កាលពីពេលថ្មីៗនេះក្រុមហ៊ុនសាជីវកម្មសំណង់វិស្វកម្មស៊ីវិលធំមួយរបស់ប្រទេសចិនដែលមានឈ្មោះថា (China Civil Engineering Construction Corporation) បាននិងកំពុងសិក្សាទៅលើគម្រោងសាងសង់ប្រព័ន្ធប្រព្រឹត្តិកម្មទឹកស្អាតដ៏ធំមួយ សម្រាប់ផ្គត់ផ្គង់ដល់ខេត្តចំនួនបីរួមមាន ខេត្តកំពង់ចាម ខេត្តត្បូងឃ្មុំ និងស្រុកស្នួលខេត្តក្រចេះ ហើយគម្រោងនេះគ្រោងនឹងបញ្ចប់ដំណើរការសិក្សានៅចុងខែឧសភាខាងមុខនេះហើយ។ នេះបើយោងតាមការលើកឡើងរបស់ឯកឧត្ដមទេសរដ្ឋមន្រ្តី ចម ប្រសិទ្ធ នៅក្នុងក្នុងជំនួបរវាងប្រតិភូក្រុមហ៊ុនCCECC កាលពីថ្ងៃទី០៤ខែមេសា ឆ្នាំ២០២៣ កន្លងទៅនេះ។
តាមការរាយការណ៍របស់លោក Tony Wang អនុប្រធានក្រុមហ៊ុនសាជីវកម្ម CCECC បានបញ្ជាក់ថា “ការងារនេះ កំពុងមានដំណើរការទៅមុខ ដោយបានរៀបចំឯកសាររួចរាល់ ត្រៀមនឹងដាក់ឆ្លងការអនុម័តពីថ្នាក់លើរបស់ចិន ហើយអ្នកបច្ចេកទេស និងជំនាញការរបស់ចិននឹងមកដល់កម្ពុជា នៅចុងខែនេះ ។ ក្នុងនោះ ដំណើរការនៃការរៀបចំនូវឧបករណ៍សម្ភារ:សម្រាប់នាំចូលមកកម្ពុជា បម្រើឲ្យការងារស្នូលនឹងត្រូវអនុវត្តតាមនីតិវិធីជាបន្តបន្ទាប់” ។
ឯកឧត្តមទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ បានបញ្ជាក់ថា គម្រោងប្រព័ន្ធប្រព្រឹត្តិកម្មទឹកស្អាតដ៏ធំខាងលើនេះ នឹងអាចរំដោះប្រជាពលរដ្ឋដែលរស់នៅតាមបណ្តោយផ្លូវជាតិលេខ៧ រួមមាន ខេត្តកំពង់ចាម ត្បូងឃ្មុំ និងស្រុកស្នួលខេត្តក្រចេះជាដើម ដែលមានតម្រូវការទឹកស្អាតប្រមាណ ៣០ម៉ឺន ម៉ែត្រគូបក្នុងមួយថ្ងៃ រួចផុតពីការប្រើប្រាស់ប្រភពទឹកក្រោមដី ឬទឹកស្រះ បឹងបួរ ដែលសម្បូរណ៍ដោយជាតិពុលគីមី និងមេរោគផ្សេងៗបន្សល់ពីសម័យសង្គ្រាម និងសកម្មភាពមនុស្សនាពេលបច្ចុប្បន្ន។
គួរបញ្ជាក់ផងដែរថា ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងក្រុមហ៊ុនCCECC បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់ក្នុងកិច្ចសហប្រតិបត្តិការសិក្សាសមិទ្ធិលទ្ធភាពសម្រាប់ការសាងសង់ប្រព័ន្ធប្រព្រឹត្តិកម្មទឹកស្អាត ដោយយកទឹកពីទន្លេមេគង្គមកចែកចាយនៅតំបន់ជុំវិញនៃកម្ពុជា កាលពីថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៣ នៅទីរួមខេត្តបាត់ដំបង៕
អត្ថបទដោយ៖ ឌឿក ស្រីនុត