ក្រោយពីការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើទី១២ ត្រូវបានបញ្ចប់ ពេលនេះភូមិកីឡាដែលជាកន្លែងស្នាក់នៅរបស់ប្រតិភូកីឡា និងអត្តពលិក បានដាក់លក់ហើយ ខណៈការដាក់លក់នេះគឺដើម្បីយកមកទូទាត់ចំណាយដែលបានប្រើប្រាស់នៅក្នុងការប្រកួតកីឡាស៊ីហ្គេម និងកីឡាប៉ារ៉ាហ្គេមកន្លងទៅ។ នេះបើយោងតាមប្រសាសន៍របស់ សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២៣។
ថ្លែងនៅក្នុងពិធីបើកការដ្ឋានសាងសង់ ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត និង បើកការដ្ឋានសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គ និងផ្លូវតភ្ជាប់ក្បាលស្ពាន សម្ដេចបានមានប្រសាសន៍យ៉ាងដូច្នេះថា “ ផុតពីហ្នឹងទៅភូមិកីឡា ហ្នឹងត្រូវលក់ហើយ ដើម្បីស្រង់ដើម។ បើថ្ងៃក្រោយទៅប្រកួតម្ដងទៀត នឹងសង់ភូមិកីឡាមួយទៀត”។
សូមជម្រាបផងដែរថា បច្ចុប្បន្នភូមិកីឡា ដាក់លក់ក្នុងតម្លៃ ចាប់ពី ៧ម៉ឺនដុល្លារ ដល់២០ ម៉ឺនដុល្លារ ដោយគិតតម្លៃតាមប្រភេទ ផ្ទះនីមួយ ខណៈប្រភេទខុនដូ មានតម្លៃ ៧ ម៉ឺនដុល្លារ ប្រភេទ 𝐓𝐨𝐰𝐧 𝐇𝐨𝐮𝐬𝐞 មានតម្លៃ ១៨ ម៉ឺនដុល្លារ, Row House ១៦ ម៉ឺនដុល្លារ និងប្រភេទ Semi-D Villaមានតម្លៃ ២០ ម៉ឺនដុល្លារ។
គួររំលឹកឡើងវិញថាភូមិកីឡា មានតម្លៃជាង២០០លានដុល្លារ ត្រូវបានសាងសង់លើផ្ទៃដី ៨ហិកតា ក្នុងនោះរួមមានខុនដូ ១២អគារ សរុបស្មើនឹង ១,៣១៩ យូនីត មានប្រភេទយូនីត ១បន្ទប់គេង ២បន្ទប់គេង និង៣បន្ទប់គេង។ ក្រៅពីខុនដូចំនួន ១២អគារ គម្រោងអភិវឌ្ឍន៍ដ៏ធំនេះ ក៏មានប្រភេទវីឡាទោល ចំនួន៣ វីឡាភ្លោះចំនួន៤៨ វីឡាកូនកាត់៧៩ ផ្ទះអាជីវកម្មខ្នាតតូចចំនួន៤១ និងផ្ទះអាជីវកម្មខ្នាតធំចំនួន៩៤ សរុបទាំងអស់ស្មើនឹង១,៥៨៤យូនីត ដែលសរុបចំនួន៣៧០០គ្រែ។
គម្រោងនេះទទួលសិទ្ធសាងសង់ដោយក្រុមហ៊ុន វើលដ៍ប្រ៊ីដ របស់អ្នកឧកញ៉ា សៀ ឫទ្ធី ដោយការសាងសង់បានចាប់ផ្ដើមកាលពីឆ្នាំ២០២០ និងបញ្ជប់ការសាងសង់ក៏ដូចជាដាក់សម្ពោធដាក់ឱ្យប្រើប្រាស់កាលពីថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៣កន្លងទៅ៕
អត្ថបទដោយ៖ ឌឿក ស្រី នុត