តូចតែខ្លឹម! ទំនេរពីបុគ្គលិក៨ម៉ោង កញ្ញា បុប្ជា ច្នៃជំនាញដែលរៀនពីអនឡាញ ទាញចំណូលរាល់ថ្ងៃ
Ping Chou EngFEBRUARY 19 2025478 views

ធ្វើការឱ្យគេផង ឆ្លៀតរកស៊ីមុខរបរខ្លួនឯងស្រឡាញ់ផង គឺជារឿងមួយដែលត្រូវការភាពអត់ធ្មត់ខ្ពស់។ ប៉ុន្តែបុគ្គលិកធ្វើការពីម៉ោង៨ព្រឹកដល់ម៉ោង៥ល្ងាចម្នាក់នេះបានចាប់ផ្តើមអាជីពដែលខ្លួនស្រឡាញ់ដូចឈ្មោះ​ អាចទាញចំណូលបានស្ទើររាល់ថ្ងៃទោះជាតិចតួចក្តី ប៉ុន្តែរីករាយនិងមិនពឹងប្រាក់ខែទាំងស្រុងនោះទេ ហើយថែមទាំងអាចប្រើប្រាក់ខែ វិនិយោគលើមុខរបរផ្ទាល់ខ្លួនទៀត។

 

កញ្ញា បុប្ជា បច្ចុប្បន្នជាបុគ្គលិកពេញម៉ោង​ផ្នែកគណនេយ្យនិងជាម្ចាស់អាជីវកម្មខ្នាតតូច Ms. B Pressed Flora Journal Art DIY ច្នៃផ្កាស្រស់ឱ្យក្លាយជាវត្ថុអនុស្សាវីរយ៍ជាច្រើនមុខ ទុកបានរាប់ខែឆ្នាំ។ ថ្លែងប្រាប់ក្រុមការងារ Business Cambodia ស្រ្តីវ័យ៤៥ឆ្នាំរូបនេះបានឱ្យដឹងថា មុខរបរច្នៃផ្កាស្រស់ទៅជាវត្ថុទុកបានយូរនេះគឺ ផ្តើមពីការរៀនជំនាញ តាមអនឡាញអស់រយៈពេលជាង១ឆ្នាំ។

 

 

Daily Image S3

 

ដោយកាលណោះកញ្ញាបានចំណាយទុនពីមួយខែទៅមួយខែ លើវគ្គសិក្សាតាមអនឡាញ ព្រមទាំងឯកសារស្រាវជ្រាវ និងសម្ភារៈអនុវត្តផ្សេងៗ អស់សរុបជាង២ពាន់ដុល្លារ ចាប់តាំងពីចុងឆ្នាំ២០២៣មក។

 

រៀនបណ្តើរអនុវត្តបណ្តើរ ថ្ងៃធ្វើការយប់ស្រាវជ្រាវរៀន អស់រយៈពេលជិត១ឆ្នាំ ចូលដល់ពាក់កណ្តាលឆ្នាំ២០២៤ កញ្ញា​ក៏បានដុះគំនិតបើកអាជីវកម្មអនឡាញឡើងនិងអាចរកប្រាក់ចំណូលត្រឡប់មកវិញ ចន្លោះពី១០-២៥ដុល្លារដែរ ក្នុង១ថ្ងៃៗ អាស្រ័យលើចំនួននិងប្រភេទទំនិញដែលភ្ញៀវកម្មង់។  

 

Daily Image S2

 

Daily Image S1

 

ជាការងារប្រើសិល្បៈដែលត្រូវការអត់ធ្មត់ខ្ពស់និងចំណាយពេលយូរក្នុងការធ្វើ កញ្ញា បុប្ជា បានបន្តប្រាប់ដោយសំឡេងឮៗនិងច្បាស់ៗថា៖ ទម្រាំធ្វើបានផ្កាទៅជាវត្ថុអនុស្សាវរីយ៍មួយៗបងត្រូវចំណាយពេលធ្វើទុកលក់ចន្លោះពី១ខែទៅ១ខែកន្លះ តាមប្រភេទវត្ថុនិងផ្កា ហើយយើងត្រូវមានជំនាញបច្ចេកទេសមើលផ្កាទៀត ពិសេសបើជារបស់ភ្ញៀវកម្មង់តាមតម្រូវការគឺត្រូវចំណាយពេលយូរដែរ ហើយមិនមែនធ្វើម្តងត្រូវទេ ជូនកាលធ្វើខុស ខូចសម្ភារៈ ខាតទៀត

 

ទទួលកម្មង់ធ្វើវត្ថុអនុស្សាវរីយ៍ពីផ្កាស្រស់ជាច្រើនប្រភេទ ដូចជាស៊ុមតាំងផ្ទះ គ្រឿងលម្អហាង សៀវភៅសរសេរកំណត់ហេតុ បន្តោងសោនិងសម្ភារៈផ្សេងៗទៀតតាមតម្រូវការ កញ្ញា បុប្ជា បានបញ្ជាក់ថានៅពេលចាប់ផ្តើមចេញលក់ដំបូង ការណ៍ដែលពិបាកជាងគេគឺភ្ញៀវសាញតម្លៃ ពីព្រោះមានអតិថិជនតិចណាស់ដែលអាចយល់ពីតម្លៃសិល្បៈហត្ថកម្ម ខណៈកិច្ចការសិល្បៈច្នៃប្រឌិតបែបនេះនៅបរទេសគឺមានតម្លៃថ្លៃៗ។

 

ទោះជាយ៉ាងនេះក្តី កញ្ញា បុប្ជា យល់ថា​ការងារនេះជាទេពកោសល្យ ចំណូលចិត្តរបស់ខ្លួនទៅហើយ ហេតុនេះការអត់ធ្មត់គឺត្រូវតែមានជានិច្ច មួយវិញទៀតវាបានជួយកែអផ្សុក​ ច្នៃប្រឌិត បង្កើនផលិតភាពការងារ របស់កញ្ញានៅពេលថ្ងៃក្នុងនាមជាគណនេយ្យករ ដែលមានសមត្ថភាពផ្តោតអារម្មណ៍បានខ្ពស់។

 

Daily Images

 

ថ្ងៃធ្វើការយប់គេសម្រាកតែ កញ្ញា បុប្ជា វិញឆ្លៀតរកជំនាញបន្ថែមដាក់ខ្លួនស្របនឹងអ្វីដែលខ្លួនស្រឡាញ់ ដើម្បីទាញចំណូលផងនោះ កិច្ចការនេះមិនបានធ្វើឱ្យកញ្ញាហត់នឿយនោះទេ។

 

កញ្ញាយល់ថាទំនេរពីការងារតាំងពីម៉ោង៥ល្ងាចដល់ម៉ោង១០យប់ បងតែងយកពេលទាំងនោះមកធ្វើផ្កាបងមិនចង់ទំនេរចោលទេ ជួនកាលធ្វើម្នាក់ឯង ជួនកាលមានមិត្តភិក្តិជួយ ដូច្នេះបងអាចបែងចែកពេលវេលាបានដោយមិនសូវលំបាកពេកទេសម្រាប់បង

 

Daily Image S4

 

អស់រយៈពេលជិត១ឆ្នាំហើយដែល កញ្ញា បុប្ជា បានដឹកនាំខ្លួនឯងឱ្យអត់ធ្មត់ធ្វើអាជីវកម្មមួយនេះ និងនៅតែបន្តរៀនសូត្រស្វែងរកគំនិតច្នៃប្រឌិតថ្មីៗជានិច្ច។​ បន្ថែមពីនេះកញ្ញាក៏តែងតែដាក់ស្តង់អាជីវកម្មនៅតាមពិព័រណ៌ព្រឹត្តិការណ៍ផ្សេងៗ ដើម្បីឱ្យភ្ញៀវមានឱកាសអាចច្នៃផ្កា ធ្វើ DIY តាមការចង់បានផងដែរ។

 

ដូច្នេះសម្រាប់បងប្អូនដែលចាប់អារម្មណ៍ចង់កម្មង់ផ្កាស្រស់ទុកបានរាប់ឆ្នាំ ដែលជាសិល្បៈហត្ថកម្មរបស់កញ្ញា បុប្ជា ជូនខ្លួនឯងឬមនុស្សជាទីស្រឡាញ់ អាចតាមដាននិងទាក់ទងទៅកាន់ផេកផ្លូវការដែលមានឈ្មោះថា៖ Ms. B Pressed Flora Journal Art DIY

 

អត្ថបទដោយ៖ ពីង ជូអេង

 

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia