យោងតាមការចុះផ្សាយរបស់អង្គការសុខភាពពិភពលោក (WHO) នៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៥ បានបង្ហាញថា កម្ពុជាបានសម្រេចអនុក្រឹត្យច្បាប់បន្ថែម លើការផលិតបារីអេឡិចត្រូនិចទៅក្នុងបញ្ជីវិនិយោគអវិជ្ជមានរបស់កម្ពុជា ដែលនេះការសបញ្ជាក់ឱ្យឃើញថា កម្ពុជាបោះជំហានយ៉ាងក្លាហានឆ្ពោះទៅអនាគតគ្មានថ្នាំជក់ និងគ្មានជាតិនីកូទីន។
ក្នុងអនុក្រឹត្យចុះថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២៥ ចុះហត្ថលេខាដោយ សម្តេចមហាបរវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ស្តីពីការកែសម្រួលឧបសម្ព័ន្ធទី១ (បញ្ជីអវិជ្ជមាន) នៃអនុក្រឹត្យស្តីពីការអនុវត្តច្បាប់ស្តីពីវិនិយោគនៃព្រះរាជាណាចក្រកម្ពុជា រាជរដ្ឋាភិបាលសម្រេច ធ្វើលក្ខណៈវិនិឆ្ឆ័យខ្ពស់លើសកម្មភាពវិនិយោគ ក្នុងវិស័យឧស្សាហកម្ម មានកម្មន្តសាល និង/ឬ ការផ្តុំ ឬដំឡើងបរិក្ខារអេឡិចត្រូនិក ឬផលិតផលអុបទិក ឬ កម្មន្តសាល និង/ឬ ការផ្តុំ ឬដំឡើងបារីអេឡិចត្រូនិក និងឧបករណ៍ជក់អេឡិចត្រូនិកប្រហាក់ប្រហែល គ្រប់ប្រភេទ។
បន្ថែមពីនេះអង្គការសុខភាពពិភពលោកបានចូលរួមអបអរសាទរចំពោះការដឹកនាំរបស់ថ្នាក់ដឹកនាំប្រទេសកម្ពុជា លើចំណាត់ការដ៏ក្លាហាន និងប្រកបដោយចក្ខុវិស័យនេះ ដែលផ្តល់អាទិភាពដល់សុខភាពសាធារណៈ។ ខណៈតាមទិន្នន័យពីប្រភពដដែលបានបញ្ជាក់ថាជារៀងរាល់ឆ្នាំ ការប្រើប្រាស់ថ្នាំជក់បានទាមទារជីវិតមនុស្សប្រហែល ១៥០០០ នាក់នៅក្នុង #ប្រទេសកម្ពុជា ហើយធ្វើឱ្យ ខាតបង់ទឹកប្រាក់ប្រមាណ ៦៦៣ លានដុល្លារអាមេរិក៕