របរចិញ្ចឹមពស់ បើស្តាប់ទៅពិតជាគួរឱ្យខ្លាចពិតមែន ព្រោះរបរមួយនេះពុំសូវមានអ្នកចិញ្ចឹមច្រើនឡើយ ប៉ុន្តែសម្រាប់បុរសវៀតណាមនេះវិញ បើទោះបីជាគ្រប់គ្នានិយាយបែបណាក៏លោកមិនខ្វល់ដែរ ពោលលោកនៅតែចិញ្ចឹមតាមបច្ចេកទេសត្រឹមត្រូវរហូតអាចលក់រកចំណូលបានរាប់ពាន់ដុល្លារក្នុង១ខែ។
លោក Ting គឺជាបុរសវៀតណាមម្នាក់ដែលខំចំណាយពេលរហូតដល់ទៅ ១៣ឆ្នាំនឹងធ្លាប់បរាជ័យរហូតដល់ទៅ២០ដង ទម្រាំតែលោកអាចរកឃើញបច្ចេកទេសក្នុងការបង្កាត់ពូជពស់ក៏ដូចជាបច្ចេកទេសចិញ្ចឹមពស់នេះបាន ប៉ុន្តែសម្រាប់ការចិញ្ចឹមនេះដែរ គឺលោកមិនមែនយកសាច់លក់ទេ ពោលគឺលោកចិញ្ចឹមដើម្បីលក់ពូជតែប៉ុណ្ណោះ។
នៅក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មាន VnExpress លោក Ting បាននិយាយថា កាលពីដើមចមឡើយលោកគឺជាកសិករម្នាក់ដែលបានចាប់មុខរបរចិញ្ចឹមត្រីប៉ុណ្ណោះ ប៉ុន្តែលោកមើលឃើញថានៅក្នុងប្រទេសវៀតណាមកំពុងតែមានតម្រូវការពស់កាន់តែច្រើនឡើង ខណៈពេលនោះលោកក៏បានរៀនពីបច្ចេកទេសចិញ្ចឹមពស់ខ្លះៗ ក៏ដូចរៀនមើលពីចរឹតពស់ផ្សេងៗគ្នា ថាតើអាចចិញ្ចឹមបែបណាទើបបានល្អ។
ក្រោយដឹងពីការចិញ្ចឹមពស់ខ្លះៗហើយ លោក Ting ក៏បានសាកល្បងចិញ្ចឹមក្នុងពាង ចិញ្ចឹមក្នុងអាងស៊ីម៉ង់ ចិញ្ចឹមក្នុងតង់ក៏មានដែរ តែបន្ទាប់ពីសាកល្បងចិញ្ចឹមម្តងហើយម្តងទៀតលោកបានមើលឃើញថាអ្វីដែលជោគជ័យក្នុងការចិញ្ចឹមពស់នេះគឺយើងត្រូវតែចិញ្ចឹមពាក់កណ្តាលធម្មជាតិពាក់កណ្តាលតាមបែបទំនើប មានន័យថាការដែលគាត់ចិញ្ចឹមនៅក្នុងអាងស៊ីម៉ង់ឬអាងតង់នឹងគឺពុំទទួលបានជោគជ័យឡើយ។ ដូច្នេះហើយលោកបានផ្លាស់ប្តូរពីការចិញ្ចឹមនៅក្នុងអាង មកចិញ្ចឹមនៅក្នុងស្រះវិញដែលមានរៀបចំជា ទ្រូងដើម្បីកុំឱ្យពស់វាលចេញបានកាលចិញ្ចឹមបែបនេះហើយបានធ្វើឱ្យលោកអាចបង្កាត់ពូជពស់បានជាច្រើន។
លោក Ting បាននិយាយថា ពេលចាប់ផ្តើមចិញ្ចឹមក្នុងស្រះនេះដំបូងលោកចាប់ផ្តើមត្រឹមតែ ២០ក្បាលប៉ុណ្ណោះ ដែលលោកបានរកមកពីក្នុងព្រៃរហូតដល់ពេលបច្ចុប្បន្ននេះលោកអាចបង្កាត់ពូជកូនពស់លក់បានក្នុងចន្លោះពី ២៧០០ក្បាលឡើងដល់ ៣០០០ក្បាលក្នុង១ខែដែលធ្វើឱ្យលោកអាចរកចំណូលបានខ្ទង់ពាន់ដុល្លារពីរបរចិញ្ចឹមពស់នេះ។
មិនតែប៉ុណ្ណោះ សម្រាប់ការចិញ្ចឹមពស់យកសាច់គឺមិនសូវលំបាកទេ ប៉ុន្តែសម្រាប់ការចិញ្ចឹមពស់បង្កាត់យកកូននេះវិញគឺមានផលលំបាកខ្លាំងណាស់ ព្រោះពស់ខ្លះពងចេញក្រៅចំណែកពស់ខ្លះអត់ពងចេញមកក្រៅទេ ពោលវាបានបង្កកំណើតចេញកូនមកតែម្តង តែយ៉ាងមិញទោះបីជាលំបាកយ៉ាងណាក៏ដោយក៏លោក Ting នៅតែខំប្រឹងចាយពេលរហូតដល់ទៅ១៣ឆ្នាំ ដើម្បីឱ្យយល់ច្បាស់ពីការចិញ្ចឹមពស់នេះរហូតធ្វើឱ្យលោកជោគជ័យបាននឹងអាចរកចំណូលបានយ៉ាងច្រើនផងដែរ៕
អត្ថបទ៖ ធី ស្រីល័ក្ខ