នាពេលបច្ចុប្បន្ននេះ យើងសង្កេតឃើញថាមានជនខិលខូចជាច្រើនតែងតែប្រើប្រាស់ល្បិចបោកថ្មីៗ ដើម្បីឆបោកយើង ដូច្នេះហើយថ្មីៗនេះនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានបង្ហាញពីបោកបន្លំអត្តសញ្ញាណ ឬ "Impersonation Scam" ដែលបងប្អូនត្រូវប្រយ័ត្នឱ្យបានខ្ពស់។
ចំពោះការឆបោកបន្លំអត្តសញ្ញាណ ឬ "Impersonation Scam" គឺជាប្រភេទនៃការវាយប្រហារផ្នែកវិស្វកម្មសង្គម ដែលឧក្រិដ្ឋជនធ្វើក្លែងបន្លំខ្លួនជាបុគ្គលដែលអ្នកស្គាល់ ឬជឿទុកចិត្ត ដូចជាសមាជិកគ្រួសារ មិត្តភ័ក្តិ មន្ត្រីរដ្ឋាភិបាល ភ្នាក់ងារគាំទ្រផ្នែកបច្ចេកវិទ្យា ឬរួមទាំងតំណាងក្រុមហ៊ុន ឬស្ថាប័នហរិញ្ញវត្ថុផងដែរ។
សម្រាប់គោលបំណងរបស់ជនឆបោកគឺ ដើម្បីបញ្ឆោតអ្នកឱ្យចែករំលែកព័ត៌មានផ្ទាល់ខ្លួន ផ្ញើប្រាក់ ផ្តល់សិទ្ធិចូលប្រើគណនីរបស់អ្នក ឬតម្លើងកម្មវិធីដើម្បីគ្រប់គ្រងទូរស័ព្ទរបស់អ្នកពីចំងាយ។ ខាងក្រោមនេះ ជាទម្រង់នៃការឆបោកដែលធ្លាប់កើតឡើងមានដូចខាងក្រោម
១. ការលែងបន្លំជាមន្រ្តីរដ្ឋាភិបាល Government Official Scam
- អ្នកបោកប្រាស់បន្លំខ្លួនមកពីមន្ត្រីរដ្ឋាភិបាល (ឧ. នគរបាល មន្ត្រីរាជការ មន្ត្រីនៃអគ្គិសនីកម្ពុជា)
- ការទាមទារដែលពួកគេត្រូវការជំនួយរបស់អ្នកក្នុងការស៊ើបអង្កេតឬអ្នកកំពុងស្ថិតនៅក្រោមការស៊ើបអង្កេតសម្រាប់បទល្មើស
- អាចចាប់ផ្តើមការហៅជាវីដេអូ នៅពេលស្លៀកពាក់ឯកសណ្ឋានដើម្បី ធ្វើឱ្យអ្នកមានទំនុកចិត្ត
- ណែនាំអ្នកឱ្យផ្ដល់ព័ត៌មានផ្ទាល់ខ្លួនរបស់អ្នក ឬព័ត៌មានគណនីធនាគារក្នុងគោលបំណងផ្ទៀងផ្ទាត់
- ណែនាំអ្នកឱ្យតម្លើងកម្មវិធីលើទូរស័ព្ទ ដើម្បីប្រើប្រាស់សេវាកម្មរបស់ពួកគេ។
២. ការក្លែងបន្លំជាបុគ្គលិកនៃធនាគារ Financial Institution Scam
- អ្នកបោកប្រាស់បន្លំធ្វើជាបុគ្គលិកនៃធនាគារ ឬភ្នាក់ងារផ្ទេរប្រាក់
អះអាងថាអ្នកកំពុងស្ថិតក្រោមការស៊ើបអង្កេតសម្រាប់បទល្មើសដូចជាការសម្អាតលុយកខ្វក់ - ណែនាំអ្នកឱ្យផ្តល់ ព័ត៍ផ្ទាល់ខ្លួន ឬព័ត៌មានធនាគាររបស់អ្នក ដូចជាលេខកូដសម្ងាត់ OTP ដើម្បី បញ្ជាក់ពីអត្តសញ្ញាណរបស់អ្នក។
- ណែនាំចុចលើតំណភ្ជាប់ ឬតម្លើងកម្មវីធីដែលមានប្រភពមិនច្បាស់លាស់។
៣. ការក្លែងបន្លំជាបុគ្គលិក IT Tech Support Scam
- អ្នកបោកប្រាស់បន្លំធ្វើជាបុគ្គលិកនៃក្រុមហ៊ុនផ្ដល់សេវាទូរគមនាគមន៍ ឬអ៊ីនធឺណិត
- អះអាងថាបណ្តាញរបស់អ្នកត្រូវបានគេជ្រៀតចូល
- ណែនាំអ្នកឱ្យទាញយកកម្មវិធីចូលប្រើពីចម្ងាយ ដែលពួកគេប្រើ ដើម្បីលួចព័ត៍មានគណនីធនាគារ
របស់អ្នក។
គួរបញ្ជាក់ថា ប្រសិនអ្នកទទួលការហៅទូរសព្ទពីលេខប្លែក និងមិនបានព្រៀងទុកសូមមានការប្រយ័ត្នឱ្យបានខ្ពស់ ជាពិសេសនោះគឺ៣ករណីខាងលើនេះ បើមានអ្នកបន្លំខ្លួនបែបនេះត្រូវប្រយ័ត្នពេលមានគេសួរពីព័ត៌មានផ្ទាល់ខ្លួនរបស់អ្នកផងដែរ៕