ធនាគារ វីង និងក្រសួងអប់រំយុវជន និងកីឡា អបអរសាទរបេក្ខជនជ័យលាភី ‘សហគ្រិនភាពប៉ិនប្រសប់វ័យក្មេង
Daneth MechNOVEMBER 26 2024

ធនាគារ វីង​ (ខេមបូឌា) ម.ក និងក្រសួងអប់រំយុវជន និងកីឡា បានអបអរសាទរបេក្ខជនសិស្សវិទ្យាល័យចំនួន៣ក្រុម ដែលទទួលបានជ័យលាភីនៅក្នុងកម្មវិធី ប្រកួតប្រជែងផែនការអាជីវកម្ម ដែលជាគំនិតផ្តួចផ្តើមបង្កើតឡើងដើម្បីជំរុញការអភិវឌ្ឍគំនិតបង្កើតថ្មីរបស់យុវជនកម្ពុជា ប្រែក្លាយទៅជាគម្រោងអាជីកម្មពិតប្រាកដមួយដែលផ្តល់ប្រយោជន៍ទៅដល់សហគមន៍។​        

កម្មវិធីប្រកួតប្រជែងផែនការអាជីវកម្ម ដែលជាកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងអប់រំ យុវជន និងកីឡា និងមានការគាំទ្រដោយធនាគារ វីង បានផ្តល់ឱកាសទៅដល់សិស្សវិទ្យាល័យដើម្បីបង្កើតការច្នៃប្រឌិត ក៏ដូចជាគំនិតនៃការធ្វើអាជីវកម្មមួយដ៏ជាក់លាក់ ដែលអាចជួយដោះស្រាយតម្រូវការទីផ្សារ និងបញ្ហាសង្គមបាន។ កត្តានេះនឹងរួមចំណែកការអភិវឌ្ឍសហគមន៍មួយប្រកបដោយចីរភាព និងភាពរុងរឿង។

 

Photo 2024 11 26 13 27 19

 

លោក ហោ ប៊ុនថែ អគ្គនាយករង ធនាគារ​  វីង បានលើកឡើងថា៖ “ការផ្តល់ឱកាសទៅដល់យុវជនឱ្យចាប់ផ្តើមប្រឡូកក្នុងបំណិនសហគ្រិនភាព យើងជួយឱ្យពួកគេអាចបង្ហាញសមត្ថភាពដ៏មានសក្តានុពល ក៏ដូចជាអាចអភិវឌ្ឍសមត្ថភាពជំនាញដ៏មានតម្លៃរបស់ពួកគេទាំងនៅវ័យក្មេង។ លោក ហោ ប៊ុនថែ បានគូសបញ្ជាក់បន្ថែមថា៖ ”ការជួយជ្រោមជ្រែងនេះ គឺប្រៀបបានទៅនឹងការបណ្តុះធនធានអ្នកដឹកនាំអាជីវកម្មសម្រាប់ពេលអនាគត ដោយផ្តល់នូវមធ្យោបាយដែលពួកគេអាចគូសវាសជោគវាសនាដោយខ្លួនឯងផ្ទាល់។”

ប្រធានបទនៃកម្មវិធីប្រកួតឆ្នាំនេះ គឺមានឈ្មោះថា “អាជីវកម្មខ្ញុំ” មានគោលបំណងជួយអភិវឌ្ឍសមត្ថភាពទៅដល់សហគ្រិនខ្មែរជំនាន់ក្រោយ។ តាមរយៈកិច្ចពិភាក្សា និងសិក្ខាសាលាជាហូរហែ បានអនុញ្ញាតឱ្យបេក្ខជនដែលជាសិស្សវិទ្យាល័យទទួលបានជំនាញសំខាន់ៗជាច្រើនដូចជា៖ យុទ្ធសាស្រ្តក្នុងការគិត ជំនាញប្រាស្រ័យទាក់ទង និងកិច្ចសហការនានា។​ មធ្យោបាយនៃការបណ្តុះបណ្តាលដោយផ្ទាល់បែបនេះ មិនត្រឹមតែជួយឱ្យសិស្សានុសិស្សទទួលបាននូវចំណេះដឹងស៊ីជម្រៅពីការធ្វើអាជីវកម្មជាក់ស្តែងប៉ុណ្ណោះទេ តែក៏ជួយជំរុញឱ្យពួកគេបន្តក្តីស្រមៃដើម្បីក្លាយខ្លួនជាសហគ្រិននាពេលអនាគតផងដែរ។

លោក តាំង សុផាណារ័ត្ន ប្រធាននាយកដ្ឋានអភិវឌ្ឍ កម្មវិធីយុវជន នៃក្រសួងអប់រំយុវជន និងកីឡា បានលើកឡើងថា៖ “ការជួយជ្រោមជ្រែងយុវជនឱ្យមានទំនុកចិត្តលើខ្លួនឯង និងជំនាញដែលជំរុញដល់គំនិតច្នៃប្រឌិតនៅក្នុងការរស់នៅ គឺនឹងនាំមកនូវភាពរុងរឿងទៅដល់គ្រប់មជ្ឈដ្ឋានទូទៅ។” លោកសុផាណារ័ត្ន បានបន្តថា៖​ “ការគាំទ្ររបស់ធនាគារ វីង ពិតជាបានរួមចំណែកយ៉ាងសំខាន់ ដែលធ្វើឱ្យឱកាសដ៏មានតម្លៃនេះក្លាយជាការពិត។”

