YouTube គឺជាវេទិកាសម្រាប់បង្ហោះវីដេអូដ៏ពេញនិយមបំផុតមួយនៅក្នុងពិភពលោក។ វេទិកានេះត្រូវបានបង្កើតឡើងក្នុងឆ្នាំ ២០០៥ ដោយបច្ចុប្បន្នមានអ្នកប្រើប្រាស់ចំនួន ២.៧០ ពាន់លាននាក់ជាមួយវីដេអូសរុបប្រមាណជា ៨០០លាន ទៅជាង១ពាន់លានវីឌីអូ។ លើសពីនេះ YouTube ក៏បានបើកដៃឱ្យ YouTuber ទាំងអស់មានឱកាសរកលុយបានថែមទៀត ប៉ុន្តែមិនមែនគ្រាប់គ្នាសុទ្ធតែអាចរកចំណូលពីផ្លេតហ្វមមួយនេះបានទេ។
យ៉ាងណាមិញបើអ្នកមិនបានសិក្សាពីការផលិតវីដេអូYouTubeទេនោះ អ្នកមិនងាយរកចំណូលពីយូធូបដែរ ហើយក៏មិនអាចរកចំណូលពីយូធូបបានច្រើនដែរ។ ទន្ទឹមនឹងនេះដែរ យោងតាម គណនីយូធូប របស់លោក CHHON VEASNA ដែលត្រូវបានគេស្គាល់ថាជាអ្នកចែករំលែកចំណេះដឹង YouTube &Facebook និងរបៀបរកលុយតាមអ៊ីនធើណែតបានបង្ហើបគន្លឹះសំខាន់ៗជាច្រើន សម្រាប់អ្នកថ្មីៗដើម្បីរៀនរកលុយជាមួយ YouTube។
ខាងក្រោមនេះគឺជាគន្លឹះសំខាន់៧ YouTubers ថ្មីៗគួរដឹងមុនចាប់ផ្តើមធ្វើការរកលុយពីយូធូប ដោយអេតមីនចោះយកចំណុចសំខាន់ៗទាំង៧ របស់អ្នកជំនាញរូបនេះ មកចែករំលែកជូនប្រិយមិត្តទាំងអស់គ្នា។ ដោយក្នុងនោះរួមមាន៖
១. កំណត់ទស្សនិកជនគោលដៅរបស់អ្នក (រើស Topic/Content/Niche)
ត្រង់ចំណុចលោកបានលើកឡើងថា មុននឹងចាប់ផ្តើមផលិតវីឌីអូ បងប្អូនត្រូវដឹងថា តើបងប្អូនផលិតវីឌីអូឱ្យនរណាមើល ហើយតើមនុស្សប្រទេសណាដែលចូលមកមើលវីឌីអូរបស់បងប្អូន។ លោកបានបន្ថែមថា យើងទាំងអស់គ្នាមិនអាចផលិតវីឌីឱ្យមនុស្សទទាំងទូទាំងពិភពលោកមើលនោះទេ ឧទាហរណ៍វីឌីអូរបស់លោកជាក់ស្តែង គឺផលិតដើម្បី យុវជន ដើម្បីប្រជាជនខ្មែរ (ព្រោះវីឌីអូរបស់លោកនិយាយជាភាសារខ្មែរ) ដែលមានអាយុចន្លោះពី ១៨ ដល់៣៥ឆ្នាំដែលចង់រៀនរកលុយលើយូធូប។
នេះមានន័យថា នៅដែលលោកដឹងច្បាស់ថា ទស្សនិកជនគោលដៅរបស់លោកជាមនុស្សប្រភេទណា វ័យណា និងនៅតំបន់ណាច្បាស់ហើយនោះ នោះលោកក៏ដឹងច្បាស់ដូចគ្នាថា Content ប្រភេទណាមានអ្នកមើល ហើយមាតិការបែបណាលោកត្រូវផលិតដើម្បីឱ្យចំទស្សនិកជនគោលដៅរបស់លោកដូចគ្នា។
២. ចំណាយពេលសម្រាប់ធ្វើវីឌីអូ (Make Time To Creat Video)
ជាការពិតណាស់ ប្រសិនបងប្អូនទាំងអស់ចង់រកប្រាក់តាម យូធូប ពិតមែន បងប្អូនត្រូវតែចំណាយពេលដើម្បីធ្វើវាឱ្យបានច្រើន ពោលគឺមិនខ្ជិលក្នុងការចំណាយពេលគិតក្នុងការសរសេរចំណងជើងឱ្យបានទាក់ទាញ thumbnail និង description ឱ្យចាប់អារម្មណ៍នោះទេ ព្រោះចំណុចតូចៗទាំងនេះហើយ ជាចំណែកសំខាន់មួយជួយឱ្យអ្នកមើល សម្រេចចិត្តចូលមើលវីឌីអូរបស់យើង និងចាប់ផ្តើមស្គាល់យើងកាន់តែច្រើន។
