ជាដំណឹងដ៏រីករាយមួយ ស៊ីហ្គេមនៅកម្ពុជាបានទាញអ្នកគាំទ្រជនជាតិវៀតណាម ឱ្យមកទស្សនាជាច្រើននាក់ ខណៈអ្នកដំណើរដែលធ្វើដំណើរពីប្រទេសវៀតណាមមកកម្ពុជាតាមយន្តហោះកើនឡើងយ៉ាងខ្លាំងមុនការប្រកួតកីឡាស៊ីហ្គេមលើកទី៣២។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន VIETNAM NET កាលពីពេលថ្មីនេះ។
លោក Tran Minh Hoan អ្នកគ្រប់គ្រងសាខានៃក្រុមហ៊ុនអាកាសចរណ៍វៀតណាមនៅកម្ពុជាបានឱ្យដឹងថា “ចំនួនជើងហោះហើរបរទេសមកកម្ពុជាបានកើនឡើង ២៥ភាគរយក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ រួមទាំងជើងហោះហើរមកពីប្រទេសវៀតណាមផងដែរ”។ ទន្ទឹមនឹងនេះដែរ នាយឧត្តមសេនីយ៍ សៅ សុខា អនុប្រធានគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ (CAMSOC) មានប្រសាសន៍ថា “អ្នកគាំទ្រវៀតណាម និងជនបរទេសវៀតណាមនៅកម្ពុជាប្រមាណ ២ម៉ឺននាក់ បានចុះឈ្មោះជាមួយអាជ្ញាធរកម្ពុជា ដើម្បីទស្សនាការប្រកួតកីឡាដែលមានកីឡាករវៀតណាម”។
គួរបញ្ជាក់គួរជម្រាបផងដែរថា ការកើនឡើងដ៏គួរឱ្យកត់សម្គាល់នេះ មួយផ្នែកធំគឺមានការចូលរួមពីក្រុមហ៊ុនអាកាសចរណ៍វៀតណាមបានអនុវត្តការផ្សព្វផ្សាយជាច្រើន រួមទាំងការផ្តល់វ៉ាលី ១០០០ គីឡូក្រាមដោយឥតគិតថ្លៃសម្រាប់គណៈប្រតិភូ ក៏ដូចជាការកក់ទុក និងកាលវិភាគហោះហើរប្រកបដោយភាពបត់បែនសម្រាប់អត្តពលិកក្នុងស្រុក៕