ក្រុមហ៊ុនជិត ៤០ មកពីប្រទេសធំ ២ នេះ ចុះមកកម្ពុជាផ្ទាល់ដើម្បីស្វែងរកឱកាសវិនិយោគ
Bunthoeun KoemMARCH 3 2025301 views

នៅដើមឆ្នាំ២០២៥ នេះ កម្ពុជាទទួលបានគម្រោងវិនិយោគកើនឡើងគួរឲ្យកត់សម្គាល់។ យោងតាមរបាយការណ៍របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅខែមករា ដើមឆ្នាំ២០២៥នេះ កម្ពុជាទទួលបានគម្រោងវិនិយោគថ្មីបន្ថែមចំនួន៦៨ ដែលមានទុនវិនិយោគសរុបប្រមាណ ៧៤៨លានដុល្លារ កើនឡើងចំនួន ៣៦គម្រោង ខណៈទុនវិនិយោគមានការកើនឡើងប្រមាណ ៥៦១លានដុល្លារអាមេរិក ស្មើនឹងប្រមាណ ៣០០ ភាគរយបើធៀបនឹងខែមករា ឆ្នាំ២០២៤។ ទាក់ទងនឹងការវិនិយោគនេះដែរ នាពេលថ្មីៗនេះតំណាងក្រុមហ៊ុនមកពីសហរដ្ឋអាមេរិក និងចិន សរុបជិត ៤០ ក្រុមហ៊ុន ក៏បានចុះមកសិក្សា ដើម្បីស្វែងរកឱកាសវិនិយោគនៅក្នុងប្រទេសកម្ពុជាផងដែរ។

 

481058177 1079640170860915 6156798009934028029 N

 

ជាក់ស្ដែងនៅថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៥ នេះ គណៈប្រតិភូធុរជនអញ្ជើញមកពីរដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាម៉េរិក ដែលមានក្រុមហ៊ុនប្រមាណ ២០ បានធ្វើការជួបពិភាក្សាជាមួយនឹងឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។ នៅក្នុងជំនួបឯកឧត្ដមឧបនាយករដ្ឋមន្ដ្រី ក៏បានជម្រាបជូនកាន់គណៈប្រតិភូធុរជន អំពីដំណើរអភិវឌ្ឍន៍របស់ព្រះរាជាណាចក្រកម្ពុជា និងបានរំលេចអំពីសក្តានុពលវិជ្ជមាននានារបស់កម្ពុជា ដែលជាបច្ច័យសម្រាប់ពិចារណាក្នុងការមកដាក់ទុនវិនិយោគ រួមមាន៖ ទីតាំងភូមិសាស្រ្តដែលមានអំណោយផលខ្ពស់ និងជាប្រភពនៃថាមពលកកើតឡើងវិញ, សុខសន្តិភាព និងស្ថិរភាពនយោបាយ, លំនឹងម៉ាក្រូសេដ្ឋកិច្ច, កម្លាំងពលកម្មវ័យក្មេងដែលមានលក្ខណៈរួចរាល់សម្រាប់បរិវត្តកម្មឌីជីថល និងបើកទូលាយក្នុងការទទួលយកការបណ្តុះបណ្តាលថ្មីៗ, ការគាំទ្រពីសំណាក់រាជរដ្ឋាភិបាលដល់ការរីកលូតលាស់នៃវិស័យធុរកិច្ចឯកជន តាមរយៈវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន, ច្បាប់ស្តីពីវិនិយោគដែលមានភាពបត់បែន និងអនុគ្រោះខ្ពស់, ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនអន្តរមធ្យោបាយ និងវិស័យភស្តុភារកម្ម ដែលបាននិងកំពុងអភិវឌ្ឍឱ្យកាន់តែមានភាពសម្បូរបែប និងប្រទាក់ក្រឡា ទាំងផ្លូវគោក ផ្លូវទឹក ផ្លូវដែក និងផ្លូវអាកាស សំដៅជំរុញឱ្យ សមាហរណកម្មនៅទូទាំងប្រទេស និងទៅកាន់តំបន់មានភាពប្រសើរឡើង។

 

