មនុស្សភាគច្រើនសុទ្ធតែមានក្ដីស្រមៃចង់បានផ្ទះសមល្មមមួយ សម្រាប់ធ្វើជាទ្រនំរស់នៅជួបជុំគ្រួសារ។ ហេតុនេះហើយទើបមានអ្នកខ្លះសុខចិត្តប្រើប្រាស់សេវាបង់រំលស់ ដើម្បីសម្រេចនូវក្ដីស្រមៃមួយនេះឱ្យបានកាន់តែឆាប់រហ័ស។
ទន្ទឹមនឹងនោះគេក៏ឃើញដែរថា មានមនុស្សជាច្រើនកំពុងរងទុក្ខព្រោះតែការបង់រំលស់ផ្ទះ រហូតមានករណីខ្លះ បង់បានច្រើនឆ្នាំអស់លទ្ធភាព ត្រូវគេយកផ្ទះវិញ ឬខ្លះទៀតបង់យូរខែបានតែការប្រាក់ មិនថយថ្លៃផ្ទះក៏មានដែរ។ ហើយខាងក្រោមនេះជាកំហុសធ្ងន់ទាំង៤ ដែលធ្វើឱ្យអ្នកបង់រំលស់ផ្ទះមួយចំនួនជួបបញ្ហាអស់ទាំងហ្នឹង៖
១. ចូលចិត្តគិតអីងាយៗ៖ មានលុយតិចតែចង់ឆាប់បានផ្ទះនៅ គ្រាន់តែគេនិយាយថាមានលក្ខខណ្ឌងាយបង់ ក៏រត់ទៅបង់ភ្លាម រកឯណាបានកាន់លុយ ២ពាន់ដុល្លារ អាចរស់នៅផ្ទះតម្លៃរាប់ម៉ឺន? ងាយណាស់ត្រូវទេ? ពិតមែនហើយងាយចូលនៅក៏ងាយជាប់អន្ទាក់ដែរ។ ពិនិត្យមើលតារាងបង់ប្រាក់ គេថារំលស់គ្មានការប្រាក់ ប៉ុន្តែជាក់ស្ដែងគេគុណតម្លៃយកចំណេញរួចអស់ហើយ អ៊ីចឹងមានន័យថារំលស់អត់ការប្រាក់តែរំលស់រាប់ឆ្នាំ។
២. មិនសិក្សាពីកម្ចីទិញផ្ទះ៖ មនុស្សមួយចំនួនទិញផ្ទះ មានលុយមិនគ្រប់តែ មិនគិតសិក្សាពីកម្ចីទិញផ្ទះជាមួយនឹងធនាគារទេ។ ផ្ទុយទៅវិញបែរជា រំពឹងចង់បង់រំលស់ជាផ្ទាល់ជាមួយនឹងម្ចាស់ផ្ទះ ទាំងមិនដឹងទេថាវាមានការប្រាក់ខុសគ្នាដាច់ពីប្រព័ន្ធធនាគារ។
តាមពិតទៅក៏មានបុរីមួយចំនួនបានសហការជាមួយនឹងធនាគារដៃគូ ហើយគេសិក្សាពីប្រភពចំណូលយើងច្បាស់លាស់មុននឹងសម្រេចចិត្តឱ្យរំលស់ផ្ទះ ដើម្បីសុវត្ថិភាព។ ប៉ុន្តែមនុស្សមួយចំនួនមិនចូលចិត្តអ្វីស្មុគស្មាញទេ គេប្រុងប្រយ័ត្នថាគេតឹងតែង មិនខ្ចីទិញទេ រត់ទៅរកកន្លែងណាដែលមានលក្ខខណ្ឌងាយៗវិញ ចុងក្រោយមានអីអាសន្នជាន់កតែម្ដង។
៣. មិនប្រមាណខ្លួន៖ មានករណីខ្លះទៀតអត់មានចាញ់បោកអ្នកណាទេ គឺចាញ់បោកខ្លួនឯងតែម្ដង។ ពួកគេសម្រេចចិត្តបង់រំលស់ផ្ទះ ទាំងចំណូលប្រផិតប្រផើយ ព្រោះតែជឿពាក្យមួយឃ្លាថា «បើមិនឆ្លៀតរំលស់ពេលនេះ តើពេលណាបានផ្ទះនៅនឹងគេ?» មែនហើយពាក្យនេះមិនខុសទេ តែក៏មិនត្រូវទាំងស្រុងដែរ។ ឱ្យត្រូវយ៉ាងម៉េចបើគ្រាន់តែបង់រំលស់ផ្ទះភ្លាម បន្ទុកកើនភ្លាម លុយរកមកចាយមិនគ្រប់ ត្រូវខំប្រមូលដើម្បីបង់ប្រចាំខែឱ្យគ្រាន់ ពេលខ្លះមានអាសន្នត្រូវខ្ចីបុលគេមកបង់ឱ្យគេទៀត។ ចុះបើសិនជាករណីរកបាត់បង់ចំណូល ឬចំណូលប្រចាំខែធ្លាក់ចុះ សុខៗកន្លែងការងារគេកាត់ប្រាក់ខែ តើបានលុយមកពីណាសងគេ?
៤. ខ្វះព័ត៌មាន៖ នេះជាបញ្ហាគោលមួយដែលមនុស្សភាគច្រើនប្រឈមខ្លាំង មនុស្សអាចសម្រេចចិត្តខុសព្រោះតែខ្វះព័ត៌មាន។ អ្នកខ្លះទិញផ្ទះ សម្រេចចិត្តបង់រំលស់ ទាំងមិនធ្លាប់ដឹងទេថា នៅធនាគារគេមានទទួលប្រឹក្សាពីការបង់រំលស់ទាំងអស់ហ្នឹង។ ខ្លះទៀតឮតែគេថា មិនបានសិក្សាអ្វីជាក់លាក់សោះ ក៏សម្រេចចិត្តតាមគេ ចុងក្រោយ ចង់មិនចង់ក៏មានបញ្ហា។
សូមជម្រាបផងដែរថា បើទោះបីជាមានហេតុផលជាច្រើនដែលអាចនាំឱ្យកើតមានបញ្ហា ប៉ុន្តែហេតុផលដ៏ធំបំផុតមួយគឺការខ្វះព័ត៌មាន ដូច្នេះហើយមុនពេលអ្នកសម្រេចចិត្តទៅលើរឿងសំខាន់អ្វីមួយ ដូចជាការទិញ ឬរំលស់ផ្ទះ គួរណាតែធ្វើការសិក្សាស្វែងយល់ឱ្យបានច្រើន ប្រមូលព័ត៌មានឱ្យច្បាស់ ទើបមិនសូវមានហានិភ័យខ្លាំង៕