កាលពីថ្មីៗនេះ រដ្ឋអ៊ីស្រាអែលមានសេចក្តីសោមនស្សរីករាយដោយបានប្រកាសតែងតាំង អ្នកឧកញ៉ា សួរ វីរៈ ដែលជាអគ្គនាយកក្រុមហ៊ុន វិរៈ ប៊ុនថាំ អេចប្រេស (VET) ជាកុងស៊ុលកិត្តិយសនៃប្រទេសអ៊ីស្រាអែលប្រចាំព្រះរាជាណាចក្រកម្ពុជា។
នៅក្នុងកម្មពិធីប្រកាសតែងតាំងជាផ្លូវការនេះបានប្រព្រឹត្តទៅនៅក្នុងសណ្ឋាគារ Hyatt Regency ក្រោមវត្តមានលោកជំទាវ Ora Sagiv ឯកអគ្គរដ្ឋទូតអ៊ីស្រាអែលប្រចាំកម្ពុជា តំណាងក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃកម្ពុជា និងភ្ញៀវកិត្តិយសសំខាន់ៗជាច្រើនទៀត។
ក្នុងនាមជាអគ្គកុងស៊ុលកិត្តិយស អ្នកឧកញ៉ា សួរ វីរៈ បានលើកឡើងពីការផ្ដោតលើកិច្ចពង្រឹងទំនាក់ទំនងទ្វេភាគីរវាងអ៊ីស្រាអែល និងកម្ពុជាលើកកម្ពស់ការយល់ដឹងគ្នាទៅវិញទៅមកនិងស្វែងរកឱកាសសម្រាប់កិច្ចសហប្រតិបត្តិការលើវិស័យពាណិជ្ជកម្ម វប្បធម៌ និងបច្ចេកវិទ្យា។
អ្នកឧកញ៉ា បានមានប្រសាសន៍បន្តថា “ថ្ងៃនេះ ខ្ញុំមានកិត្តិយសឈរនៅចំពោះមុខអ្នកទាំងអស់គ្នាក្នុងនាមជាកុងស៊ុលកិត្តិយសអ៊ីស្រាអែលប្រចាំកម្ពុជាខ្ញុំមានសេចក្តីដឹងគុណយ៉ាងជ្រាលជ្រៅដោយបានទទួលនូវតួនាទីដ៏ពិសេសនេះ និងប្តេជ្ញាទទួលខុសត្រូវខ្ពស់ក្នុងនាមជាកុងស៊ុលកិត្តិយសអ៊ីស្រាអែលប្រចាំកម្ពុជាហើយគោរពគោលបំណងនៃការតែងតាំងនេះដែលបង្ហាញអំពីការប្ដេជ្ញាចិត្តក្នុងការពង្រឹងចំណងមិត្តភាពរវាងប្រជាជាតិទាំងពីរនិងការកសាងអនាគតដោយផ្អែកលើកិច្ចសហការការច្នៃប្រឌិតដើម្បីផលប្រយោជន៍ទៅវិញទៅមករវាងប្រទេសទាំងពីរ”។ អ៊ីស្រាអែល និងកម្ពុជាបាននិងកំពុងចែករំលែកបទពិសោធន៍ដ៏សម្បូរបែបភាពច្នៃប្រឌិតនិងភាពជឿជាក់ក្នុងដំណើរឆ្ពោះទៅវឌ្ឍនភាពទោះបីជាប្រទេសយើងទាំងពីរមានទីតាំងស្ថិតនៅឆ្ងាយពីគ្នាក៏ដោយក៏ប្រជាជាតិយើងទាំងពីរមានគោលបំណងស្របគ្នាជាច្រើនមានជាអាទិ៍ការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយនិរន្តរភាពការពង្រឹងផ្នែកបច្ចេកវិទ្យាវិស័យអប់រំដែលនឹងធានាបាននូវអនាគតដ៏ល្អប្រសើរសម្រាប់ប្រជាជនរបស់យើង ។
