ធនាគារ វីង បានចូលរួមឧបត្ថម្ភសន្និសីទ និងពិព័រណ៍បច្ចេកវិទ្យាអប់រំកម្ពុជាលើកទី១ ដែលរៀបចំឡើងដោយក្រសួងអប់រំ យុវជន និងកីឡា កាលពីថ្មីៗនេះ ក្នុងគោលបំណងពន្លឿនការសិក្សាតាមប្រព័ន្ធឌីជីថលសម្រាប់សិស្សានុសិស្សថ្នាក់វិទ្យាល័យ និងសាកលវិទ្យាល័យនៅទូទាំងប្រទេសកម្ពុជា។
ព្រឹត្តិការណ៍ដ៏សំខាន់នេះមានអ្នកចូលរួមជាង ២០,០០០នាក់ រួមទាំងអ្នកបង្កើតគោលនយោបាយ អ្នកអប់រំ សិស្ស និស្សិត និងអ្នកដឹកនាំក្នុងវិស័យនានា ដោយផ្តោតសំខាន់ទៅលើការជំរុញការផ្លាស់ប្តូរការអប់រំតាមប្រព័ន្ធឌីជីថល នៅក្នុងប្រទេសកម្ពុជា។
ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានគូសបញ្ជាក់ពីសារៈសំខាន់នៃកិច្ចប្រជុំនេះ ដោយសង្កត់ធ្ងន់លើការរួមសហការគ្នារវាងរដ្ឋាភិបាល វិស័យឯកជន និងនវានុវត្តជន បច្ចេកវិទ្យាជាដើម។ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន បានថ្លែងថា៖ “ព្រឹត្តិការណ៍ដ៏សំខាន់នេះបានគូសបញ្ជាក់ពីការខិតខំប្រឹងប្រែងរួមគ្នាដើម្បីបង្ហាញពីភាពជឿនលឿននៃបច្ចេកវិទ្យាអប់រំ និងជំរុញកិច្ចសហប្រតិបត្តិការតាមរយៈកិច្ចសន្ទនា និងការចែករំលែកចំណេះដឹងនានា។ តាមរយៈការលើកកម្ពស់ភាពងាយស្រួយក្នុងការប្រើប្រាស់ និងប្រសិទ្ធភាពនៃការអប់រំតាមប្រព័ន្ធឌីជីថលទូទាំងប្រទេស យើងអាចជួយទៅដល់ធនធានជំនាន់ក្រោយនូវជំនាញចាំបាច់នានាសំដៅជំរុញអនាគតកាលរបស់កម្ពុជាឱ្យលូតលាស់ទៅមុខកាន់តែរឹងមាំ។ យើងខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅទៅដល់ធនាគារ វីង ចំពោះការគាំទ្រដ៏មានតម្លៃសម្រាប់ព្រឹត្តិការណ៍នេះដើម្បីបន្តជំរុញការអប់រំតាមប្រព័ន្ធឌីជីថលនៅក្នុងប្រទេសកម្ពុជាឱ្យកាន់ប្រសើរឡើង។”
ស្របពេលដែលប្រទេសកម្ពុជាឆ្ពោះទៅមុខប្រកបដោយភាពស្វាហាប់ដើម្បីសម្រេចបាននូវចក្ខុវិស័យឆ្នាំ២០៣០ និងឆ្នាំ២០៥០ ប្រធានបទនៃសន្និសីទនេះបានផ្តោតទៅលើ “មាគ៌ាឆ្ពោះទៅកាន់ការអប់រំឌីជីថលកម្ពុជា” ដែលបានក្លាយជាវេទិកាពោរពេញទៅដោយភាពរស់រវើកមួយ ដើម្បីរិះរកនូវមធ្យោបាយក្នុងការដាក់បញ្ចូលឧបករណ៍ឌីជីថលនៅក្នុងថ្នាក់រៀន បង្កើនលទ្ធភាពសិក្សាតាមប្រព័ន្ធអេឡិចត្រូនិក និងធ្វើទំនើបកម្មការអនុវត្តកិច្ចការបង្រៀនជាដើម។ ព្រឹត្តិការណ៍នេះក៏ផ្តល់ឱកាសឱ្យភាគីពាក់ព័ន្ធសំខាន់ៗដើម្បីពិភាក្សាអំពីក្របខណ្ឌគោលនយោបាយនិងមធ្យោបាយវិនិយោគ ដែលនឹងធានាបាននូវនិរន្តរភាពយូរអង្វែងនៃការអប់រំតាមប្រព័ន្ធឌីជីថល។