៣. រៀបចំផែនការ
ត្រង់កន្លែងរៀបចំផែនការនេះ លោកបានលើកឡើងថា យើងត្រូវដឹងថា តើយើងធ្វើអំពីអ្វី ថតពីអ្វី រៀបចំពីណាទៅណា កាំមេរ៉ាដាក់ថតកន្លែងណា ដូច្នេះពេលដែលយើងបានរៀបចំផែនការបានល្អទុកមុន នោះវានឹងនាំឱ្យបងប្អូន ផលិតវីឌីអូបានល្អ កាត់វីឌីអូល្អ នោះវីឌីអូរបស់បងប្អូនពិតជាមានអ្នកមើលជាមិនខាន។
៤. ត្រូវដឹងវីធីផុស
នៅចំណុចទី៤នេះ បងប្អូនត្រូវចេះស្វែងយល់ថាតើ Topic ឬ content របស់បងប្អូនទាំងអស់គ្នាដែលបានជ្រើសយកមកធ្វើនោះ មានគេ Search ច្រើនឬក៏អត់ ប្រើប្រាស់នៅ keyword អ្វី? #hashtag យ៉ាងម៉េច ដើម្បីឱ្យវីឌីអូរបស់បងប្អូនវា Range កាន់តែខ្ពស់។
៥. ចេះមើល Review Analytic
Review Analytic Data-Driven Decision គឺជាកម្មវីធីមួយនៅក្នុង YouTube studio ដែលជួយឱ្យបងប្អូនដឹងថាវីឌីអូរបស់បងប្អូនមួយណាមានការគាំទ្រខ្លាំង និងវិឌីអូមួយណាមិនសូវមានអ្នកមើល។ ដូច្នេះនៅពេលដែលបងប្អូនចេះមើល និងតាមដាន Review Analytic ជាប់ នោះវានឹងជួយឱ្យបងប្អូនទាំងអស់គ្នា ងាយស្រួលក្នុងកាផលិតវីឌីអូកាន់តែមានប្រសិទ្ធភាពខ្ពស់ ព្រោះបងប្អូនដឹងថា Thumbnail, Description កាត់តបែបម៉េច និងប្រធានបទបែបណា ទើបមាន View ខ្លាំង។
៦. ផ្តល់ចំណុចពិសេសទៅដល់ Viewer (លើសពីការគិត)
ត្រង់ចំណុចនេះលោកបានលើកឡើងថា យើងត្រូវធ្វើវីឌីអូណាផ្តល់ឱ្យ Viewer ឱ្យលើសពីការរំពឹងទុក នោះមានន័យថាតើ Viewer របស់យើង គាត់ទទូលបានចំណេះដឹង ជំនាញអ្វីខ្លះពីយើង ដែលគាត់នឹកស្មានមិនដល់ ម្ល៉ោះហើយនៅពេលដែលអ្នកមើលទទួលបានអ្វីថ្មីៗល្អៗពីយើងនោះ គាត់នឹងចាប់ផ្តើមតាមដាន និងស្គាល់យើងកាន់តែច្រើន។
៧. គិតថាការធ្វើវីឌីអូជាអាជីវកម្មរបស់យើង
ចំណុចចុងក្រោយ ជាចំណុចសំខាន់ លោកបានលើកឡើងថា កាលណាយើងធ្វើយូធូប យើងជាម្ចាស់អាជីវកម្មហើយ ហើយយើងជា CEO មួយនៅក្នុង Channal របស់យើងដូចគ្នា។ ដូច្នេះយើងត្រូវចេះរៀបចំផែនការ រៀបចំប្លង់ ពោលប៉ុន្មានចំណុចខាងលើគឺស្ថិតនៅក្រោមម្ចាស់អាជីវកកម្មយូធូបទាំងអស់ ពោលគឺទាមទាឱ្យបងប្អូន ខ្វល់ខ្វាយ តាមដាន និងគ្រប់គ្រងបែបណាឱ្យអាជីវកម្ម ឬវីឌីអូរបស់យើងមានអ្នកមើលកាន់តែច្រើន។