បន្ទាប់ពីបានស្តាប់ប្រសាសន៍លើកឡើងរបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី គណៈប្រតិភូធុរជនបានគោរពជូននូវការកោតសរសើរ និងសម្តែងនូវចំណាប់អារម្មណ៍ខ្ពស់លើការរីកចម្រើនគួរឱ្យកត់សម្គាល់របស់កម្ពុជា។ ទន្ទឹមនឹងនេះ គណៈប្រតិភូធុរជនក៏បានធ្វើការវាយតម្លៃខ្ពស់ចំពោះការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល ក៏ដូចជាក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាផ្ទាល់ ក្នុងការសម្របសម្រួល និងថែទាំគាំទ្រដល់វិស័យឯកជន ព្រមទាំងបានបង្ហាញនូវឆន្ទៈក្នុងការពិនិត្យលទ្ធភាពដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងរដ្ឋកាលីហ្វ័រញ៉ា និងកម្ពុជា ជាពិសេសលើទំនាក់ទំនងសេដ្ឋកិច្ច និងការវិនិយោគរវាងតំបន់ទាំងពីរ។​

 

480858001 1071314755026790 1738179944154369550 N

 

ទាក់ទងនឹងក្រុមហ៊ុនសហរដ្ឋអាមេរិកនេះដែរ កាលពីថ្ងៃទី២១ ខែកុម្ភៈ កន្លងទៅ ក្រុមហ៊ុន Starlink - SpaceX របស់មហាសេដ្ឋី Elon Musk ក៏បានបញ្ចូន លោកស្រី Rebecca Hunter នាយិកាផ្នែកទីផ្សារនៃក្រុមហ៊ុន និងគណៈប្រតិភូចុះមកកាន់ប្រទេសប្រទេសកម្ពុជាផងដែរ។ ដោយដំណើរទស្សនៈកិច្ចរបស់គណៈប្រតិភូក្រុមហ៊ុន Starlink - SpaceX នេះ គឺក្នុងគោលបំណងសិក្សាស្វែងយល់បន្ថែមអំពីបច្ចុប្បន្នភាព និងបរិយាកាសនៃការវិនិយោគលើការធ្វើទំនើបកម្មបច្ចេកវិទ្យា ដើម្បីបានជាមូលដ្ឋានក្នុងការពិនិត្យលទ្ធភាព និងឱកាសក្នុងការវិនិយោគ។ តាមការបញ្ជាក់ពីលោកស្រី កម្ពុជា គឺជាគោលដៅអាទិភាពមួយក្នុងចំណោមគោលដៅវិនិយោគរបស់ក្រុមហ៊ុនខ្លួននៅក្នុងឆ្នាំ២០២៥ នេះ។

 

480282326 1068096802015252 1693231494819777002 N

 

ដោយឡែកកាលពីថ្ងៃទី១៧ ខែកុម្ភៈ កន្លងទៅនេះដែរ គណៈប្រតិភូក្រុមហ៊ុនចិនចំនួន១៨ មកពីទីក្រុងនីងប៉ ខេត្តចឺជាំង សាធារណរដ្ឋប្រជាមានិតចិន ដឹកនាំដោយលោកស្រី លូ ចឺឈីង (Lu Zhiqiong) អគ្គនាយកធនាគារនីងប៉ក្រុមហ៊ុនទាំងនោះមានកម្មវត្ថុអាជីវកម្មក្នុងវិស័យមួយចំនួនដូចជាការកែច្នៃកៅស៊ូ ផលិតសម្ភារៈបរិក្ខារពេទ្យ សម្ភារៈឆ្លាតវៃប្រើប្រាស់ក្នុងផ្ទះ សម្លៀកបំពាក់ និងធនាគារ  បានជួបពិភាក្សាការងារជាមួយគណៈកម្មាធិការវិនិយោគកម្ពុជា។ តាមរយៈជំនួបនេះលោកស្រីសង្ឃឹមថា នឹងធ្វើឲ្យក្រុមហ៊ុនមានចំណាប់អារម្មណ៍កាន់តែខ្លាំងក្នុងការគិតគូរមកបណ្តាក់ទុនវិនិយោគនៅកម្ពុជា៕

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia