Wingagri ទទួលបានពានរង្វាន់នវានុវត្តន៍ឌីជីថលពីកម្មវិធីពានរង្វាន់ឌីជីថលកម្ពុជា២០២៤
Daneth MechDECEMBER 17 2024

Wingagri ដែលជាថ្នាលឌីជីថលដ៏ទំនើបមួយនៅក្នុងប្រព័ន្ធអេកូឡូស៊ីរបស់ធនាគារ វីង ទទួលបានពានរង្វាន់ជា “ស្ថាប័នឯកជនល្អបំផុតប្រចាំឆ្នាំ” ពីកម្មវិធីពានរង្វាន់ឌីជីថលកម្ពុជា២០២៤។

Wingagri ដែលជាផ្នែកដ៏សំខាន់មួយនៅក្នុងប្រព័ន្ធអេកូឡូស៊ីធនាគារ វីង (ខេម​បូឌា) ម.ក ត្រូវបានទទួលស្គាល់ជា “ស្ថាប័នឯកជនល្អបំផុតប្រចាំឆ្នាំ”  ពីកម្មវិធីពានរង្វាន់ឌីជីថលកម្ពុជា២០២៤។ រៀបចំឡើងដោយក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ កម្មវិធីពានរង្វាន់ឆ្នាំនេះមានគោលបំណងបង្ហាញពីសមិទ្ធផលដ៏គួរឱ្យកត់សម្គាល់ចំពោះការវិវឌ្ឍដ៏ឆាប់រហ័សនៃវិស័យឌីជីថលនៅក្នុងប្រទេសកម្ពុជា។

លោក ម៉ានូ រ៉ាចាន់ អគ្គនាយកក្រុមហ៊ុន វីង បានលើកឡើងថា​៖ “នៅក្នុងប្រទេសកម្ពុជា កសិករជួបផលលំបាកមួយចំនួនដូចជាលទ្ធភាពក្នុងការចូលទីផ្សារ ការទទួលបានហិរញ្ញប្បទានដែលសមស្រប និងដំណោះស្រាយឌីជីថលជាដើម។ ហេតុនេះហើយ Wingagri ត្រូវបានបង្កើតឡើងដើម្បីបង្ហាញពីការប្តេជ្ញាចិត្តរបស់យើងខ្ញុំសំដៅរួមចំណែកដោះស្រាយនូវបញ្ហាប្រឈមទាំងនេះ។ តាមរយៈការច្របាច់បញ្ចូលគ្នានូវបច្ចេកវិទ្យាចុងក្រោយ ដំណោះស្រាយហិរញ្ញវត្ថុ ដែលអនុញ្ញាតឱ្យកសិករចូលទៅក្នុងទីផ្សារបានដោយផ្ទាល់ទៀតនោះ យើងខ្ញុំមិនគ្រាន់តែជួយទៅដល់កសិករប៉ុណ្ណោះទេ ប៉ុន្តែយើងខ្ញុំក៏កំពុងផ្លាស់ប្តូរវិស័យកសិកម្មទៅជាឧស្សាហកម្មមួយដែលជំរុញដោយឌីជីថល ហើយអាចរីកលូតលាស់ប្រកបដោយនិរន្តរភាពថែមទៀតផង។”

Photo 2024 12 17 15 59 28

Wingagri ជាបេក្ខភាពដែលលេចធ្លោជាងគេមួយនៅក្នុងកម្មវិធីពានរង្វាន់ឆ្នាំនេះ ចំពោះការបង្កើតភាពងាយស្រួលសម្រាប់ខ្សែចង្វាក់តម្លៃកសិកម្ម។ ថ្នាលឌីជីថលនេះត្រូវបានបង្កើតឡើងដើម្បីជួយកសិករ សហគមន៍កសិករ និងភាគីពាក់ព័ន្ធដទៃទៀតដោយផ្តល់ឱ្យពួកគេនូវមធ្យោបាយរួមគ្នាក្នុងថ្នាលតែមួយ ដែលផ្តល់នូវភាពងាយស្រួលក្នុងការចូលទីផ្សារ ការទួលបានសេវាហិរញ្ញវត្ថុ និងជួយឱ្យប្រតិបត្តិការអាជីវកម្មកាន់តែមានប្រសិទ្ធភាព។

តាមរយៈការជួយឱ្យប្រតិបត្តិការទូទាត់ដំណើរការទៅដោយរលូន ភាពងាយស្រួលក្នុងការផ្សព្វផ្សាយផលិតផល និងការផ្សារភ្ជាប់រវាងអ្នកលក់ និងអ្នកទិញ Wingagri ជួយភ្ជាប់គម្លាតទាំងនេះបានកាន់តែប្រសើរនៅក្នុងវិស័យកសិកម្ម ដោយជួយឱ្យកសិករទទួលបាននូវឥណទានសមស្រប ការភ្ជាប់បណ្តាញទំនាក់ទំនងនៅក្នុងទីផ្សារ ព្រមទាំងជួយផ្តល់ដំណោះស្រាយវិភាគបែបទំនើបដើម្បីជាជំនួយស្មារតីសម្រាប់ប្រតិបត្តិការអាជីវកម្មក្នុងវិស័យកសិកម្មយ៉ាងមានប្រសិទ្ធភាពផងដែរ។

