ម៉ូតូហោះដំបូងគេរបស់ពិភពលោកត្រូវបានបង្ហាញកាលពីថ្ងៃព្រហស្បតិ៍នៅឯពិព័រណ៍ Detroit Auto Show ដែលមានន័យថា ថ្ងៃណាមួយឆាប់ៗនេះ យើងអាចជិះយានជំនិះដូចដ្រូនជំនួសឱ្យរថយន្តផងដែរ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន EuroNews ។
ចំណុចពិសេសរបស់ម៉ូតូ XTURISMO hoverbike ដែលលិតដោយក្រុមហ៊ុន AERWINS Technologies គឺអាចហោះបានរយៈពេល៤០នាទី និងមានល្បឿនរហូតដល់ ១០០ គីឡូម៉ែត្រក្នុងមួយម៉ោង។ បើតាមលោក Thad Szott ដែលជាសហប្រធាននៃកម្មវិធីបង្ហាញរថយន្តរបស់ Motor City គឺជាអ្នកដំបូងគេដែលធ្វើការជិះសាកល្បងម៉ូតូនេះ។
បន្ទាប់ពីនោះគាត់មានប្រសាសន៍ថា "ខ្ញុំចង់និយាយថា វាពិតជាអស្ចារ្យមែន! ពិតណាស់ ដំបូងវាអាចមានការភ័យព្រួយបន្តិច ប៉ុន្តែ ខ្ញុំក៏មានកម្លាំងខ្លាំងដែរ។ ខ្ញុំមានអារម្មណ៍ស្រៀវស្រើប និងមានអារម្មណ៍ថាកំពុងជិះវាដូចក្មេងតូចអ៊ីចឹង"។ ក្រៅពីនេះ Szott ក៏បានមើលឃើញសក្តានុពលដ៏អស្ចារ្យសម្រាប់ XTURISMO នាពេលអនាគតផងដែរ ពោលគឺលោកគិតថា វានឹងចាប់ផ្តើមជាមួយនឹងការដឹកជញ្ជូនទំនិញ និងសេវាកម្ម។
គួរជម្រាបផងដែរថាម៉ូតូ hoverbike នេះត្រូវបានដាក់លក់រួចហើយនៅក្នុងប្រទេសជប៉ុន ហើយកំណែតូចជាងនេះនឹងមានលក់នៅសហរដ្ឋអាមេរិកក្នុងឆ្នាំ ២០២៣ ក្នុងតម្លៃ $៧៧៧,០០០ដុល្លារ (€775,400)។
បើតាមប្រសាសន៍លោក Shuhei Komatsu ដែលជានាយកប្រតិបត្តិរបស់ក្រុមហ៊ុនបានប្រាប់សារព័ត៌មាន Reuters ថា ក្រុមហ៊ុនសង្ឃឹមថានឹងអាចកាត់បន្ថយការចំណាយរហូតដល់ ៥០,០០០ ដុល្លារ (€49,890) សម្រាប់ម៉ូដែលអគ្គិសនីតូចជាងនេះនៅឆ្នាំ ២០២៥៕