អ្នកបម្រើការលើយន្តហោះ (Cabin Crew) ឬដែលស្គាល់ជាទូទៅថា អូតេស (Air Hostess) សម្រាប់ស្ត្រី ឬ Steward សម្រាប់បុរស គឺជាអាជីពមួយដ៏មានសក្ដានុពល ដែលអាចឲ្យអ្នកធ្វើដំណើរទៅកាន់ប្រទេសជាច្រើន ជួបមនុស្សថ្មីៗ និងទទួលបានបទពិសោធន៍ល្អៗជាច្រើន។ ខាងក្រោមនេះ គឺជាលក្ខណៈសម្បត្តិធំៗទាំង ៤ ដែលគេត្រូវការ៖
១/. អាយុ៖ សម្រាប់បេក្ខភាពដែលចង់ដាក់ពាក្យបម្រើការក្នុងវិស័យនេះមិនអាចមានអាយុច្រើនពេកនោះទេ។ ចំពោះបេក្ខនារី (ស្រី) និងបេក្ខជន (ប្រុស) ចាំបាច់ត្រូវមានអាយុមិនលើសពី ២៦ឆ្នាំ ហើយបេក្ខភាពត្រូវមានសញ្ជាតិជាខ្មែរ។
២/. ទម្ងន់&កម្ពស់៖ បេក្ខជនទាំងពីរភេទត្រូវមានកម្ពស់ស្តង់ដាទៅតាមតម្រូវការរបស់ក្រុមហ៊ុន។ ក្រុមហ៊ុនអាកាសចរណ៍ធំៗភាគច្រើនកំណត់ស្ដង់ដារកម្ពស់ មិនឱ្យទាបជាង១,៥៨ ម៉ែត្រ និងមិនត្រូវខ្ពស់ជាង ១,៨ម៉ែត្រ (គិតទាំងកែងស្បែកជើង) ឡើយ។ ហេតុផលនៃការកំណត់នេះ ដោយសារកម្ពស់១,៥៨ម៉ែត្រឬលើសនេះ នារីអូតេសអាចឈរដាក់កាបូប ឬអីវ៉ាន់លើទូរយន្តហោះបានដោយងាយស្រួល។
រីឯនារីដែលខ្ពស់ជាង១,៨ម៉ែត្រអាចនឹងខ្ពស់ជ្រុលដែលពិបាកសម្រាប់យន្តហោះខ្នាតតូចមួយចំនួនដែលមានពិតានទាបៗ។ ដោយឡែកចំពោះបេក្ខជន (ប្រុស) ត្រូវមានកម្ពស់មិនទាបជាង ១៦៥ សង់ទីម៉ែត្រនិងទំងន់ត្រូវតែសមាមាត្រទៅនឹងកំពស់(អាស្រ័យទៅតាមច្បាប់ក្រុមហ៊ុន)។
៣/. កម្រិតអប់រំ៖ ជាទូទៅ បេក្ខភាពដែលបានដាក់ពាក្យត្រូវមានសញ្ញាបត្រ បរិញ្ញាបត្រ អាចប្រើភាសាអង់គ្លេសបានយ៉ាងល្អ ចេះចាប់ពី ២ ភាសាឡើងទៅ (ពិសេស ភាសាអន្តរជាតិ)។ ក្នុងនោះក៏តម្រូវឲ្យបេក្ខជនទាំងពីរភេទមានសុខភាពល្អ មិនពាក់វ៉ែនតា សម្រាប់អ្នកភ្នែកម្ញ៉ូបអាចពាក់ខនថេកឡេនពណ៌សបាន។
៤/. មានភាពបត់បែន៖ អាចធ្វើការក្នុងម៉ោងយប់ ថ្ងៃចុងសប្ដាហ៍ ថ្ងៃបុណ្យ ជាពិសេសសម្របខ្លួននឹងបរិយាកាសប្លែក ឬមានសម្ភាធខ្លាំង។ លើសពីនេះ បេក្ខជនក៏ត្រូវមានដងខ្លួនស្អាត មិនមានស្នាមសាក់ ស្នាមមុន បូកបញ្ចូលទាំងមានស្នាមញញឹមស្រស់ស្អាត និងរួសរាយរាក់ទាក់ មានទំនាក់ទំនងល្អជាមួយមនុស្សជុំវិញខ្លួន ស្រលាញ់ការងារ មានស្មារតីខ្ពស់ មានបុគ្គលិកលក្ខណៈល្អនិងសក្តិសមធ្វើជាអ្នកបម្រើតាមយន្តហោះ។
យ៉ាងណាមិញ ចំពោះប្រាក់ខែអ្នកបម្រើការលើយន្តហោះអាចទទួលបានចន្លោះពី ៥០០ដុល្លារ ទៅជាង ១០០០ដុល្លារ ក្នុងមួយខែ ឬអាចលើសនេះ និងបូកបន្ថែមអត្ថប្រយោជន៍ជាច្រើនផ្សេងទៀត អាស្រ័យកម្រិតតួនាទី និងបទពិសោធន៍ការងារ៕
អត្ថបទដោយ៖ កាន់ ដារ៉ា (ស្មេរពនេចរ) សៀវភៅ «ច្រវាក់ប្រាក់ខែ» (កសាងក្ដីស្រមៃនៅកន្លែងការងារ ចេះបង្កើតចំណូលច្រើនប្រភព) តម្លៃពិសេសត្រឹម ១២$ ប៉ុណ្ណោះ។ បញ្ជាទិញតាម https://t.me/BusinessCambodiaBook