សមិទ្ធផលរបស់ Wingagri គឺឆ្លុះបញ្ចាំងពីបេសកកម្មដ៏វែងឆ្ងាយរបស់ធនាគារ វីង ដើម្បីជំរុញបរិយាបន្នឌីជីថល និងកំណើនសេដ្ឋកិច្ចនៅទូទាំងប្រទេសកម្ពុជា ជាពិសេសវិស័យកសិកម្មផ្ទាល់តែម្តង ដែលជាសសរស្តម្ភដ៏សំខាន់សម្រាប់សេដ្ឋកិច្ចជាតិ។ ភាពជោគជ័យរបស់ថ្នាលឌីជីថល Wingagri ក៏ជាផ្នែកមួយនៃការៃការបេ្តជ្ញាចិត្តរបស់ធនាគារ វីង ចំពោះការអភិវឌ្ឍប្រកបដោយនិរន្តរភាព ការលើកកម្ពស់ចំណេះដឹងផ្នែកឌីជីថល ក៏ដូចជាលើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុដែលជាកត្តាលីករនៃការរុញច្រានកំណើននាពេលអនាគតរបស់ប្រទេសកម្ពុជា។

Photo 2024 12 17 15 59 16

ពានរង្វាន់ឌីជីថលកម្ពុជា ដែលត្រូវបានរៀបចំឡើងដើម្បីអបអរសាទរខួបលើកទី១០របស់ខ្លួន ហើយពានរង្វាន់នេះ គឺជាពានរង្វាន់ថ្នាក់ជាតិធំជាងគេបំផុតមួយ ដែលទទួលស្គាល់ការខិតខំប្រឹងប្រែងចំពោះបច្ចេកវិទ្យាឌីជីថល និងការច្នៃប្រឌិតដ៏ល្អបំផុតនៅក្នុងប្រទេសកម្ពុជា។

ថ្លែងក្នុងកម្មវិធីប្រគល់ពានរង្វាន់នេះ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍​ និងទូរគមនាគមន៍ បានកោតសរសើរពីតួនាទីរបស់កម្មវិធីពានរង្វាន់ឌីជីថលកម្ពុជាក្នុងការជំរុញបរិវត្តកម្មឌីជីថល និងបន្តនាំមកនូវផលវិជ្ជមានសម្រាប់ការអភិវឌ្ឍនៅកម្ពុជា។

ឯកឧត្តម ជា វ៉ាន់ដេត មានប្រសាសន៍ថា៖ “យើងខ្ញុំពិតជាមានមោទនភាពដែលបានក្លាយជាតួអង្គមួយក្នុងការអភិវឌ្ឍអនាគតឌីជីថលនៅក្នុងប្រទេសកម្ពុជា។ ពានរង្វាន់ឌីជីថលកម្ពុជា ពិតជាបានដើរតួនាទីដ៏សំខាន់មួយក្នុងការទទួលស្គាល់ ក៏ដូចជាជំរុញលើកទឹកចិត្តនវានុវត្តន៍ឌីជីថល ហើយភាពជោគជ័យរបស់ Wingagri គឺបានបង្ហាញយ៉ាងច្បាស់ពីរបៀបដែលបច្ចេកវិទ្យាអាចត្រូវបានប្រើប្រាស់ដើម្បីបង្កើតនូវផលវិជ្ជមាន និងនិរន្តភាពចំពោះវិស័យសំខាន់នានានៅក្នុងប្រទេសកម្ពុជា។

ឯកឧត្តម ជា វ៉ាន់ដេត មានប្រសាសន៍បន្ថែមទៀតថា៖ “ដើម្បីអបសាទរខួបលើកទី១០ក្នុងឆ្នាំនេះ កម្មវិធីពានរង្វាន់ឌីជីថលកម្ពុជា បានដើរតួនាទីដ៏សំខាន់ក្នុងជំរុញបរិវត្តកម្មឌីជីថល    ឆ្ពោះទៅមុខកាន់តែប្រសើរ។ ក្នុងនាមជាកម្មវិធីថា្នក់ជាតិដ៏ធំមួយ ពានរង្វាន់នេះមិនត្រឹមតែផ្តល់កិត្តិយសចំពោះនវានុវត្តជនដែលជាអាជីវកម្មបង្កើតថ្មី សាជីវកម្ម អង្គការមិនមែនរដ្ឋាភិបាល និងគ្រឹះស្ថានឧត្តមសិក្សាប៉ុណ្ណោះទេ ប៉ុន្តែកម្មវិធីនេះក៏ជាតួអង្គដ៏សំខាន់មួយក្នុងការជំរុញនវានុវត្តន៍ ភាពច្នៃប្រឌិត និងការប្រើប្រាស់បច្ចេកវិទ្យាឌីជីថលដើម្បីពន្លឿនបរិវត្តកម្មឌីជីថលនៅក្នុងប្រទេសកម្ពុជាប្រកបដោយបរិយាបន្នផងដែរ។  

ការទទួលបានពានរង្វាន់ឌីជីថលកម្ពុជា២០២៤នេះ Wingagri នៅតែបន្តប្តេជ្ញាចិត្តរបស់ខ្លួនចំពោះភាពនាំមុខគេក្នុងការជំរុញវិស័យកសិកម្មដោយប្រើប្រាស់ដំណោះស្រាយឌីជីថល ហើយធនាគារ វីង នៅតែខិតខំប្រឹងប្រែងក្នុងការផ្តល់សិទ្ធិអំណាចដល់កសិករ និងអាជីវកម្មរបស់កម្ពុជាតាមរយៈដំណោះស្រាយឌីជីថលដែលជំរុញកំណើនសេដ្ឋកិច្ច និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជនឱ្យបានកាន់តែប្រសើរឡើង៕

 

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia