ក្រុមហ៊ុន AMS និងមជ្ឈមណ្ឌលកម្ពុជា ៤.០ សម្ពោធជាផ្លូវការកម្មវិធី “អក្ខរកម្មឌីជីថល” ដើម្បីលើកកម្ពស់ចំណេះដឹងឌីជីថលដល់ពលរដ្ឋកម្ពុជា
Bunthoeun KoemMAY 14 2025

ភ្នំពេញ៖ កាលពីថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៥ ក្រុមហ៊ុន អប្សរា មេឌា សឺវីស ឯ.ក (AMS) និងមជ្ឈមណ្ឌលកម្ពុជា ៤.០ បានសម្ពោធជាផ្លូវការនូវកម្មវិធី “អក្ខរកម្មឌីជីថល”។ ដោយពិធីសម្ពោធនេះមានការអញ្ជើញចូលក្រោមអធិបតីភាព ឯកឧត្ដម អាំង សុវណ្ណរ័ត្ន នាយកប្រតិបត្ដិនៃមជ្ឈមណ្ឌលកម្ពុជា ៤.០, លោក លឹម ឃុនស្រ៊ុន អគ្គនាយកនៃក្រុមហ៊ុន AMS, លោក អ៊ុក វណ្ណឌី អគ្គនាយករងនៃអគ្គនាយកដ្ឋានបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន ព្រមទាំងអ្នកជំនាញផ្នែកឌីជីថល និងភ្ញៀវកិត្ដិយសជាច្រើនរូប។

493042800 1288218206641800 5069483747075900079 N

កម្មវិធី “អក្ខរកម្មឌីជីថល” គឺជាកម្មវិធីសម្រាប់លើកកម្ពស់ចំណេះដឹងឌីជីថល និងបង្កើនការយល់ដឹងដល់ប្រជាពលរដ្ឋ ជាពិសេសយុវជនកម្ពុជាឱ្យទទួលបានជំនាញ និងសមត្ថភាព ដើម្បីគេចផុតពីផលអវិជ្ជមានបណ្តាលមកពីការប្រើប្រាស់បច្ចេកវិទ្យាក្នុងយុគសម័យឌីជីថល។

496066050 1288218213308466 1791621339927657270 N

ថ្លែងនៅក្នុងពិធីសម្ពោធខាងលើ លោក លឹម ឃុនស្រ៊ុន អគ្គនាយកនៃក្រុមហ៊ុន AMS បានលើកឡើងថា បរិវត្ដកម្មឌីជីថល ជាពិសេសការវិវត្ដយ៉ាងជឿនលឿននៃបច្ចេកវិទ្យា AI បានចូលមកដល់ជីវិតប្រចាំថ្ងៃរបស់យើងទាំងអស់គ្នាបាត់ទៅហើយ ដូចជាការប្រើប្រាស់សេវាធនាគារ ការផ្ទេរប្រាក់ ប្រើ QR Code ប្រើផែនទី Google Map ការប្រើប្រាស់បណ្ដាញសង្គម ការទទួលបានព័ត៌មាន ឬមាតិការផ្សេងៗនៅលើបណ្ដាញសង្គម ការប្រើប្រាស់ស្មាតហ្វូន ការប្រើប្រាស់សេវាកម្មដឹកជញ្ជូន ការធ្វើដំណើរផ្សេងៗគឺសុទ្ធតែពាក់ព័ន្ធឌីជីថល និង AI ។

លោកបន្ដថា ទាំងពេលបច្ចុប្បន្ន និងពេលអនាគតគឺ AI មានឱកាសធំធេងខ្លាំងណាស់។ AI មិនត្រឹមជាកន្លែងដែលយើងសួរសំណួរ ឬឆ្លើយសំណួរនោះទេ តែ AI អាចជាឧបករណ៍ដ៏សម្បូរបែប ដើម្បីជួយនៅក្នុងការសិក្សា ជួយនៅក្នុងការងារប្រចាំថ្ងៃ ជួយនៅក្នុងការគ្រប់គ្រងអាជីវកម្ម។ AI ក៏អាចជួយស្រាវជ្រាវនៅក្នុងផ្នែកវិជ្ជសាស្ដ្រ ជាក់ស្ដែងឥឡូវនេះប្រទេសជឿនលឿនមួយចំនួន បានប្រើ AI ដើម្បីធ្វើការពិសោធន៍ ផលិតថ្នាំពេទ្យ ផលិតវ៉ាក់សាំងជាដើម។

496058115 1288218636641757 7937329914862371226 N

ឯកឧត្ដម អាំង សុវណ្ណរ័ត្ន នាយកប្រតិបត្ដិនៃមជ្ឈមណ្ឌលកម្ពុជា ៤.០ បានមានប្រសាសន៍ដែរថា កម្មវិធីអក្ខរកម្មឌីជីថលនេះគឺបានផលិតចំនួន ២០ ភាគ និងបានចាប់ផ្ដើមផ្សព្ធផ្សាយភាគទី១ កាលពីថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៥ កន្លងទៅ រួមជាមួយនឹងការអនុវត្ដកម្មវិធីផ្សេងៗទៀតនៅក្នុងគម្រោងប្រជាជនសកលផងដែរ។

ក្នុងឱកាសនោះឯកឧត្ដមក៏បានថ្លែងអំណរគុណ ទៅកាន់ក្រុមហ៊ុន អប្សរា មេឌា សើវីស ជាពិសេសលោកអគ្គនាយកផ្ទាល់ និងក្រុមការងារ AMS ដែលជានិច្ចជាកាលបានផ្ដល់នូវកិច្ចសហការល្អ ហើយសង្ឃឹមថាក្រុមការងារទាំងពីរនឹងបន្ដសហការគ្នាឲ្យកាន់តែរលូន និងទទួលបានផ្លែផ្កាជាបន្ដបន្ទាប់ទៀត សម្រាប់ការផ្សព្ធផ្សាយ និងបជ្រាបការយល់ដឹងជាសាធារណៈ អំពីការងារឌីជីថលនេះ​ដើម្បីជាប្រយោជន៍សម្រាប់សាធារណៈជន ចូលរួមការកសាងសេដ្ឋកិច្ច និងសង្គមឌីជីថលនៅកម្ពុជា។

496924596 1288218363308451 984149049632850729 N

ដោយឡែកលោក លោក អ៊ុក វណ្ណឌី អគ្គនាយករងនៃអគ្គនាយកដ្ឋានបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន បានលើកឡើងដែរថា ​ អក្ខរកម្មឌីជីថល គឺជាកម្មវិធីសម្រាប់លើកកម្ពស់ ចំណេះដឹងក្នុងយុគសម័យឌីជីថល ដើម្បីចែករំលែកបទពិសោធន៍ចំណេះដឹងឌីជីថល ដែលមិនត្រឹមតែជាមូលដ្ឋានដ៏មានសារៈសំខាន់តែមួយប៉ុណ្ណោះទេ ប៉ុន្ដែក៏ជាឧបករណ៍ដ៏មានសារៈសំខាន់ ដែលអាចផ្ដល់ឱកាសឲ្យប្រជាពលរដ្ឋកម្ពុជា បានប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ដើម្បីបង្កើតសមត្ថភាពទំនាក់ទំនង និងចូលរួមក្នុងសហគមន៍សកល ដោយមានភាពជឿជាក់ប្រកបដោយភាពច្បាស់លាស់។

កម្មវិធីអក្ខរកម្មឌីជីថល ក៏បានលើកឡើងនូវប្រធានបទទាក់ទងជាមួយនឹងហានិភ័យ របស់ប្រព័ន្ធឌីជីថល ដែលតែតែងកើតមានក្នុងការប្រើប្រាស់បច្ចេកវិទ្យាឌីជីថលប្រចាំថ្ងៃដូចជា សារៈសំខាន់នៃការប្រើប្រាស់លេខសម្ងាត់ វិធីសាស្ដ្រឆបោក ការបោកបញ្ឆោត ហានិភ័យនៃការប្រើប្រាស់ WIFI សាធារណៈ និងការទូទាត់តាមប្រព័ន្ធអនឡាញជាដើម។

លោកបន្ថែមថា ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ ដែលដឹកនាំដោយសម្ដេចធិបតី ហ៊ុន ម៉ាណែត បានដាក់ចេញនូវយុទ្ធសាស្ដ្របញ្ចកោណដំណាក់កាលទី១ ដោយយកវិស័យឌីជីថលជាចំណុចអាទិភាពដ៏សំខាន់មួយ ក្នុងចំណោមចំណុចអតិភាពទាំង ៥ គឺ៖ មនុស្ស ទឹក ភ្លើង ផ្លូវ និងបច្ចេកវិទ្យា។ ដោយមានការចង្អុលបង្ហាញនូវភាពចំាបាច់ចំពោះធនធានមនុស្សលើវិស័យឌីជីថល ជាមួយគ្នានេះស្របតាមគោលនយោបាយ សង្គមសេដ្ឋកិច្ចឌីជីថល ២០២១ -២០៣៥ ក៏បានជម្រុញឲ្យមានការកសាងធនធានមនុស្សឌីជីថលជាភាពចាំបាច់ ដោយក្នុងគោលនយោបាយនេះមានកំណត់ជាសសរស្ដម្ភចំនួន ៣ ក្នុងការកសាង និងជម្រុញវិស័យឌីជីថលនៅកម្ពុជា។ ក្នុងនោះការកសាងសង្គមឌីជីថល ធុរៈកិច្ចឌីជីថល និងពលរដ្ឋឌីជីថល ដែលជាប្រធានបទមួយ និងបទដ្ឋានគតិយុត្ដ ព្រមទាំងជាផែនទីនាំផ្លូវដ៏មានសារៈសំខាន់ក្នុងការកសាងធនធានមនុសុ្សឌីជីថលនៅកម្ពុជា៕

494364094 1288218233308464 2215087975390984855 N

493734210 1288218299975124 1373681245021268175 N

496149789 1288218263308461 6431842959844101281 N

495097414 1288218326641788 7839117366647934359 N

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia