បច្ចុប្បន្នយើងឃើញថាអាជីវកម្មខ្នាតតូចជាច្រើនបាននឹងកំពុងកើតឡើងជាបន្តបន្ទាប់ដោយមានភាពសម្បូរបែបគួរឲ្យកត់សម្គាល់ ប៉ុន្តែក៏មានការប្រកួតប្រជែងខ្លាំងណាស់ដែរ។ ដោយមើលឃើញពីបញ្ហានេះ ក្នុងបទសម្ភាសន៍ជាមួយ Business Cambodia អ្នកនាង រ័ត្ន ស្រីនាង ដែលជាម្ចាស់ហាង Café Auto បានចែករំលែកនូវធាតុផ្សំធំៗ ៥យ៉ាង ដែលសហគ្រិនថ្មីថ្មោងត្រូវធ្វើការស្វែងយល់ឲ្យខ្លាំង បើចង់ឈរជើងបានយូរ៖
១/. ហិរញ្ញវត្ថុ
ដើម្បីអាចឈរជើងអាជីវកម្មបានយូរ កត្តាហិរញ្ញវត្ថុគឺជារឿងសំខាន់ដែលសហគ្រិនត្រូវធ្វើការគិតគូរឲ្យបានម្មត់ចត់ ព្រោះអាជីវកម្មទើបចាប់ផ្តើមថ្មីថ្មោងអត្រាដែលទទួលបានផលចំណេញគឺមានកម្រិតទាបណាស់ ហើយអាចនឹងប្រឈមមុខជាមួយការខាតបង់ក្នុងរយៈពេលចន្លោះពី ៦ខែទៅ មួយឆ្នាំ ឬអាចច្រើនជាងនេះទៀតក៏ថាបាន។
ជាមួយគ្នានេះដែរ អ្នកនាងបានលើកឡើងថា ការគ្រប់គ្រងចំណូល ចំណាយ និងចរន្តលំហូរសាច់ប្រាក់របស់អាជីវកម្មគឺជារឿងអទិភាពដែលសហគ្រិនត្រូវផ្តោតការយកចិត្តទុកដាក់។ ពេលខ្លះអាជីវកម្មកំពុងទទួលបានការគាំទ្រ និងរីកចម្រើនខ្លាំង ប៉ុន្តែបើការគ្រប់គ្រងចរន្តលំហូរសាច់ប្រាក់មិនបានល្អអាជីវកម្មក៏អាចប្រឈមជាមួយការដួលរំលំដូចគ្នា។
២/. សម្ភារៈ
ជាទូទៅការចាប់ផ្តើមអាជីវកម្មមួយឲ្យចេញជារូបរាង រឿងសំខាន់ដំបូងដែលសហគ្រិនថ្មីថ្មោងត្រូវគិតពិចារណានោះគឺសម្ភារៈសម្រាប់ដំណើរការអាជីវកម្ម។ សហគ្រិនមិនត្រឹមតែមិនអាចមើលរំលងពីចំណុចនេះនោះទេ ថែមទាំងត្រូវធ្វើការសិក្សាឲ្យបានលម្អិតថែមទៀតផង។
ម្ចាស់ហាង Café Auto បានឲ្យដឹងថា អ្នកត្រូវជ្រើសរើសសម្ភារៈណាដែលសមស្របទៅនឹងទំហំនៃអាជីវកម្មរួមទាំងកម្រិតនៃអថិតិជនគោលដៅរបស់អ្នក។ ការប្រើប្រាស់ឧបករណ៍ ឬសម្ភារៈក្នុងដំណើរការអាជីវកម្មគឺជាផ្នែកមួយដែលជះឥទ្ធិពលដល់ដើមទុនរបស់អ្នក រួមទាំងភាពរីកចម្រើនរបស់អាជីវកម្មផងដែរ។
៣/. ទីតាំង
ប្រសិនបើអ្នកមានផលិតផលល្អ ប៉ុន្តែទីតាំងដែលអ្នកជ្រើសរើសដើម្បីលក់ផលិតផលនោះមិនបានល្អ ឬមិនត្រូវតំបន់អតិថិជនគោលដៅ អាជីវកម្មអ្នកក៏ពិបាកនឹងឈរជើងបានយូរណាស់។ អ្នកនាង រ័ត្ន ស្រីនាង បានថ្លែងយ៉ាងដូច្នេះថា ទីតាំងគឺជារឿងសំខាន់មួយដែលសហគ្រិនត្រូវយកចិត្តទុកដាក់ឲ្យបានល្អិតល្អន់ ព្រោះវាអាចជាផ្នែកធំមួយដែលជះឥទ្ធិពលទៅលើភាពបរាជ័យ ឬភាពរីកចម្រើនរបស់អាជីវកម្ម។ ដូច្នេះដើម្បីអាចឲ្យអាជីវកម្មឈរជើងបានយូរក្នុងទីផ្សារប្រកួតប្រជែង សហគ្រិនត្រូវគិតពីទីតាំងក្នុងការដាក់លក់ផលិតផល ពោលគឺទីតាំងដែលស្ថិតនៅ ឬសមស្របជាមួយអតិថិជនគោលដៅរបស់ខ្លួន។
៤/. ធនធានមនុស្ស
អ្នកនាងបានលើកឡើងថា ធនធានមនុស្សគឺជាធាតុផ្សំដ៏ចាំបាច់មួយដែលអាជីវកម្មមិនអាចខ្វះបាន ហើយជារឿងមួយដែលសហគ្រិនត្រូវគិតឲ្យបានល្អិតល្អន់បំផុត ព្រោះថាបើទោះបីជាអាជីវកម្មល្អយ៉ាងណាក៏ដោយ ប៉ុន្តែបើធនធានមនុស្សខ្សោយអាជីវកម្មក៏ពិបាកនឹងរីកលូតលាស់ណាស់។ អាជីវកម្មរីកចម្រើន ឬនៅជាប់គាំង មួយផ្នែកធំគឺអាស្រ័យទៅលើធនធានមនុស្សនេះឯង។
៥/. សេវាកម្ម
ការផ្តល់នូវសេវាកម្មសម្រាប់អតិថិជន គឺជាធាតុផ្សំមួយយ៉ាងសំខាន់នៅក្នុងអាជីវកម្មដែលសហគ្រិនគ្រប់រូបត្រូវផ្តោតការយកចិត្តទុកដាក់ឲ្យបានខ្លាំង។ អ្នកនាងបានលើកឡើងថា សេវាកម្មគឺជារឿងអទិភាពដែលម្ចាស់អាជីវកម្មត្រូវគិត និងធ្វើវាឲ្យបានល្អបំផុត ព្រោះដំណាក់កាលដំបូងដែលអតិថិជនរបស់អ្នកសំឡឹងមើលនោះគឺសេវាកម្មដែលអ្នកផ្តល់ឲ្យពួកគេ។ ប្រសិនបើសេវាកម្មអ្នកមិនល្អ ឬមានឥរិយាបថអវិជ្ជមានច្រើន នោះអតិថិជនរបស់អ្នកប្រាកដជារត់ទៅរកដៃគូប្រកួតប្រជែងរបស់អ្នកជាក់ជាមិនខាន។
ក្នុងនោះផងដែរ អ្នកនាងបានចែករំលែកទៅកាន់អ្នកដែលចង់ចាប់ផ្តើមធ្វើអាជីវកម្មថ្មីថ្មោង កុំចាំបាច់ដល់មានអ្វីគ្រប់យ៉ាងទើបចាប់ផ្តើម អ្នកអាចធ្វើវាឥឡូវនេះជាមួយនឹងដើមទុនតិចតួចដែលអ្នកមាន ធនធាន និងសមត្ថភាព បូករួមទាំងចំណង់ចំណូលចិត្តរបស់អ្នក។ ប្រសិនបើអ្នកដាក់ចិត្តដាក់កាយក្នុងការធ្វើវា អ្នកនឹងទទួលបានផ្លែផ្កាជាទីគាប់ប្រសើរ ព្រោះអ្វីគ្រប់យ៉ាងគឺចាប់ផ្តើមពីតូចទៅ។ ហើយការចាប់ផ្តើមគឺជាមូលដ្ឋានគ្រឹះនៃភាពជោគជ័យ បើអ្នកមិនចាប់ផ្តើមនៅពេលនេះតើអ្នកនឹងចាប់ផ្តើមធ្វើវានៅពេលណា៕
អត្ថបទដោយ៖ កាន់ ដារ៉ា (ស្មេរពនេចរ) សៀវភៅ «ច្រវាក់ប្រាក់ខែ» (កសាងក្ដីស្រមៃនៅកន្លែងការងារ ចេះបង្កើតចំណូលច្រើនប្រភព) តម្លៃពិសេសត្រឹម ១២$ ប៉ុណ្ណោះ។ បញ្ជាទិញតាម https://t.me/BusinessCambodiaBook