អ្នកឧកញ៉ា សួរ វីរៈ បានលើកឡើងបន្ថែមទៀតថា ក្នុងនាមជាកុងស៊ុលកិត្តិយសខ្ញុំមានតួនាទីពង្រឹងទំនាក់ទំនងរវាងប្រជាជាតិទាំងពីរដើម្បីឱ្យកាន់តែមានការចែករំលែកក្នុងវិស័យអប់រំនិងវប្បធម៌ ព្រមទាំងសម្របសម្រួលការវិនិយោគ និងកិច្ចសហប្រតិបត្តិការដែលផ្តល់ផលប្រយោជន៍ដល់ប្រទេសទាំងពីរ។ ក្នុងអំឡុងពេលដែលខ្ញុំទទួលភារកិច្ចនេះខ្ញុំនឹងធ្វើការយ៉ាងជិតស្និទ្ធជាមួយស្ថានទូតអ៊ីស្រាអែលរាជរដ្ឋាភិបាលកម្ពុជានិងសភាពាណិជ្ជកម្មកម្ពុជា-អ៊ីស្រាអែលដើម្បីសម្រេចកិច្ចការដែលបានកំណត់ហើយខ្ញុំនឹងខិតខំបង្កើនឱកាសសហការថ្មីៗបន្ថែមទៀតព្រមទាំងពង្រឹងចំណងមិត្តភាពដើម្បីសម្រេចឱ្យបាននូវគោលបំណងរួមគ្នារបស់ប្រទេសជាតិទាំងពីរ ។ ដោយមើលឃើញពីកិច្ចសហប្រតិបត្តិការលើវិស័យកសិកម្មការគ្រប់គ្រងទឹកនវានុវត្តន៍និងបច្ចេកវិទ្យា ដែលកំពុងតែរីកចម្រើននាពេលបច្ចុប្បន្ននេះខ្ញុំមានសុទិដ្ឋិនិយមថាគ្រប់វិស័យដែលអ៊ីស្រាអែលមានជំនាញនឹងអាចគាំទ្រដល់គោលដៅអភិវឌ្ឍន៍របស់កម្ពុជា ។
យ៉ាងណាមិញ ក្រៅពីតួនាទីខាងលើនេះខ្ញុំនៅមានភារកិច្ចដ៏សំខាន់មួយទៀត គឺពង្រឹងទំនាក់ទំនងរវាងប្រជាជាតិទាំងពីរឱ្យកាន់តែមានភាពជិតស្និទ្ធដែលអនុញ្ញាតឱ្យប្រជាជនខ្មែរនិងអ៊ីស្រាអែលស្វែងយល់ពីគ្នាទៅវិញទៅមកដោយមិនត្រឹមតែជាទំនាក់ទំនងការទូតរវាងប្រទេសនិងប្រទេសតែប៉ុណ្ណោះទេគឺឈានទៅរកការទាក់ទងគ្នាជាលក្ខណៈឯកជន ដែលនឹងបង្កើនផលវិជ្ជមានដល់ប្រជាជននៃប្រទេសទាំងពីរ ។
ជាទីបញ្ចប់ ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាលនៃប្រទេសអ៊ីស្រាអែលដោយមានលោកជំទាវ ឯកអគ្គរដ្ឋទូត Orna_Sagiv ជាតំណាង និងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ដែលបានផ្ដល់ការជឿជាក់និងមានទំនុកចិត្តលើខ្ញុំ។ ខ្ញុំសូមទទួលយកមុខតំណែងនេះហើយខ្ញុំប្តេជ្ញាចិត្តយ៉ាងមុតមាំថានឹងបំពេញភារកិច្ចឱ្យបានល្អបំផុតដើម្បីជាចំណែកចូលរួមកសាងភាពរុងរឿងរួមគ្នាការច្នៃប្រឌិតនិងភាពជាដៃគូយូរអង្វែងរវាងប្រទេសទាំងពីរ ៕