ការស្ទង់មតិមួយពីធនាគារអាមេរិក បានបង្ហាញឱ្យឃើញថា ៥៣% នៃយុវជន Gen Z (អ្នកកើតនៅចន្លោះឆ្នាំ ១៩៩៧ - ២០១២) មានបញ្ហាលុយកាក់ ស្ត្រេស និងភ័យខ្លាចចំពោះជីវភាពនៃថ្ងៃអនាគត។ ខាងក្រោមនេះ គឺជារឿងធំៗ៣ ដែលមនុស្សសម័យថ្មីត្រូវធ្វើភ្លាម បើមិនចង់ភ័យមុខភ័យក្រោយ ដោយយោងតាម Business Insider៖
១/. គេចចេញពីការពង្វក់របស់បណ្ដាញសង្គម៖ សព្វថ្ងៃនេះមនុស្សជាច្រើនកំពុងរស់នៅក្នុងការពង្វក់របស់បណ្ដាញសង្គមតាមគ្រប់រូបភាព ជាពិសេសការប្រៀបធៀបស្ទង់ដាររស់នៅរបស់មនុស្សម្នាក់ៗ។ មានអ្នកខ្លះ ហ៊ានបំប៉ោងខ្លួនប្រើប្រាស់របស់ថ្លៃៗលើសសមត្ថភាព រហូតធ្លាក់ក្នុងរណ្តៅបំណុលទាំងវ័យក្មេងទៀតផង។ ចូររស់នៅក្នុងភាពជាខ្លួនឯង ចាយតាមលទ្ធភាពដែលខ្លួន មានប៉ុនណាបង្ហាញប៉ុនណឹង ទើបសម្ពាយសម្ពាធជីវិតមិនសូវធ្ងន់។
២/. បង្កើតទម្លាប់សន្សំ៖ របាយការណ៍បានបង្ហាញថា ក្រុមមនុស្ស Gen Z ៥៦% ពុំមានកញ្ចប់ប្រាក់សន្សំសម្រាប់ពេលមានអាសន្នឡើយ។ ដើម្បីចៀសផុតពីបញ្ហាលុយកាក់ អ្នកត្រូវធ្វើខ្លួនឱ្យខុសពីមនុស្សទាំង ៥៦%នោះ ដូច្នេះត្រូវចាប់ផ្ដើមសន្សំលុយចាប់ពីពេលនេះ។ មិនបាច់សន្សំច្រើនក៏បាន មាន ១០០ដុល្លារ ដកទុកតែ១០ដុល្លារ ទៅបានហើយ។ មាន១០ដុល្លារ ដកទុក១ដុល្លារ ធ្វើបែបនេះជាប្រចាំរហូតដល់ក្លាយជាទម្លាប់។ ចំពោះលុយសន្សំនោះទៀតសោត កុំចេះតែដកយកប្រើប្រាស់ផ្ដេសផ្ដាស ត្រូវទុកត្រៀមសម្រាប់ការចំណាយចាំបាច់ណាមួយ ដើម្បីចៀសផុតពីការបង្កើតបំណុល។
៣/. រៀនសម្រេចចិត្តដោយខ្លួនឯង
អ្នកស្រី Divya Robin នកជំនាញសុខភាពផ្លូវចិត្ត បានលើកឡើងយ៉ាងដូច្នេះថា៖ «ខ្ញុំធ្លាប់ឆ្លងកាត់ជីវិតដោយសន្មតថាមនុស្សកំពុងមើលគ្រប់សកម្មភាពរបស់ខ្ញុំ។ ជាលទ្ធផល ខ្ញុំបានធ្វើការសម្រេចចិត្តដែលខ្ញុំគិតថា មិត្តភក្តិ គ្រួសារ មិត្តរួមការងារ ចៅហ្វាយ និងសូម្បីតែមនុស្សចម្លែក នឹងយល់ព្រមឬយល់ស្របអ្វីដែលខ្ញុំធ្វើ។ ប៉ុន្តែវាធ្វើឱ្យខ្ញុំហត់ណាស់»។ នៅពេលអ្នកឈប់ខ្វល់ខ្វាយអំពីរបៀបដែលអ្នកដទៃយល់ឃើញអំពីអ្នក អ្នកនឹងទទួលបានភាពច្បាស់លាស់បន្ថែមទៀតអំពីអ្វីដែលអ្នកចង់បាន ហើយជ្រើសរើសធ្វើអ្វីដែលធ្វើឱ្យអ្នកសប្បាយចិត្ត។
យ៉ាងណាមិញ ប្រសិនបើអ្នកកំពុងស្ថិតក្នុងស្ថានភាពតានតឹងខ្លាំង ភ័យមុខភ័យក្រោយ និងបារម្ភខ្លាំងអំពីថ្ងៃអនាគត ចូរពិនិត្យមើលសកម្មភាពខ្លួនឯងឡើងវិញ ជាពិសេសត្រូវធ្វើរឿងទាំង៣ ខាងលើឲ្យបាន នោះសុខភាពផ្លូវចិត្តរបស់អ្នកនឹងកាន់តែប្រសើរ៕
អត្ថបទដោយ៖ កាន់ ដារ៉ា (ស្មេរពនេចរ) សៀវភៅ «ច្រវាក់ប្រាក់ខែ» (កសាងក្ដីស្រមៃនៅកន្លែងការងារ ចេះបង្កើតចំណូលច្រើនប្រភព) តម្លៃពិសេសត្រឹម ១២$ ប៉ុណ្ណោះ។ បញ្ជាទិញតាម https://t.me/BusinessCambodiaBook