ថៅកែក្រុមហ៊ុនវ័យក្មេងWesley Ng កើបចំណូល១២៥លាន$/ឆ្នាំ ឆ្កឹះកំហុសធំ៣នៃអ្នករកស៊ីភាគច្រើន
ឡុង វឌ្ឍនៈNOVEMBER 28 2022311 views

វាមិនមែនជារឿងងាយស្រួលនោះទេ ក្នុងការកសាងក្រុមហ៊ុនតម្លៃខ្លួនជិត ១ពាន់លានដុល្លារ និងអាចរកចំណូលប្រមាណ ១២៥លានដុល្លារក្នុងមួយឆ្នាំ។ ប៉ុន្តែគ្រប់យ៉ាងគឺបានក្លាយជាការពិត ក្រោយពេលដែលសហគ្រិនវ័យក្មេង Wesley Ng ជា CEO និងជាស្ថាបនិកក្រុមហ៊ុន Casetify ត្រូវបានគេស្គាល់ថារកស៊ីលើការរចនាសំបកទូរស័ព្ទតាមចិត្តអតិថិជន អាចកសាងក្រុមហ៊ុនពីដើមទុន ២០ម៉ឺនដុល្លារ ឡើងដល់ជិត១ពាន់លានដុល្លារ ចាយពេលវេលា១០ឆ្នាំ។ ទន្ទឹមនឹងភាពរីកចម្រើនលឿនយ៉ាងឆាប់រហ័ស សហគ្រិនវ័យក្មេងរូបនេះបានបង្ហើបពីគន្លឹះក្នុងការកសាងអាជីវកម្ម និងរីកចម្រើនបានយ៉ាងរឹងមាំគឺ “ផ្ដោតលើការកសាងចំណូលឱ្យបានច្រើនបំផុតតាមដែលអាចធ្វើទៅបាន”។ ក្រៅពីនោះ លោកក៏បានបង្ហាញនូវកំហុសឆ្គងធំៗចំនួន ៣ របស់អ្នករកស៊ីភាគច្រើនផងដែររួមមាន៖

១. ផ្ដោតលើអត្ថប្រយោជន៍ក្រុមហ៊ុនទាំងមូលជាងអត្ថប្រយោជន៍អ្នកវិនិយោគ

ម្ចាស់អាជីវកម្មមួយចំនួន ប្រហែលជាគិតអត្ថប្រយោជន៍អ្នកវិនិយោគ ជាជាងភាពរឹងមាំរបស់អាជីវកម្ម។ ប៉ុន្តែសម្រាប់សហគ្រិនរូបនេះបានឱ្យអាទិភាពលើអត្ថប្រយោជន៍ក្រុមហ៊ុនទាំងមូល ជាជាងអត្ថប្រយោជន៍មនុស្សមួយក្រុម ដែលជាអ្នកវិនិយោគ។ ជាក់ស្ដែងក្រុមហ៊ុនលោកធ្វើការវិនិយោគលើអ្វីមួយថ្មីប្រកបដោយភាពប្រុងប្រយ័ត្នខ្ពស់ និងត្រូវប្រាកដថា អាជីវកម្មនៅតែបន្តភាពរឹងមាំ ជាជាងវិនិយោគលើអ្វីមួយដែលមានកំណើននៃភាពរីកចម្រើនលឿន ដើម្បីផ្គាប់ចិត្តអ្នកវិនិយោគ ប៉ុន្តែស្ថិតក្នុងភាពមិនច្បាស់លាស់។

