បញ្ហាសេដ្ឋកិច្ចតានតឹង មនុស្សត្រូវការកម្ចីធនាគារច្រើន ប៉ុន្តែធានាគាររឹតបន្តឹងការផ្ដល់កម្ចី ព្រោះខ្លាចថាផ្ដល់កម្ចីខុស នាំឱ្យមានកំណើនឥណទានខូច។ ហេតុនេះហើយបើសិនជាពេលនេះអ្នកត្រូវការកម្ចីលុយធនាគារយកទៅប្រើប្រាស់នៅក្នុងអាជីវកម្ម ឬបំពេញតម្រូវការផ្ទាល់ខ្លួនក្នុងប្រការណាមួយ អាចនឹងពិបាកស្នើ ឬមានលក្ខខណ្ឌតានតឹងបន្តិច។
ពាក់ព័ន្ធនឹងបញ្ហារសើបនេះដែរ Business Cambodia សូមណែនាំនូវគុណវិបត្តិធំៗទាំង៥ ដែលអាចនាំឱ្យធនាគារពិបាកសម្រេចចិត្តផ្ដល់កម្ចី ឬបដិសេធការស្នើសុំកម្ចីរបស់អ្នក៖
១. ជាប់ឈ្មោះក្នុងបញ្ជីខ្មៅ៖ ជាការបាត់បង់ពិន្ទុឥណទាន ដែលកើតឡើងដោយសារតែអ្នកធ្លាប់សាងប្រវត្តិឥណទានមិនល្អ ដូចជាការបង់យឺតជាងកាលកំណត់ញឹកញាប់ ឬការបោះបង់ចោលលែងសងធនាគារជាដើម។
ប្រសិនបើអ្នកកំពុងស្ថិតនៅក្នុងករណីនេះ សូមចាប់ផ្ដើមពីការកែប្រែប្រវត្តិឥណទានឱ្យត្រឡប់មកជាល្អឡើងវិញ បើធ្លាប់បោះបង់បំណុលចោលអ្នកគួរត្រឡប់ទៅសងវិញ។ មួយវិញទៀតគឺរង់ចាំ រយៈពេលកំណត់យ៉ាងយូរ៣ឆ្នាំ ទម្រាំដល់ពេលកំណត់ដែលប្រវត្តិឥណទានរបស់អ្នកត្រូវបានលុបចេញពី CBC។
២. បញ្ហាការធានា៖ នៅពេលដែលអ្នកស្នើសុំកម្ចីដែលទាមទារការធានា តម្លៃនៃទ្រព្យបញ្ចាំក៏ជាកត្តាកំណត់ថា តើប្រាក់កម្ចីរបស់អ្នកនឹងត្រូវបានអនុម័តឬអត់។ ប្រសិនបើតម្លៃនៃវត្ថុបញ្ចាំមិនស្របតាមស្ដង់ដារដែលគេបានកំណត់ វានឹងក្លាយជាហេតុផលដែលកម្ចីរបស់អ្នកត្រូវបានគេបដិសេធមិនខានឡើយ។
ដូច្នេះហើយ ប្រសិនបើអ្នកចង់ស្នើកម្ចី ត្រូវប្រាកដថាវត្ថុបញ្ចាំរបស់អ្នកត្រូវនឹងលក្ខណៈវិនិច្ឆ័យដែលគេកំណត់។ រៀបចំទ្រព្យសកម្មដែលមានតម្លៃច្រើន ឬស្មើនឹងចំនួនប្រាក់ដែលអ្នកនឹងខ្ចីគេ។
ទន្ទឹមនឹងនោះបញ្ហាអ្នកធានាក៏ជារឿងសំខាន់ ព្រោះថាអ្នកត្រូវប្រាកដថាអ្នកដែលមកធ្វើជាអ្នកធានា មានគុណសម្បត្តិគ្រប់គ្រាន់ សម្រាប់ឱ្យខាងធនាគារគេជឿទុកចិត្តផ្ដល់កម្ចីដល់អ្នក។
៣. ស្នើប្រាក់កម្ចីច្រើនជ្រុល៖ អ្នកអាចខ្ចីលុយតាមតម្រូវការ ប៉ុន្តែត្រូវចាំថា តម្រូវការមិនគួរលើសពីសមត្ថភាពគ្រប់គ្រងរបស់អ្នកទេ។ ប្រសិនបើអ្នកស្នើប្រាក់កម្ចីច្រើនខ្លាំងពេក ធនាគារច្បាស់ជាមិនអាចអនុម័តឡើយ ព្រោះគោលបំណងនៃការផ្ដល់កម្ចីគឺជាការជួយដោះស្រាយបញ្ហាមិនមែនជាការបង្កើតបំណុលលើសលុបនោះទេ។
៤. បំពេញព័ត៌មានមិនត្រឹមត្រូវ៖ ជាទូទៅកើតឡើងនៅពេលដែលមានការខ្វះខាតពេលបំពេញទម្រង់ស្នើសុំកម្ចី ដូចជាសរសេរភ្លេចលេខមួយខ្ទង់ ឬបំពេញព័ត៌មានផ្ទាល់ខ្លួនខុស។ មួយវិញទៀតគឺការក្លែងបន្លំទិន្នន័យ បំពេញព័ត៌មានក្លែងក្លាយជាដើម ករណីក្លែងបន្លំបែបនេះប្រសិនបើក្រុមហ៊ុនហិរញ្ញវត្ថុណាមួយចាប់បាន គេនឹងបញ្ចូលទិន្នន័យនោះទៅក្នុងបញ្ជីខ្មៅ ហើយថ្ងៃខាងមុខនឹងត្រូវគេបដិសេធដោយស្វ័យប្រវត្តិ។
៥. គ្មានផែនការច្បាស់លាស់៖ ក្រៅពីទ្រព្យបញ្ចាំ រឿងដ៏សំខាន់បំផុតដើម្បីឱ្យធនាគារសម្រេចចិត្តផ្ដល់កម្ចីឱ្យអ្នក គឺការដែលមានផែនការច្បាស់លាស់។ ផែនការទី១.គឺផែនការចំណាយ តើអ្នកនឹងយកលុយកម្ចីនោះទៅចំណាយក្នុងគោលដៅអ្វី ចំណាយដោយរបៀបណា? ផែនការទី២. គឺផែនការសងប្រាក់ តើអ្នកនឹងបង្កើតលុយតាមច្រកណា ដើម្បីបានលុយបង់ធនាគារប្រចាំខែ ដោយមិនឱ្យប៉ះពាល់ដល់ស្ថានភាពហិរញ្ញវត្ថុផ្ទាល់ខ្លួន។
អ្នកត្រូវដឹងថា ធនាគារគេមិនដែលចង់បានប្លង់ផ្ទះ ប្លង់ដីដែលអ្នកដាក់បញ្ចាំនោះទេ គេគ្រាន់តែចង់ឱ្យអ្នករកលុយមកសងគេឱ្យបានទៀងទាត់ ទាំងពេលវេលា ប្រាក់ដើមនិងការប្រាក់ជាដើម។ ដូច្នេះហើយបើអ្នកគ្មានប្រភពចំណូលសម្រាប់សងគេទេ ទោះបីមានទ្រព្យបញ្ចាំល្អក៏ដោយក៏គេមិនចង់ឱ្យអ្នកខ្ចីដែរ៕