ធ្លាប់តែធ្វើឱ្យគេសើចដោយសារការសម្តែងកំប្លែង តែត្រូវបែរជាត្រូវពិភពលោកសើចចម្អកដោយសារដឹកនាំប្រទេសធ្លាក់ទៅក្នុងភាពទន់ខ្សោយទៅវិញ។ លោក Volodymyr Zelensky មុនពេលចូលប្រឡូកក្នុងឆាកនយោបាយ២ឆ្នាំ លោកគ្រាន់តែជាតារាកំប្លែង និងសម្ដែងដ៏មានប្រជាប្រិយម្នាក់ ក្នុងកម្មវិធីទូរទស្សន៍ “Servant of the People” ប៉ុណ្ណោះហើយបានក្លាយជាប្រធានាធិបតីអ៊ុយក្រែនដោយមិននឹកស្មានដល់។
នៅក្នុងឆ្នាំ២០១៩ ភាពជោគជ័យបស់លោក Volodymyr Zelensky បានកើតឡើងដោយសារភាពល្បីល្បាញរបស់លោកដែលបានឈរឈ្មោះធ្វើនយោបាយ។
ជាមួយនឹងការឃោសនារកសំឡេងឆ្នោតតាមអ៊ីនធើណេត ដោយបានសន្យាថានឹងកែទម្រង់រដ្ឋាភិបាលសាធារណៈ និងកែផ្លាស់ប្តូរជីវភាព ប្រជាជនអ៊ុយក្រែន បានធ្វើឱ្យប្រជាជនជាច្រើនពេញចិត្ត ហើយបោះឆ្នោតឱ្យគាត់ឈ្នះផ្លុកទឹកផ្លុកដី ឈ្នះលើប្រធានាធិបតីដែលកំពុងកាន់អំណាចលោក Petro Poroshenko។
ថ្វីបើគាត់ជាអ្នកនយោបាយថ្មីថ្មោងគ្មានបទពិសោធន៏ក៏ដោយ ក៏គោលនយោបាយប្រឆាំងអំពើពុករលួយរបស់ Zelensky ទទួលបានការគាំទ្រយ៉ាងពេញទំហឹងពីសំណាក់ប្រជាជនអ៊ុយក្រែន ដើម្បីផ្លាស់ប្តូរមេដឹកនាំចាស់ដែលដឹកនាំតាមរបបប្រពៃណីចេញ ធ្វើឱ្យប្រទេសមិនរីកចម្រើនផ្នែកសេដ្ឋកិច្ច។
យ៉ាងណាមិញទោះបីជាការដឹកនាំរបស់ប្រធានាធិបតី Volodymyr Zelensky នាពេលបច្ចុប្បន្នកំពុងស្ថិតនៅក្នុងអំឡុងសង្រ្គាម ឈ្លានពានពីរុស្ស៊ីក៏ដោយ ក៏លោកនៅតែទទួលបានការសាទរនិងគោរពស្រឡាញ់ ពីសំណាក់ប្រជាជនថាជាវីរ់ៈជនផងដែរ។
សូមជម្រាបថាលោក Zelensky កើតនៅ ខែមករា ឆ្នាំ១៩៧៨ នៅប្រទេសអ៊ុយក្រែន មានឪពុកម្តាយជនជាតិជ្វីហ្វ។ គាត់ចេះ ភាសាអ៊ុយក្រែន ភាសាអង់គ្លេសនិងភាសារុស្សីយ៉ាងស្ទាត់ជំនាញផងដែរ។នៅឆ្នាំ១៩៩៥ គាត់បានចូលវិទ្យាស្ថានសេដ្ឋកិច្ចនៅទីក្រុង Kivv ហើយនៅឆ្នាំ២០០០ គាត់បានបញ្ចប់ការសិក្សាថ្នាក់ច្បាប់ ប៉ុន្តែគាត់មិនបានពូកែផ្នែកច្បាប់នោះទេ គាត់ចូលចិត្តការសម្តែងនិងការថតកុន៕
អត្ថបទដោយ៖ ពីង ជូអេង