២. មិនហ៊ានបង្ហាញបញ្ហារបស់ខ្លួនដើម្បីរៀនសូត្រ

អ្នករកស៊ីមួយចំនួន ចូលចិត្តបង្ហាញអ្វីដែលជាភាពជោគជ័យ និងអ្វីដែលខ្លួនធ្វើត្រូវ ប៉ុន្តែមិនហ៊ានបង្ហាញពីកំហុសឆ្គង ឬភាពបរាជ័យរបស់ខ្លួននោះទេ ព្រោះខ្លាចគេថាអន់ ឬទន់ខ្សោយជាដើម។ ប៉ុន្តែសម្រាប់សហគ្រិនវ័យក្មេងរូបនេះ ណែនាំឱ្យមនុស្សចេះទទួលស្គាល់កំហុសឆ្គង មិនខ្មាសអៀនចំពោះកំហុស និងត្រូវចេះរៀនសូត្រពីវាឱ្យបានលឿនបំផុត ហើយកុំខ្លាចក្នុងការបង្ហាញពីបញ្ហា ដើម្បីសុំជំនួយពីអ្នកដែលមានបទពិសោធន៍ជាង។ លោកបានបន្ថែមថា ជំនាញមួយក្នុងចំណោមជំនាញដែលសហគ្រិនត្រូវតែមានគឺ សមត្ថភាពក្នុងការរៀនអ្វីមួយឱ្យបានចេះ ប្រកបដោយភាពត្រឹមត្រូវក្នុងរយៈពេលដ៏ខ្លីបំផុត។

៣. សហគ្រិនភាពគឺមិនមែនសម្រាប់មនុស្សគ្រប់រូបនោះទេ

មនុស្សភាគច្រើនចង់ក្លាយជាសហគ្រិន ឬអ្នករកស៊ី ប៉ុន្តែ Wesley Ng បានផ្ដល់យោបល់ថាវាមិនស័ក្តិសមសម្រាប់មនុស្សគ្រប់គ្នានោះទេ។ ដូច្នេះប្រសិនបើចង់ដឹងថាខ្លួនឯងស័ក្តិសមឬអត់នោះ លោកបានលើកទឹកចិត្ត ឱ្យគាត់ចូលធ្វើការនៅក្នុងក្រុមហ៊ុន Start Up ថ្មីថ្មោង ឬធ្វើការជាមួយស្ថាបនិកក្រុមហ៊ុន ដើម្បីដឹងថាតើវាលំបាកខ្លាំងយ៉ាងណា? សម្រាប់បទពិសោធន៍លោក លើកទឹកចិត្តឱ្យមនុស្សចាប់ផ្ដើមជាមួយអ្វីដែលខ្លះពិតជាស្រលាញ់ងប់ងុលនឹងវាបំផុត ហើយត្រូវមានគំនិតច្នៃប្រឌិតខ្ពស់ ជាពិសេសគឺអាចកសាងក្រុមដែលមានគុណតម្លៃលើចក្ខុវិស័យរួម៕

អត្ថបទដោយ៖ ឡុង វឌ្ឍនៈ (ប្រធាននិពន្ធផ្នែកដឹកនាំ)

តេឡេក្រាម៖ 0963517713  

ឡុង វឌ្ឍនៈ
ក្រោយចំណាយពេលជាង ០៤ឆ្នាំ សម្ភាសន៍អ្នកជំនួញតូចធំរាប់រយនាក់ និងធ្លាប់បានសរសេរលើសពី ១០០០អត្ថបទ ទាក់ទងនឹងផ្នែកដឹកនាំ ខ្ញុំនៅតែស្រលាញ់ចូលចិត្តជំនាញដឹកនាំ និងរកឃើញរឿងគួរឱ្យចាប់អារម្មណ៍កាន់តែច្រើនឡើងក្នុងផ្នែកនេះ។ ក្ដីស្រមៃធំមួយរបស់ខ្ញុំ គឺចង់ជួយដល់ម្ចាស់អាជីវកម្មតូចធំនៅកម្ពុជា អាចទទួលជោគជ័យទាំងក្នុងការដឹកនាំអាជីវកម្មផង និងកសាងសុភមង្គលក្នុងគ្រួសារជាទីស្រលាញ់របស់ពួកគាត់ប្រកបដោយតុល្យភាព។ ប្រសិនបើអ្នក ចង់ចែករំលែកគំនិតល្អៗ ឬចង់ផ្សព្វផ្សាយ រុញអាជីវកម្មអ្នកឱ្យគេស្គាល់កាន់តែច្រើន កុំខ្លាចក្នុងការជជែក ឬទំនាក់ទំនងជាមួយខ្ញុំ។ Telegram: 096 351 7713។ តាមដានគំនិតល្អៗជាច្រើនទៀតពីខ្ញុំតាមឆាណែលតេឡេក្រាម @LongVathanakOfficial ឬ Fb Page: Long Vathanak - ឡុង វឌ្ឍនៈ

អត្ថបទសរុប៖ 558

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia