ការងារដែលអ្នកអាចឆ្លៀតធ្វើការក្រៅម៉ោងដែលមានតម្រូវការបំផុតនៃផ្នែកការងារក្រៅម៉ោងគឺមិនមែនជាការងារសរសេរកូដឬ Graphic Design នោះទេតែការងារនោះគឺជំនាញសរសេរអត្ថបទ( Writing) ហើយAI មិនទាន់ជំនួសបាននៅឡើយ។
បើយោងតាមការស្រាវជ្រាវរបស់វេបសាយ Freelancer.com បានបង្ហាញថា ការសរសេរជាមួយភាពច្នៃប្រឌិត( creative writing) នឹងក្លាយជាជំនាញដែលម្ចាស់អាជីវកម្មនិងក្រុមហ៊ុនត្រូវការបំផុតនៅលើplatform របស់ខ្លួន នេះបើយោងតាមការផ្សព្វផ្សាយពីការរើសការងារចំនួន៣០ម៉ឺនកន្លែងនៅអំឡុងខែមេសាដល់ខែមិថុនាឆ្នាំ២០២៣នេះ។
លោក Matt Barrie នាយកប្រតិបត្តិរបស់ក្រុមហ៊ុន Freelancer.com បានឲ្យដឹងថាទោះបច្ចុប្បន្នក្រុមហ៊ុនមួយចំនួនធំងាយទៅប្រើប្រាស់បច្ចេកវិទ្យា AI ពិតមែនប៉ុន្ដែក្រុមហ៊ុនទាំងនោះនៅតែត្រូវការអ្នកសរសេរជាមនុស្សក្នុងការកែតម្រូវលើសំណេរមួយចំនួនដូចជា manuscript, draft scrip និងការសរសេរគម្រោងផ្សេងៗនៅក្នុងការងារ។
លោកបានឲ្យដឹងទៀតថា” បច្ចេកវិទ្យាAI មិនទាន់អាចជំនួសភាពច្នៃប្រឌិតនៃការសរសេររបស់មនុស្សនៅឡើយ ហើយនៅត្រីមាសទីមួយឆ្នាំនេះសង្កេតឃើញថាជំនាញនៃការសរសេរនេះមានតម្រូវការកាន់តែច្រើនឡើង ហើយក្នុងនោះមានដូចជា copywriting, ghostwriting ជាដើម”។
អ្វីដែលពិសេសនោះការងារជាអ្នកនិពន្ធនិងសរសេរនេះមិនទាមទារសញ្ញាបត្រឡើយ អ្វីដែលសំខាន់នោះគឺបើអ្នកមានសមត្ថភាពគេចាំមើលតែលទ្ធផលប៉ុណ្ណោះដោយមិនគិតពីកម្រិតវប្បធម៌ឡើយ។ មិនតែប៉ុណ្ណោះ ការងារសរសេរនេះទៀតសោតជាការងារដែលអ្នកអាចធ្វើចម្ងាយបានពោលគឺមានតែអ៊ីនធើណេតនិងកុំព្យូរទ័រមួយអ្នកអាចធ្វើទីណាក៏បាន ដោយការងារនេះគឺអ្នកអាចចុះផ្សាយអត្ថបទលើអនឡាញបាន។
ចំពោះជំនាញសរសេរនេះ បើអ្នកមានបទពិសោធន៍កាន់តែច្រើនអ្នកក៏អាចរកចំណូលបានកាន់តែច្រើន។ ជាក់ស្ដែងអ្នកសររសេរនៅលើFreelancer.com អាចទទួលបានចំណូលរហូតដល់ទៅ២៥០ដុល្លារក្នុងមួយម៉ោងហើយសម្រាប់អ្នកដែលធ្វើការពេញម៉ោងអាចរកចំណូលបានដល់ទៅ៤០ម៉ឺនដុល្លារក្នុងមួយឆ្នាំនៅទីផ្សារអន្តរជាតិ។
គួរបញ្ជាក់ផងដែរសម្រាប់បងប្អូនដែលចង់ធ្វើជាអ្នកសរសេរនិងនិពន្ធក្រៅម៉ោងទទួលបានប្រាក់ចំណូលច្រើនដូចដែលបានរៀបរាបខាងលើ ទាមទារបងប្អូនចេះភាសាអង់គ្លេស។ អ្នកអាចស្រាវជ្រាវរកការងារនេះនិងការងារផ្សេងៗបាននៅលើវេបសាយ Freelancer.com និង FlexJobs.។ យ៉ាងណាមិញបងប្អូនមិនទាន់ចេះអង់គ្លេស បងប្អូនអាចធ្វើការងារជាអ្នកសរសេរនេះបានដែរនៅតាមក្រុមហ៊ុនក្នុងស្រុកយើង៕