លោកតា Charlie Munger ដែលជាដៃគូយល់ចិត្ត ជាដៃគូរកស៊ី និងជាមិត្តសម្លាញ់នឹងគ្នាជាង៦០ឆ្នាំរបស់មហាសេដ្ឋីលោក Warrant Buffet បានទទួលមរណភាពនៅវ័យ៩៩ឆ្នាំ ខណៈការបាត់បង់នូវសម្លាញ់យល់ចិត្តម្នាក់នេះសេដ្ឋី Buffet បានលើកឡើងនៅក្នុងសេចក្តីថ្លែងការមួយថា "Berkshire Hathaway នឹងមិនអាចឈរជើងដូច ស្ថានភាពបច្ចុប្បន្ន បើគ្មានការបំផុសគំនិតនិងការចូលរួមរបស់ Charlie" ។
បើតាមការចុះផ្សាយរបស់ CNBC បានឱ្យដឹងទៀតថា លោក Charlie Munger គឺជាដៃស្តាំដ៏ជិតស្និទ្នរបស់មហាសេដ្ឋី Warrant Buffet ដោយអ្នកទាំងពីរបានរាប់អានគ្នាជាមិត្តភាពជាង៦០ឆ្នាំហើយ ព្រមទាំងពុំដែលមានបញ្ហាឬជម្លោះនឹងគ្នាឡើយ។
ថ្លែងនៅក្នុងបទសម្ភាសន៍មួយកាលពីអំឡុងឆ្នាំ២០១៨ បិតាវិនិយោគលោក Buffet បាននិយាយថា “Charlie គឺជាមនុស្សម្នាក់ដែលផ្តល់ឱ្យ ខ្ញុំនូវអំណោយដ៏អស្ចារ្យបំផុតដែលមនុស្សម្នាក់ៗអាចផ្តល់ឱ្យអ្នកផ្សេងៗបាន គាត់បានធ្វើឲ្យខ្ញុំក្លាយជាមនុស្សល្អជាងខ្ញុំពីមុនទៅទៀត គាត់បានផ្តល់ដំបូន្មានល្អៗជាច្រើនដល់ខ្ញុំរាល់ពេលកន្លងមក ខ្ញុំបានរស់នៅក្នុងជីវិតដ៏ល្អប្រសើរក៏ដោយសារតែ Charlie ដែរ”។
គួរបន្ថែមផងដែរថាលោក Charlie Munger កើតនៅថ្ងៃទី០១ ខែមករា ឆ្នាំ១៩២៤ លោកគឺជាវិនិយោគិន ជាស្ថាបត្យករ អ្នកជំនួញនិងជាសប្បុរសជនដ៏ល្បីឈ្មោះរបស់អាមេរិក ខណៈលោកតែងតែចែករំលែកនូវចំណេះដឹងល្អៗដល់យុវជនជំនាន់ក្រោយហើយ នាដើមឆ្នាំ២០២៣ ទ្រព្យសម្បត្តិរបស់មហាសេដ្ឋីរូបនេះត្រូវបានគេប៉ាន់ស្មានមានប្រមាណ ២.៦ ពាន់លានដុល្លារ ខណៈលោកនិងបិតាវិនិយោគ Warrant Buffet គឺជាអ្នកជ្រោមជ្រែងក្រុមហ៊ុនវិនិយោគទុនដ៏ធំ Berkshire Hathaway។
នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ លោកតា Charlie Munger បានទទួលមរណភាពដោយសារជរាពាធ នាមន្ទីរពេទ្យនៃរដ្ឋ California សហរដ្ឋអាមេរិក ក្នុងជន្មាយុ៩៩ឆ្នាំ ស្របពេល៥សប្តាហ៍ទៀតប៉ុណ្ណោះលោកមានអាយុ១០០ឆ្នាំហើយ៕
អត្ថបទដោយ៖ ពីង ជូអេង