គម្រោងស្ពានដីឥដ្ឋ-ថ្មគរ ដែលតភ្ជាប់ផ្លូវក្រវាត់ក្រុងទី៣ មកកាន់គម្រោងផ្លូវល្បឿនលឿនទី២ ភ្នំពេញ-បាវិត និងតំបន់ភាគខាងកើតរាជធានីភ្នំពេញ បច្ចុប្បន្ននេះបានកំពុងខួងគ្រឹះសម្រាប់ការសាងសង់ហើយ។ នេះបើតាមការឲ្យដឹងពីឯកឧត្ដម ផន រឹម អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ញូននៅថ្ងៃទី៦ ខែមករា ឆ្នាំ២០២៥។
បញ្ជាក់នៅលើទំព័រហ្វេសប៊ុកផ្លូវការ អ្នកនាំពាក្យរូបនេះបានសរសេរថា «អ្វីដែលលោកអ្នកមើលឃើញនេះ គឺជាសំណង់ស្ពានដែកបណ្តោះអាសន្ន(ជំនួសឱ្យការប្រើប្រាស់សាឡង់) ដែលបង្កើតឡើងសម្រាប់ដំណើរការខួងចាក់គ្រឹះសាងសង់ស្ពានដីឥដ្ឋ-ថ្មគរ។ មកទល់ពេលនេះ ការដ្ឋានសាងសង់ស្ពានដីឥដ្ឋ-ថ្មគរ កំពុងដំណើរការយ៉ាងមមាញឹក រួមទាំងការងាររណបមួយចំនួនទៀត ដើម្បីធានាការសាងសង់តាមផែនការដែលបានគ្រោងទុក»។
ឯកឧត្ដមបន្ដថា ស្ពានដីឥដ្ឋ-ថ្មគរ មានទីតាំងស្ថិតក្នុងឃុំដីឥដ្ឋ ស្រុកកៀនស្វាយ និងឃុំថ្មគរ ស្រុកល្វាឯម ខេត្តកណ្តាល គឺជាគម្រោងដ៏សំខាន់ និងមានអត្ថន័យបំផុត សម្រាប់ការតភ្ជាប់, សេដ្ឋកិច្ច, ការដឹកជញ្ជូន និងសង្គម ពីភាគខាងត្បូង និងខាងកើត រាជធានីភ្នំពេញ ដោយភ្ជាប់មហាវិថី ស៊ី ជីនពីង (ក្រវាត់ក្រុងទី៣)ត្រង់ចំណុចផ្លូវជាតលេខ១ និងត្រើយខាងកើតភ្ជាប់ទៅផ្លូវល្បឿនលឿនភ្នំពេញ-បាវិត។
សូមជម្រាបថា ស្ពានដីឥដ្ឋ-ថ្មគរ នេះគឺជាប្រភេទស្ពានបេតុងមានប្រវែង ១ ៦០០ម៉ែត្រ,ទទឹង ២៦ម៉ែត្រ និងផ្លូវតភ្ជាប់ទាំងសងខាងពីក្បាលស្ពានប្រវែង ២ ១០០ ម៉ែត្រ,ទទឹង២៦ម៉ែត្រ ក្រាលAC កម្រាស់១០សង់ទីម៉ែត្រ រួមទាំងការសាងសង់ផ្លូវប្តូរទិសចរាចរណ៍(Interchange)ចំនួន១កន្លែង និងផ្លូវក្រោមស្ពាន(Underpass)ចំនួន ២កន្លែងផងដែរ៕