លោក Dymtro Kolecho អគ្គនាយកធនាគារ វីង បានលើកឡើងពីការលើកកម្ពស់នៃការប្រើប្រាស់បច្ចេកវិទ្យាក្នុងការរៀបចំអនាគតនៃការអប់រំ។ លោក Dymtro Kolecho បានបញ្ជាក់ថា៖ "ការអប់រំ គឺជាការកសាងនូវមូលដ្ឋានគ្រឹះសម្រាប់អនាគតរបស់ប្រទេសជាតិមួយ ហើយការប្រើប្រាស់នូវបច្ចេកវិទ្យាពេញលេញនឹងធ្វើឱ្យសក្តានុពលនៃគ្រឹះនោះកាន់តែរឹងមាំថែមទៀត។ តាមរយៈការគាំទ្រដល់សន្និសីទ និងពិព័រណ៍បច្ចេកវិទ្យាអប់រំកម្ពុជា ធនាគារ វីង ប្តេជ្ញាចិត្តក្នុងការជួយជ្រោមជ្រែងដល់សិស្សានុសិស្ស គ្រូបង្រៀន និងស្ថាប័ននានា ជាមួយនឹងមធ្យោបាយដែលពួកគេត្រូវការ ដើម្បីទទួលបាននូវភាពជោគជ័យក្នុងពិភពឌីជីថល។ ស្របពេលដែលបច្ចេកវិទ្យារីកចម្រើនយ៉ាងឆាប់រហ័ស យើងត្រូវត្រៀមខ្លួនឱ្យបានរួចរាល់ ដែលទាមទារនូវការរៀនសូត្រ និងការសម្របខ្លួនឥតឈប់ឈរ។ សន្និសីទនេះផ្តល់នូវការយល់ដឹងដ៏មានតម្លៃដែលជួយឱ្យអ្នកចូលរួមទទួលបាននូវចំណេះដឹង ដើម្បីស្វែងយល់ពីទិដ្ឋភាពឌីជីថលដែលកំពុងផ្លាស់ប្តូរយ៉ាងឆាប់រហ័ស។
បច្ចុប្បន្ននេះ ប្រមាណជា ២២% នៃសាលារៀននៅក្នុងប្រទេសកម្ពុជាអាចប្រើប្រាស់កុំព្យូទ័រដែលមានមុខងារសម្បូរបែប ហើយ ២៩% នៃប្រជាជនកម្ពុជាមានជំនាញមូលដ្ឋានឌីជីថល។ បើតាមការសិក្សាពីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង នវានុវត្តន៍ក្នុងឆ្នាំ២០២២ ដែលទិន្ន័យនេះបានបង្ហាញពីលទ្ធភាពនៃការលូតលាស់បន្ថែមសម្រាប់ការអប់រំតាមប្រព័ន្ធឌីជីថល។ សន្និសីទនេះបានក្លាយជាកាតាលីករដ៏សំខាន់មួយសម្រាប់ការច្នៃប្រឌិត និងកិច្ចសហការចំាបាច់នានា ដែលជាការត្រួសត្រាយផ្លូវ សំដៅលើកកម្ពស់វិស័យឌីជីថលនាពេលអនាគត។
ការប្ដេជ្ញាចិត្តរបស់ធនាគារ វីង ចំពោះវិស័យអប់រំនៅកម្ពុជា គឺមិនត្រឹមតែផ្តល់ការគាំទ្រដល់សន្និសីទ និងពិព័រណ៍បច្ចេកវិទ្យាអប់រំកម្ពុជាមួយប៉ុណ្ណោះទេ។ ធនាគារ វីង គឺជាដៃគូយូរអង្វែងរបស់ ក្រសួងអប់រំ យុវជន និងកីឡា ដោយបានរួមចំណែកចំពោះគំនិតផ្តួចផ្តើមសំខាន់ៗដូចជា៖ កម្មវិធីយុវជន២១ ចាប់តាំងពីឆ្នាំ ២០២១ ការប្រលងផែនការអាជីវកម្មតាំងពីឆ្នាំ ២០២២ កម្មវិធីនាវាយុវជនអាស៊ីអាគ្នេយ៍កម្ពុជា(SSYEAP) និងវេទិកាអប់រំឌីជីថល ដោយផ្តល់នូវប្រព័ន្ធព័ត៌មានគ្រប់គ្រងសាលារៀន (SIMS) ដែលជាកត្តាគន្លឹះមួយឆ្ពោះទៅរកការធ្វើទំនើបកម្មនៅតាមគ្រឹះស្ថានសិក្សា។
គំនិតផ្តួចផ្តើមទាំងនេះជួយបំពាក់បំប៉នទៅដល់យុវជនកម្ពុជានូវជំនាញ ចំណេះដឹង និងបណ្តាញទំនាក់ទំនងដែលចាំបាច់ ដើម្បីជួយឱ្យពួកគេអាចរីកលូតលាស់នៅក្នុងបរិបទសេដ្ឋកិច្ចឌីជីថល។ កត្តាទំាងនេះក៏បានពង្រឹងការប្តេជ្ញាចិត្តរបស់ធនាគារ វីង ក្នុងការជំរុញការបង្កើតថ្មី ភាពជាអ្នកដឹកនាំ និងចំណេះដឹងផ្នែកឌីជីថលផងដែរ។ តាមរយៈកិច្ចខិតខំប្រឹងប្រែងរួមគ្នារបស់ក្រសួងអប់រំ យុវជន និងកីឡា ធនាគារ វីង និងភាគីពាក់ព័ន្ធផ្សេងៗទៀត ប្រទេសកម្ពុជាកំពុងធ្វើដំណើរនៅលើមាគ៌ាដ៏ភ្លឺស្វាងដើម្បីឆ្ពោះទៅបង្កើតបាននូវប្រព័ន្ធអប់រំប្រកបដោយបរិយាប័ន្ន និងការត្រៀមខ្លួនរួចជាស្រេចសម្រាប់អនាគតកាល៕