ធ្លាប់សង្កេតទេ? សញ្ញា៣យ៉ាងនេះ អាចបញ្ជាក់ថា បុគ្គលិកកំពុងចង់ ដាក់ពាក្យលាឈប់ពីការងារ
Ping Chou EngJULY 2 2025768 views

ជូនកាលការលាឈប់ពីការងាររបស់បុគ្គលិក​ មិនមែនជាការគំរាមមេឬទាមទារចំណាប់អារម្មណ៍ទេ។ បើតាមសិក្សាស្រាវជ្រាវបង្ហាញថា កន្លែងការងារជាកន្លែងដែលមនុស្សចំណាយពេលមួយភាគបីនៃជីវិតរបស់ពួកគេ។

ដូច្នេះកន្លែងការងារគួរតែជាទីកន្លែងដែលរីករាយនិងរីកចម្រើនសម្រាប់ អ្នកធ្វើការទាំងអស់ដែលធ្វើការដើម្បីរស់នៅ និងអ្នករស់នៅដើម្បីធ្វើការ មិនមែនជាកន្លែងធ្វើការដែលនរណាៗចង់ដាក់ពាក្យលាឈប់ទេ។ យ៉ាងណាមិញខាងក្រោមនេះសញ្ញា៣យ៉ាងអាចបញ្ជាក់បានថាបុគ្គលិកកំពុងចង់ដាក់ពាក្យលាឈប់ពីការងារ។

. មានអត្តចរិតខុសប្លែក៖ បុគ្គលិកដែលកំពុងចង់លាឈប់ពីការងារច្រើនតែមានអាកប្បកិរិយាខុស​ប្លែកពីមុនបន្តិច។ ក្នុងនោះបុគ្គលិកភាគច្រើនអាចប្រែអត្តចរិតពីវិជ្ជមានទៅជាអវិជ្ជមាន ប៉ុន្តែការផ្លាស់ប្តូរអាកប្បកិរិយារបស់បុគ្គលិកណាម្នាក់អាចមានភាពស្រពិចស្រពិលឬភាពជាក់ស្តែង តាមស្ថានភាពរបស់ពួកគេ។

ឧទាហរណ៍៖ ប្រសិនបើបុគ្គលិកធ្វើការមិនដែលសុំសម្រាកសុខៗ ស្រាប់តែត្អូញត្អែរច្រើនអំពីក្រុមហ៊ុន ឬការងាររបស់ពួកគេ ឬមានភាពអវិជ្ជមានចំពោះមេឬ មិត្តរួមក្រុមរបស់ពួកគេ នេះអាចជាសញ្ញាថាពួកគេហៀបនឹងលាឈប់ហើយ។ ដូច្នេះប្រសិនបើចង់រក្សាបុគ្គលិកនោះ អ្វីដែលថ្នាក់ដឹកនាំគួរធ្វើគឺស្តាប់និងផ្តល់ដំណោះស្រាយវិជ្ជមានដល់ពួកគេតាមស្ថានភាពដែលអាចធ្វើទៅបាន។

. មិនចង់ចូលរួម៖ នៅពេលដែលបុគ្គលិកចង់លាឈប់ពីការងារ ពួកគេអាចនឹងរាថយហើយកាត់បន្ថយការពេលវេលានិងថាមពល នៅក្នុងគម្រោងរយៈពេលវែងនិងសកម្មភាពផ្សេងៗរបស់ក្រុមហ៊ុន។ ខណៈពេលដែលអ្នកផ្សេងទៀតនៅក្នុងក្រុមហ៊ុន កំពុងពិភាក្សានិងធ្វើការយ៉ាងសកម្មអំពីគោលដៅ បុគ្គលិកចង់លាឈប់អាចនៅឆ្ងាយ ស្ងប់ស្ងាត់ និងជៀសវាងការផ្តល់មតិយោបល់ផ្សេងៗ។

ឧទាហរណ៍៖ ដូចជាពួកគេខ្វះចំណាប់អារម្មណ៍លើ ការពិភាក្សាអំពីគោលដៅរបស់ក្រុមហ៊ុន ឬគោលបំណងរបស់ក្រុម សូម្បីតែរឿងសប្បាយៗ ការជប់លៀងបុគ្គលិកឬដំណើរកម្សាន្តប្រចាំឆ្នាំជាដើម។

. មិនខ្វល់ពីបញ្ហាក្រុមហ៊ុន៖ នៅពេលបុគ្គលិកចង់លាឈប់ បញ្ហានៅក្នុងក្រុមហ៊ុនលែងអាចប៉ះពាល់ដល់អារម្មណ៍របស់ពួកគេទៀតហើយ។ ពួកគេមិនសូវខ្វល់អំពីប្រាក់រង្វាន់ធ្លាក់ចុះ លែងខ្វល់ពីការផ្លាស់ប្តូរក្នុងក្រុមហ៊ុន មិនចង់ផ្តល់មតិស្ថាបនាឬឱ្យគំនិតអ្វីថ្មីៗទៅក្រុមនិងថ្នាក់ដឹកនាំទៀតនោះទេ។

ឧទាហរណ៍៖ នៅពេលក្រុមហ៊ុនផ្លាស់ប្តូរផែនការ គោលការណ៍ ឬការសម្រេចចិត្តនានា ពួកគេនឹងមិនរងឥទ្ធិពលឬចេញមុខការពារភាពត្រឹមត្រូវអ្វីនោះទេ កុំឱ្យតែក្រុមហ៊ុនប៉ះពាល់ដល់ការងារនិងផលប្រយោជន៍របស់ពួកគេគឺគ្រប់គ្រាន់ហើយ។

ពិតណាស់សញ្ញាទាំងនេះមានសារៈសំខាន់ណាស់សម្រាប់ថ្នាក់ដឹកនាំ ដើម្បីកត់សម្គាល់និងយល់អំពីបុគ្គលិក។ មិនថាក្រុមហ៊ុនចង់បានបុគ្គលិកនោះបន្តទៀតឬអត់នោះទេ ប៉ុន្តែសញ្ញាទាំងនេះគួរតែត្រូវបានថ្នាក់ដឹកនាំយកមកពិភាក្សានិងជួយគ្នាកែលម្អ។

ផ្នែកមួយនៃការក្លាយជាមេល្អគឺជាការងារធ្ងន់បន្តិច ព្រោះមេល្អជាមេដែលស្គាល់បុគ្គលិកខ្លូនបានច្បាស់ ដឹង​សុខទុក្ខរបស់គេថា​ពេល​ណា​គេ​ពេញចិត្ត ពេល​គេ​តូចចិត្ត ពេល​គេ​ត្រូវ​ការ​ជំនួយ ពេល​គេ​ជួបបញ្ហា​ប្រឈមនិងពេលគេធ្វើបានល្អបំផុត៕

អត្ថបទដោយ៖ ពីង​ ជូអេង

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia