មានលុយសប្បាយចិត្ត! អ្នកជំនាញប្រាប់ផ្លូវធំៗ៣ បង្កើតទ្រព្យបានច្រើន ជួយឱ្យផ្លូវចិត្តមានសុខភាពល្អ
Toeuy HongDECEMBER 17 202417 views

មនុស្សយើងចំណាយកម្លាំងខំប្រឹងរាល់ថ្ងៃដោយគ្មានពេលសម្រាក ព្រោះតែចង់ស្គាល់នូវពាក្យថា ជីវិតមានសេរីភាពហិរញ្ញវត្ថុ លែងរស់នៅក្រោមសម្ពាធលុយកាក់ ព្រមទាំងមានក្ដីសុខពេញទីមិនមានរឿងត្រូវបារម្ភមុខក្រោយ ប៉ុន្តែខំច្រើនឆ្នាំណាស់ហើយនៅឡើយមិនដឹងកោះត្រើយ លទ្ធផលបែរមុខទៅខាងណាសោះ។

 

ការពិតទៅលោកអ្នកពិតជាអាចមានក្ដីសុខបានគ្រប់ពេលវេលា បើទៅបីជាចំណូលតិចឬច្រើនក៏ដោយ ព្រោះថាគ្រប់យ៉ាងវាអាស្រ័យលើការរៀបចំរបស់អ្នកផ្ទាល់។ តាមរយៈការចុះផ្សាយរបស់គេហទំព័រ CNBC សេដ្ឋីដែលបង្កើតទ្រព្យសម្បត្តិដោយខ្លួនឯង លោក​ Ramit Sethi បានចែករំលែកនូវផ្លូវសម្រាប់ដើរក៏ដូចជាច្បាប់លុយធំៗ៣ប្រភេទ ដែលអាចជួយអ្នកឱ្យរស់នៅប្រកបដោយសេចក្ដីសុខទាំងពេលនៅចំណូលតិច ហើយនឹងអាចស្រូបទ្រព្យបានកាន់តែច្រើនថែមទៀតផង។

ច្បាប់ទី១៖ សន្សំ និងដាំគ្រាប់ពូជ

ច្បាប់លុយដំបូងគេនេះ ត្រូវបានលោក Sethi ចាត់ទុកជាច្បាប់សាមញ្ញ ហើយនរណាៗក៏ត្រូវតែប្រកាន់ភ្ជាប់ច្បាប់មួយនេះជាដាច់ខាត។ វាដំណើរការដោយការ ដកលុយមួយចំនួនពីចំណូលដែលអ្នករកបានដាក់ក្នុងកញ្ចប់សន្សំគ្រាប់ពូជ និងមួយផ្នែកទៀតដាក់ក្នុងកញ្ចប់ដាំគ្រាប់ពូជ។

កញ្ចប់សន្សំគ្រាប់ពូជ គួរដកចន្លោះពី១០% ទៅ២០%នៃចំណូលដែលអ្នករកបាន ហើយគ្រាប់ពូជទាំងនោះ ត្រូវរក្សាទុកឱ្យបានគងវង្សកុំដកយកមកហូបផ្ដេសផ្កាសឱ្យសោះ។ អ្នកអាចយកគ្រាប់ពូជសន្សំនោះមកប្រើបាន នៅក្នុងករណីណាដែលចាំបាច់បំផុត ដូចជាបាត់បង់លទ្ធភាពរកចំណូលបន្ទាន់ ឈឺចូលពេទ្យឬមានបញ្ហាបន្ទាន់ភ្លាមៗជាដើម។

កញ្ចប់ដាំគ្រាប់ពូជ ត្រូវដកចំណែកលុយដែលនៅសល់ពីការចំណាយចាំបាច់ប្រចាំខែនិងកញ្ចប់សន្សំ។ លុយដែលសល់នោះ អ្នកអាចយកទៅដាក់ដាំនៅកន្លែងណាមួយ ដែលអាចឱ្យវាដុះចេញជាដើមលុយទុកសម្រាប់ប្រមូលផលនៅថ្ងៃក្រោយ។ ដើមលុយអាចដុះ តាមរយៈការដាក់សន្សំយកការប្រាក់នៅធនាគារ, ការវិនិយោគលើផ្សារហ៊ុន, វិនិយោគលើអាជីវកម្មផ្ទាល់ខ្លួន ឬអាជីវកម្មផ្សេងៗ, សន្សំមាសដុំ ឬអចលនទ្រព្យមានតម្លៃដទៃទៀតជាដើម។

ច្បាប់ទី២៖ ចាយលុយដោយសេរី

ច្បាប់លុយមួយនេះ លោក Sethi ចាត់ទុកថាជាច្បាប់ដែលអាចបត់បែនបាន ព្រោះថាវាប្រែប្រួលទៅតាមជីវិតរស់នៅ និងចំណង់ចំណូលចិត្តរបស់មនុស្សម្នាក់ៗរៀងៗខ្លួន។ ច្បាប់មួយនេះដំណើរការដោយការដកលុយមួយបំណែកទុកសម្រាប់ចំណាយទៅលើ របស់ដែលអាចទាញក្ដីសុខឱ្យអ្នកនៅក្នុងជីវិតប្រចាំថ្ងៃ។

ជាក់ស្ដែងលោក Sethi ក៏មានច្បាប់លុយផ្ទាល់ខ្លួនមួយដែរគឺ ការផ្ដល់អាទិភាពដល់ការចំណាយលើសុខភាព សៀវភៅ និងការជួបមិត្តភក្តិ ព្រោះថារឿងទាំងអស់នោះវាសំខាន់សម្រាប់ជីវិតគាត់ផ្ទាល់ ពេលបានធ្វើគាត់ពិតជាសប្បាយចិត្ត។

ដូច្នេះដើម្បីដំណើរការច្បាប់នេះបាន គឺតម្រូវឱ្យអ្នកស្វែងរកចំណង់ចំណូលចិត្តរបស់ខ្លួនឯងឱ្យឃើញ ដែលអាចជាការអានសៀវភៅ, ការញ៉ាំកាហ្វេ, ឬការហាត់ប្រាណជាដើម។ បន្ទាប់មកដកលុយមួយកញ្ចប់តូចពីចំណូលដែលអ្នករកបានទុកសម្រាប់ចំណាយលើរបស់នោះ ដើម្បីឱ្យប្រាកដថាពេលដែលចង់ទិញឬធ្វើរឿងទាំងនោះ អ្នកមិនចាំបាច់ត្រូវគិតច្រើនឬរាប់លុយម្ដងហើយម្ដងទៀតនោះទេ ពោលគឺអ្នកមានសេរីភាពគ្រប់គ្រាន់តាមរយៈការត្រៀមលុយទុកជាស្រេច។

ច្បាប់ទី៣៖ ស្គាល់ប្រភពសុភមង្គល

ច្បាប់ចុងក្រោយហើយពិសេសបំផុត ត្រូវបានអ្នកជំនាញរូបនេះដាក់ឈ្មោះថា ច្បាប់ពិតនៃជីវិតរស់នៅ។ ច្បាប់មួយនេះតម្រូវឱ្យអ្នក ពិនិត្យមើលជីវិតខ្លួនឯង ហើយសួរថាតើអ្វីទៅជាប្រភពនៃសុភមង្គលដ៏ពិតប្រាកដរបស់អ្នក?

ឧទាហណ៍ថា អ្នកមានកូនតូចមួយដែលកំពុងនៅរៀន ប៉ុន្តែអ្នកគ្មានពេលគ្រប់គ្រាន់សម្រាប់ជូនគាត់ទៅរៀន ក្រោមហេតុផលអ្នករវល់រកលុយសម្រាប់ផ្គត់ផ្គង់គ្រួសារ។ សំណួរសួរថា តើការបានជូនកូនទៅសាលាគឺជាសុភមង្គលរបស់គ្រួសារដែរឬទេ? បើចម្លើយគឺពិតជាសុភមង្គល អ្នកគួរតែប្រឹងរកវិធីដើម្បីបានជូនកូនទៅរៀន។

ក្នុងច្បាប់នេះ លោក​ Sethi លើកទឹកចិត្តឱ្យប្រឹងរកផ្លូវបង្កើនចំណូលដោយចំណាយពេលវេលាតិចជាងមុន។ អ្នកអាចគណនាទៅមើលថាការចំណាយពេលជូនកូនទៅសាលា អាចធ្វើឱ្យអ្នកខាតពេលរកលុយប៉ុន្មាននៅពេលព្រឹក ហើយការដែលទៅយកកូនចេញពីសាលាអ្នកខាតលុយប៉ុន្មានដែរ? បន្ទាប់មកអ្នករកផ្លូវបង្កើនចំណូលឱ្យស្មើឬលើសចំនួនដែលខាតបង់នោះ ហើយចំណាយពេលជាមួយកូនៗដោយលែបារម្ភអ្វីទាំងអស់ នេះហើយជាសុភមង្គលពិត៕

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia