ជិតដល់២០២៥ហើយលុយនៅតែពិបាករក កុំយកលុយទៅធ្វើរឿង៤នេះ បើមិនចង់ខាតលុយ វេទនាខ្លួន
Toeuy HongDECEMBER 22 2024695 views

សព្វថ្ងៃនេះបញ្ហាលុយកាក់បានក្លាយជាប្រធានបទសំខាន់មួយដែលមនុស្សគ្រប់គ្នាកំពុងកើតការបារម្ភ ព្រោះតែសេដ្ឋកិច្ចមិនសូវស្រួល ចំណូលក៏ធ្លាក់ចុះដែរ។ ស្របពេលដែលលុយកំពុងពិបាករក Business Cambodia សូមណែនាំរបស់៤យ៉ាង ដែលអ្នកមិនគួរចំណាយលុយវិនិយោគលើ បើមិនចង់ខាតលុយ៖ 

១. គម្រោងវិនិយោគសន្យាផ្ដល់ចំណេញខ្ពស់៖ ដាក់លុយបានលុយ ធានាផលចំណេញច្រើន នេះជាក្បួនបោកដ៏ពេញនិយមដែលគេតែងតែប្រើ គឺគេដើរបបួលមហាជនមកចូលរួមវិនិយោគ ដោយគ្រាន់តែដាក់លុយក្នុងចំនួនណាមួយ ហើយគាត់នឹងទទួលបានផលចំណេញក្នុងកម្រិតណាមួយដូចជា ១០% ២០% ៣០% ឬច្រើនជាងនេះក៏មាន។ គេតែងបបួលវិនិយោគលើវិស័យនេះ វិស័យនោះ ហើយចុងក្រោយជាការបោកប្រាស់។ ត្រូវចាំថាការរកស៊ីដែលគេបបួលថា ចំណេញច្រើន ធានាមិនបាត់ទុន ឬក្លាយជាអ្នកមានឆាប់ គឺភាគច្រើនជាការបោកប្រាស់តែប៉ុណ្ណោះ។

 

២. អចលនទ្រព្យគ្មានលំហូរលុយ៖ ការវិនិយោគលើអចលនទ្រព្យ គឺជាការវិនិយោគមួយដែលអ្នកមានមិនសូវមើលរំលងឡើយ។ ប៉ុន្តែត្រង់ចំណុចនេះគឺចង់ផ្តោតទៅលើអចលនទ្រព្យដែលអាចដាក់ជួលបាន ដូចជាតូបនៅផ្សារ ផ្ទះល្វែង ដីជួល ឬឃ្លាំងជួលជាដើម។ ប៉ុន្តែផ្ទុយទៅវិញបើអ្នកចំណាយលុយទៅវិនិយោគលើអចនទ្រព្យ ដែលមិនអាចបង្កើតចំណូលបានដូចជា ដីនៅទីដាច់ស្រយ៉ាលមិនអាចដាក់ជួលបាន វាជាការចំណាយខុសធ្ងន់មួយក្នុងដំណាក់កាលនេះ ព្រោះថាលុយកំពុងតែពិបាករកហើយអ្នកបែរជាយកលុយទៅកប់ចោលថែមទៀត។

 

៣. គម្រោងវិនិយោគបែបពីរ៉ាមីត៖ Pyramid ឬ Ponzi Scheme គឺត្រូវបានគេដាក់ឈ្មោះតាមពាណិជ្ជករអ៊ីតាលីម្នាក់ឈ្មោះ Charles Ponzi ដែលបានបង្កើតគម្រោងការបោកប្រាស់តាមរយៈ ការបង្កើតគម្រោងវិនិយោគមួយ ហើយខំប្រឹងទាក់ទាញអ្នកវិនិយោគថ្មីៗឱ្យមកចូលរួមវិនិយោគជាមួយខ្លួន ឱ្យបានកាន់តែច្រើននាក់ ព្រោះគម្រោងវិនិយោគនេះ អាចរីកចម្រើនតាមរយៈការប្រមូលទុនអ្នកវិនិយោគ។

 

បន្ទាប់ពីបានប្រមូលទុនដែលបានពីអ្នកវិនិយោគថ្មីៗ ពួកគេនឹងយកភាគលាភមួយផ្នែកតូចមកចែកឱ្យអ្នកវិនិយោគចាស់ៗ ហើយបន្ទាប់ពីនោះ អ្នកវិនិយោគគ្រប់រូបដែលបានចូលរួម ត្រូវខំប្រឹងទាក់ទាញអ្នកវិនិយោគថ្មីៗឱ្យមកចូលរួមកាន់តែច្រើន ដើម្បីអាចទទួលបានភាគលាភកាន់តែច្រើនផងដែរ នៅគ្រាមួយដែលពួកគេមិនអាចស្វែងរកអ្នកវិនិយោគថ្មីៗមកចូលរួមជាមួយ គម្រោងវិនិយោគនោះនឹងដួលរលំ ដែលនឹងធ្វើឱ្យអ្នកចូលរួមវិនិយោគជាច្រើនខាតបង់ប្រាក់ជាច្រើន។

 

៤. ការវិនិយោគអនឡាញ៖ បច្ចុប្បន្នសង្គមយើងកំពុងស្ថិតនៅក្នុង World Wide Wed ដែលជាសកលលោកឌីជីថលសម្បូរទៅដោយ ព័ត៌មាន ប្រកបជាមួយនឹងបច្ចេកវិទ្យាទំនើប។ ទន្ទឹមនឹងនោះពួកជនឆបោក ក៏បានឆ្លៀតឱកាសនេះ ទាញយកផលប្រយោជន៍ តាមរយៈការបោកប្រាស់នៅក្នុងអ៊ីនធឺណេត។ ពួកគេភាគច្រើនបាន​បង្កើតជាគ្រុប វិនិយោគ ដែលនិយាយអំពីផលប្រយោជន៍នៃការវិនិយោគរបស់ពួកគេ ដើម្បីទាក់ទាញមនុស្សផ្សេងទៀតឱ្យដាក់លុយជាមួយ។

 

ទង្វើបែបនេះតែងកើតមានជារឿយៗ ហើយអ្នកដែលលង់ខ្លួនជឿតាមសម្ដីជនខិលខូចទាំងនោះ គឺមិនអាចទទួលបានលុយត្រឡប់មកវិញឡើយ។ អ៊ីនធឺណេត គឺជាកន្លែងគ្រោះថ្នាក់បំផុត ដែលមនុស្សគ្រប់គ្នាគួរតែប្រុងប្រយ័ត្នឱ្យបានខ្លាំង មុននឹងសម្រេចចិត្តដាក់លុយវិនិយោគ។ គម្រោងការក្លែងបន្លំ ការវិនិយោគនៅលើអ៊ីនធឺណេត មានច្រើនរាប់មិនអស់ ហើយវាមានគ្រប់ទម្រង់ ដែលភាគច្រើនជនខិលខូច ព្យាយាមប្រើផលចំណេញធ្វើជានុយទាក់ជនរងគ្រោះ៕

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia