួនឯងច្បាស់។ បើដឹងថាខ្លួនមានបំណុល ត្រូវកត់ត្រាបំណុលទាំងអស់នោះចូលក្នុងបញ្ជីឱ្យបានច្បាស់លាស់។ បន្ទាប់មកពិនិត្យមើលថាតើបំណុលណាបន្ទាន់ បំណុលណាមិនបន្ទាន់ និងរកវិធីដោះស្រាយវាតាមចំណាត់ថ្នាក់ ត្រូវដឹងថាគួរបង្កើតលុយពីប្រភពណាដើម្បីអាចដោះបំណុលបាន។ បន្ទាប់ពីសរុបរួចហើយ ឆាប់សម្រុកដោះបំណុលណាដែលមានការប្រាក់ខ្ពស់ជាងគេមុន កុំទុកវាយូរ ព្រោះការប្រាក់កាន់តែទុក កាន់តែកើន។
៤. បង្កើនការលក់
មុននឹងសម្រុកធ្វើទីផ្សារ ត្រូវពិនិត្យមើលសិនតើផលិតផលសព្វថ្ងៃនេះត្រូវនឹងតម្រូវការរបស់សង្គមដែរទេ? តើគួរបង្កើតចំណុចពិសេសអ្វីដើម្បីទាក់ទាញអតិថិជនជាងមុន?
បន្ទាប់មកសឹមចាំចាប់ផ្ដើមធ្វើទីផ្សារ ដើម្បីទាក់ទាញភ្ញៀវ ក្នុងនោះដែរកុំភ្លេចឱ្យសោះក្បួនធ្វើទីផ្សារ ០៛។ ការធ្វើទីផ្សារគឺជាចំណុចសំខាន់ដើម្បីឱ្យអាជីវកម្មអ្នករស់ ប៉ុន្តែក៏មិនមានន័យថាទាល់តែជះលុយច្រើនធ្វើទីផ្សារ ទើបអាចទទួលបានលទ្ធផលល្អនោះទេ។ ដោយលោកអ្នកអាចប្រើប្រាស់ក្បួនធ្វើទីផ្សារ ០៛ ដែលវាអាចជួយកាត់បន្ថយការចំណាយបានច្រើន ដោយគ្រាន់តែប្រើប្រាស់នូវធនធានដែលអ្នកមានឱ្យអស់លទ្ធភាព។ ធនធានមានដូចជាហ្វេសប៊ុកផេកដោយនាពេលបច្ចុប្បន្ននេះប្រភេទវីដេអូ Reels គឺហ្វេសប៊ុករុញជាខ្លាំង និងកម្មវិធី Tik Tok ជាដើមដូច្នេះយើងត្រូវព្យាយាមបង្កើតមាតិកាដូចជារៀនធ្វើវីដេអូ ព្រោះមនុស្សឥឡូវចូលចិត្តមើលវីដេអូ។ វិធីទាំងអស់នោះមិនត្រឹមតែកាត់បន្ថយចំណាយទេ ប៉ុន្តែវាអាចជួយឱ្យម្ចាស់អាជីវកម្មដូចជាអ្នកទទួលបាននូវចំណេះដឹងថ្មីៗថែមទៀតផង៕