កម្មវិធីប្រកួតផែនការអាជីវកម្ម បានបន្តរីកចម្រើនគួរឱ្យកត់សម្គាល់ពីមួយឆ្នាំទៅមួយឆ្នាំ។ ​នៅក្នុងរដូវកាលទី៤នេះ មានអ្នកដាក់ពាក្យចូលរួមចំនួន ៥៥ក្រុម ឬស្មើនឹងចំនួនសរុប ៣៣០នាក់ ដែលសុទ្ធសឹងជាសិស្សវិទ្យាល័យ​ បានចូលរួមប្រកួតប្រជែងភាពច្នៃប្រឌិត ការធ្វើការងារជាក្រុម និងគម្រោងនៃការធ្វើអាជីវកម្មរបស់ពួកគេជាដើម។ បន្ទាប់ពីការជ្រើសរើសយ៉ាងហ្មត់ចត់ បេក្ខជនចំនួន ៥ក្រុម បានឈានទៅដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ហើយមានតែ ៣ក្រុមប៉ុណ្ណោះទទួលបានជ័យលាភី។

 

Photo 2024 11 26 13 27 20 (2)

Photo 2024 11 26 13 27 33

 

ជ័យលាភីលេខ១ បានទៅលើបេក្ខជនមកពីខេត្តកំពង់ស្ពឺ ដែលផែនការអាជីវកម្មរបស់ពួកគេផ្តោតលើគម្រោងធ្យូងអនាម័យ ដោយកែច្នៃពីកាកសំណល់អំពៅដែលជួយកាត់បន្ថយការប្រើប្រាស់ធ្យូងផលិតចេញដើមឈើ ក៏ដូចជាជំរុញការប្រើប្រាស់ការកែច្នៃឡើងវិញផងដែរ។  ចំណាត់ថ្នាក់លេខ២ បានទៅលើគម្រោងអាជីវកម្មក្រវាញប៉ៃលិន ដែលគំនិតអាជីវកម្មនេះគឺជួយទៅលើការបញ្ជាទិញក្រវ៉ាញពីកសិករ ដោយជួយទៅលើការវេចខ្ចប់ និងការពង្រីកទីផ្សារជាដើម។ ចំណែកជ័យលាភីលេខ៣ បានទៅលើបេក្ខជនមកពីខេត្តសៀមរាប ដែលគម្រោងអាជីវកម្មរបស់ពួកគេគឺការផលិតជីស្រកីដូងធម្មជាតិ ដោយប្រើប្រាស់ស្រកីដូងធ្វើជាជីសរីរាង្គធម្មជាតិ ដែលកាត់បន្ថយការពឹងផ្អែកលើការនាំចូល ហើយបង្កើនទិន្នផលកសិកម្មបានកាន់តែប្រសើរ។

បន្ថែមលើការគាំទ្រកម្មវិធីប្រកួតប្រជែងអាជីវកម្មនេះ ធនាគារ វីង ក៏បានសហការជាមួយក្រសួងអប់រំយុវជន និងកីឡាដូចជាកម្មវិធី “យុវជន​២១” ដែលចាប់ផ្តើមនៅឆ្នាំ២០២១ និងកម្មវិធីប្រកួតប្រជែងផែនការអាជីវកម្មចាប់តាំងពីឆ្នាំ២០២២។ គំនិតផ្តួចផ្តើមទាំងនេះគឺជួយបំពាក់បំប៉នយុវជនវ័យក្មេងដែលមានភាពប៉ិនប្រសប់ ដោយផ្តល់ឱ្យពួកគេនូវជំនាញ ក៏ដូចជាបណ្តាញទំនាក់ទំនងអាជីវកម្ម​នានាឱ្យស្របតាមបរិបថនៃការរីកចម្រើនសេដ្ឋកិច្ចឌីជីថលនៅក្នុងប្រទេសកម្ពុជា។​

លោក ហោ​ ប៊ុនថែ បានគូសបញ្ជាក់បន្ថែមថា៖ “ការពង្រីកខ្លួននៃប្រព័ន្ធអេកូឡូស៊ីអាជីវកម្មបង្កើតថ្មីកាន់តែច្រើនឡើង នឹងបង្កើតបាននូវដំណោះស្រាយថ្មីៗបន្ថែមទៀតដើម្បីដោះស្រាយបញ្ហាប្រឈម និងបង្កើនជម្រើសកាន់តែប្រសើរនៅក្នុងទីផ្សារ​។” លោក ហោ ប៊ុនថែ បានបញ្ជាក់បន្ថែមអំពីការយកចិត្តទុកដាក់របស់ធនាគារ វីង លើការរួមចំណែកកសាងសេដ្ឋកិច្ចជាតិឱ្យបានកាន់តែត្រចះត្រចង់​​ និងប្រកបដោយភាពធន់ ដែលស្របតាមចក្ខុវិស័យអនាគតរបស់ធនាគារ វីង ផងដែរ។

តាមរយៈកម្មវិធីប្រកួតប្រជែង​នេះ ធនាគារ វីង និងក្រសួងអប់រំយុវជន និងកីឡា កំពុងវិនិយោគលើធនធាននវានុវត្តន៍វ័យក្មេងនៅកម្ពុជាកាន់តែច្រើនឡើង ដោយបង្កើតបាននូវមូលដ្ឋានគ្រឹះដ៏រឹងមាំ និងបរិយាបន្នសេដ្ឋកិច្ច ដែលដឹកនាំដោយធនធានបន្តវេនទាំងនេះនាពេលអនាគត។

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia