កញ្ញា Kesi Irvin បានលាឈប់ពីការងារជាអ្នកវិភាគហិរញ្ញាវត្ថុ ពេញម៉ោងនៅ Wall Street មានប្រាក់ខែខ្ពស់ ដើម្បីចំណាយពេលហោះហើរជុំវិញពិភពលោកនឹងអាចទាញចំណូលពីការដើរកម្សាន្តបានទៀតផង ខណៈនារីវ័យ៣៣ឆ្នាំរូបនេះតែងសន្សំប្រាក់ប្រហែល១ពាន់ដុល្លារក្នុងមួយខែ ដោយមានបំណងឈប់សម្រាកពីការងារមួយឆ្នាំ មុននឹងមានគម្រោងលាឈប់។
ជាស្រ្តីជនជាតិអាមេរិកស្បែកខ្មៅមួយរូប នាងបានបញ្ចប់ការសិក្សាពីសាកលវិទ្យាល័យ Pennsylvania និងបានទៅធ្វើការពេញម៉ោងនៅទីក្រុង New York តាមក្តីបំណងរបស់ខ្លួន។ តាមរយៈអត្ថប្រយោជន៍ការងារដែលក្រុមហ៊ុនផ្តល់ឱ្យ គឺនាងតែងប្រើពេលវេលាវិស្សមកាលដែលមានកំណត់ ចំនួន២សប្តាហ៍របស់នាង ដើម្បីធ្វើដំណើរកម្សាន្តទៅបរទេស។
ថ្លែងប្រាប់ CNBC Make it , Kesi Irvin បានឱ្យដឹងថានៅក្នុងឆ្នាំ២០១៥នាងបានដាក់ពាក្យលាឈប់ពីការងារជាផ្លូវការ បន្ទាប់ពីនាងដឹងថាខ្លួនចូលចិត្តការធ្វើដំណើរនិងត្រូវការតុល្យភាពជីវិតនិងការងារច្រើន។
ប៉ុន្តែនាងមិនមែនចេះតែលាឈប់ភ្លាមៗតាមការនឹកឃើញនោះទេ ព្រោះកាលពីអំឡុងពេលធ្វើការនាងតែងសន្សំប្រាក់១ពាន់ដុល្លារក្នុងមួយខែ អស់រយៈ២ឆ្នាំ ដើម្បីមានលុយឈប់សម្រាកពីការងារ១ឆ្នាំ។ លើសពីមានតួនាទីជាបុគ្គលិក៩-៥ ជាជំនាញអ្នកវិភាគហិរញ្ញវត្ថុនៅក្រុមហ៊ុនលំដាប់កំពូលដូចជា Wall Street ក៏ពិតមែន ប៉ុន្តែកញ្ញារូបស្រស់ម្នាក់នេះតែងតែរៀនជំនាញបន្ថែមរឿយៗ។
ក្នុងនោះនាងតែងដកលុយ៥០០ដុល្លារចាយទៅលើការរៀនសរសេរប្លុកទេសចរណ៍ ធ្វើឱ្យនាងអាចរកលុយវិញបានតាមមធ្យោបាយនេះនៅពេលនាងឈប់ពីការងារ ពោលគឺធ្វើជាអ្នកផ្សព្វផ្សាយផលិតផលឱ្យក្រុមហ៊ុនទេសចរណ៍ឬរបស់របរផ្សេងទៀត នៅលើវេទិការបស់នាង ដែលមានអ្នកចូលចិត្តមើល តាមដានដំណើរកម្សាន្ត និងអានការសរសេររបស់នាងច្រើន ខណៈនាងនឹងអាចទទួលបានប្រាក់ចន្លោះពី ៣០០ ទៅ ២,០០០ ដុល្លារក្នុងមួយកិច្ចសហការផ្សព្វផ្សាយ។
នាពេលបច្ចុប្បន្ននេះកញ្ញា Irvin កំពុងរស់នៅក្នុងទីក្រុង Rennes ប្រទេសបារាំង ជាអ្នកសរសេរប្លុកធ្វើដំណើរពេញម៉ោងម្នាក់។ ក្នុងនោះប្លុកទេសចរណ៍របស់នាងមានឈ្មោះថា "Kesi To and Fro" ដែលមានអ្នកតាមដានជិត ១៥,០០០ នាក់នៅលើ Instagram និងជាប្រភពចំណូលដ៏សំខាន់សម្រាប់នាង។
យ៉ាងណាមិញក្នុងនាមជានារីនៅលីវម្នាក់ Kesi Irvin នាងបានលើកឡើងយ៉ាងដូច្នេះថា៖ “ខ្ញុំដឹងថាខ្ញុំនឹងសោកស្តាយប្រសិនបើខ្ញុំមិនបានធ្វើវា ពេលខ្ញុំនៅក្មេងនៅលីវ គ្មានកូន ដូចឥឡូវនេះ ដែលធ្វើឱ្យខ្ញុំងាយស្រួលក្នុងការសម្រេចក្តីស្រមៃ តាមចំណូលចិត្តជាអ្នកដើរហើរច្រើន”៕
អត្ថបទដោយ៖ ពីង ជូអេង