មកដល់ពេលនេះប្រព័ន្ធធនាគារសកលនៅមានភាពច្របូកច្របល់នៅឡើយក្រោយពីធនាគារចំនួន២នៅទឹកដីអាមេរិកបានដួលរលំចំណែកនៅប្រទេសស្វីសធនាគារធំបំផុតលំដាប់ទី២ត្រូវបង្ខំចិត្តលក់ឲ្យគេក្នុងតម្លៃធូរថ្លៃបន្ទាប់ពីមិនអាចទប់ជាប់ពីការដួលរលំបាន។
ទាក់ទងនឹងការដួលរលំប្រព័ន្ធធនាគារនេះដែរ លោក Elon Musk ដែលត្រូវបានគេស្គាល់ថាជាមនុស្សមានឥទ្ធិពលលើបណ្ដាញសង្គមបានបើកបញ្ហានេះមកជជែកលើបណ្ដាញសង្គម។ ជាក់ស្ដែងកាលពីពេលថ្មីៗនេះមានអ្នកលេងបណ្ដាញ Twitter ម្នាក់បានសរសេរថា បើធនាគារណ្ដាលអាមេរិកមិនអាចទប់ស្កាត់ការដួលរលំធនាគារទេនោះនឹងបង្កហានិភ័យកាន់តែពេលនោះសេដ្ឋី Elon Musk បានចូលមកបញ្ចេញយោបល់ថា” ការដួលរលំធនាគារអាមេរិកជាហានិភ័យធ្ងន់ធ្ងរមួយ”។
លើសពីនេះ លោក Elon Musk បានបញ្ចេញយោបល់លើបណ្ដាញ Twitter ថាបើសហរដ្ឋអាមេរិកចង់បញ្ឈប់វិបត្តិប្រព័ន្ធធនាគារ ជាពិសេសបញ្ឈប់បញ្ហានៃការសម្រុកដកលុយព្រមៗគ្នាពីអ្នកដាក់លុយនៅធនាគារ នោះស្ថានប័នធានាលើប្រាក់បញ្ញើនៅធនាគារដែលហៅកាត់ថាFDIC ត្រូវតែធ្វើការផ្លាស់ប្ដួរចំនួនទឹកប្រាក់ធានាលើការដាក់ប្រាក់បញ្ញើនៅធនាគារ។
ជាក់ស្ដែងបច្ចុប្បន្ន FDIC ដែលជាស្ថាប័នធានាប្រាក់បញ្ញើនៅធនាគារ បានកំណត់ធានាសងប្រាក់ត្រឹម២៥ម៉ឺនដុល្លារប៉ុណ្ណោះ សម្រាប់អ្នកដាក់ប្រាក់បញ្ញើនៅធនាគារក្នុងករណីធនាគារដួលរលំ។ ការកំណត់ធានាសងត្រឹមតែ២៥ម៉ឺនដុល្លារនេះគឺជាចំនួនតិចពេក ដូច្នេះហើយអ្នកដាក់លុយនៅធនាគារនៅតែមានការព្រួយបារម្ភខណៈប្រព័ន្ធធនាគារអាមេរិកកំពុងស្ថិតក្នុងស្ថានភាពមួយរង្គោះរង្គើដោយសារតែការធានាលើការប្រាក់បញ្ញើត្រឹមតែ២៥ម៉ឺនដុល្លារនេះតិចពេក។
បើតាមការបញ្ចេញយោបល់របស់ពលរដ្ឋអាមេរិកមួយចំនួនបានបញ្ចេញមតិថា FDIC គួរតែបង្កើនទឹកប្រាក់ធានាលើការដាក់ប្រាក់បញ្ញើនៅធនាគារពី១លានទៅ២លានដុល្លារទើបល្អដើម្បីបង្កើនទំនុកចិត្តអ្នកដាក់ប្រាក់បញ្ញើព្រោះថាការធានាតិចពេក ពេលមានបញ្ហាដួលរលំធនាគារ មនុស្សនៅតែភ័យខ្លាចដូច្នេះពួកគាត់នាំគ្នាសម្រុកដកលុយចេញពីធនាគារធ្វើឲ្យប្រព័ន្ធធនាគារកាន់តែមានហានិភ័យ។
គួរបញ្ជាក់ផងដែរថាមកដល់ពេលនេះ មានធនាគារអាមេរិក២បានដួលរលំគឺធនាគារ Silicon Valley និងធនាគារ Signature ចំណែកធនាគារ First Republic Bank ត្រូវបានរដ្ឋភិបាលនិងធនាគារផ្សេងៗរបស់អាមេរិកជួយសង្រ្គោះពីការដួលរលំ។ រីឯធនាគារ Credit Suisse ជាធនាគារធំទី២របស់ស្វីសត្រូវបានធនាគារ UBS ទិញយកបន្ទាប់ពីមិនអាចទប់ជាប់ពីការដួលរលំបាន៕
ចង់តាមដានព័ត៌មានទាក់ទងនឹងហិរញ្ញវត្ថុក៏ដូចជាការប្រើលុយឲ្យចំណេញ និងវិនិយោគលុយដើម្បីបង្កើនទ្រព្យ អាចតាមដាន Facebook page Toeuy Hong-ទឿយ ហុង និងចូលគ្រុបតេឡេក្រាម https://t.me/toeuy_hong៕