ការលើកស្លាកអាជីវកម្មពិតជាមានសារៈសំខាន់ណាស់ក្នុងការបើកមុខជំនួញ ព្រោះវាមានតួនាទីសំខាន់ដើម្បីផ្សាព្វផ្សាយ ដើម្បីឱ្យអតិថិជនស្គាល់ថា យើងជានរណា លក់អ្វី ដូច្នេះហើយបើអ្នកចេះតុបតែងវាឱ្យស្អាត នោះនឹងសម្បូរអ្នកមើល តែបើអត់ទេ គ្មាននរណាមកចាប់អារម្មណ៍ទេ។ ដូច្នេះហើយថ្ងៃនេះ Business Cambodia សូមលើកយកចំណុចសំខាន់ៗមួយចំនួនដែលវៀតណាមលើកស្លាកដែលទាក់ទាញភ្នែកខ្លាំង៖
១. ការជ្រើសពណ៌៖ នៅក្នុងប្រទេសវៀតណាម គេមិនមែនចេះតែជ្រើសពណ៌តាមតែចិត្តមកដាក់ ឱ្យបានរួចៗពីដៃនោះទេ តែផ្ទុយទៅវិញគេជ្រើសរើសពណ៌ណាដែលមើលបានឆ្ងាយ ពណ៌ភ្លឺ ព្រោះវាអាចទាក់ទាញភ្នែកអតិថិជនឱ្យចង់ងាកទៅមើលថែមទៀត។ ដូច្នេះហើយពណ៌ដែលប្រជាជនវៀតណាមនិយមដាក់ជាងគេ គឺពណ៌លឿង និងក្រហម។
២. ទំហំ៖ បើនិយាយពីទំហំវិញ មិនថាអាជីវកម្មតូចប៉ុនណានោះទេ ភាគច្រើនគេដាក់ស្លាកធំៗ ងាយស្រួលមើល ច្បាស់ជាង និងងាយស្រួលសរសេរជាពុម្ពធំ ដើម្បីងាយស្រួលមើល មិនពិបាកទាល់តែទៅជិតទើបមើលឃើញនោះទេ គ្រាន់តែក្រឡេកអតិថិជនអាចដឹងភ្លាមថាយើងកំពុងលក់អ្វីបាត់ទៅហើយ។
៣. ការផ្សាព្វផ្សាយ៖ នៅក្នុងប្រទេសកម្ពុជា ផ្ទាំងប៉ាណូភាគច្រើនគឺគ្រាន់តែជាឈ្មោះហាង និងមុខងារប៉ុណ្ណោះ ប៉ុន្តែបើក្រឡេកមើលប្រទេសជិតខាងយើងវិញ ដោយសារតែផ្ទាំងរបស់គេធំៗ វាងាយស្រួលបន្ថែមនៅឈ្មោះ ហ្វេសប៊ុកផេក Instragram និងប្រព័ន្ឋផ្សាព្វផ្សាយសង្គមផ្សេងៗទៀត។ ដូច្នេះហើយសម្រាប់បងប្អួនដែលជិះកាត់ ហើយមិនមានពេលចូលមើល ក៏អាចស្វែងរកតាមរយៈបណ្ដាញខាងលើបានថែមទៀត បើមិនដូច្នេះទេ អតិថិជនក៏អាចខលដោយផ្ទាល់ក៏បាន ។
អត្ថបទដោយ៖ កញ្ញា នៅ ថាត់សណា