ការសិក្សារបស់ស្ថានប័នសាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ (IFC) បានរកឃើញថា មានជិត ៣០ ភាគរយនៃការបំភាយឧស្ម័នផ្ទះកញ្ជាក់កើតចេញពីការប្រើប្រាស់ថាមពលនៅក្នុងអគារ ហើយការចាប់ផ្តើមគិតគូរទៅលើសំណង់អគារបៃតងកាន់តែច្រើនឡើង គឺជាយុទ្ធនាជាការរួមចំណែកដ៏ធំធេងមួយក្នុងការកាត់បន្ថយកាកសំណល់កាបូន ព្រមទាំងជួយកាត់បន្ថយផលអវិជ្ជមានដល់បរិស្ថាននៅលើពិភពលោក។ សម្រាប់អគារការិយាល័យ VTrust Tower បាននឹងកំពុងចូលរួមក្នុងយុទ្ធនាការដ៏សំខាន់នេះ ដោយទទួលបានការបញ្ជាក់ជាអគារការិយាល័យបៃតងពី EGDE ដោយប្រតិបត្តិការក្នុងអគារនេះអាចសម្រេចការសន្សំទឹកបាន 52%, ការសន្សំថាមពល 24%, និង 84% នៃវត្ថុធាតុដើមទាំងអស់ប្រើប្រាស់ក្នុងអគារបង្កការរំខានតិចតូចដល់បរិស្ថាន និងការកាត់បន្ថយបំភាយឧស្ម័នកាបូនិច (CO2) ប្រមាណ២៣០ តោនប្រចាំឆ្នាំ
រាជធានីភ្នំពេញ, ៨ តុលា ២០២២ - អគារការិយាល័យ VTrust Tower ដែលគ្រប់គ្រងដោយក្រុមហ៊ុន Golden Tree Co.,Ltd ត្រូវបានទួលស្គាល់ជាអគារការិយាល័យបៃតងដំបូងគេពី EDGE ដែលជាប្រព័ន្ធផ្តល់វិញ្ញាបនបត្រអគារបៃតងមួយដែលមានការទទួលស្គាល់ជាអន្តរជាតិ។ ការផ្តល់វិញ្ញាបនបត្រនាពេលនេះគឺបានឆ្លុះបញ្ចាំងពីការចូលរួមដ៏សំខាន់របស់អគារ VTrust Tower ក្នុងការជួយគាំទ្រដល់សកម្មភាពថែររក្សាបរិស្ថាន ជាពិសេសដើម្បីទប់ទល់ទៅនឹងការបម្រែបម្រួលអកាសធាតុ។
កម្មវិធីទទួលវិញ្ញាបនបត្រនេះត្រូវបានរៀបចំធ្វើឡើងនៅថ្ងៃទី ៨ តុលា ឆ្នាំ២០២២ នៅឯអគារ VTrust Tower ដោយមានការចូលរួមពីតំណាងសាជីវកម្មអន្តរជាតិ (IFC) ក្នុងការប្រគល់វិញ្ញាបនបត្រនោះទៅដល់លោកស្រី Judy Tan អនុប្រធានប្រតិបត្តិក្រុមហ៊ុន Golden Tree Co., Ltd ព្រមទាំងមានការអញ្ចើញចូលរួមពីភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិជាច្រើនរូបផងដែរ។
EDGE ត្រូវបានផ្តួចផ្តើមឡើងដោយសាជីវកម្មអន្តរជាតិ ដែលជាបុត្រសម្ព័ន្ធរបស់ធនាគារពិភពលោក។ EDGE គឺជាប្រព័ន្ធផ្តល់វិញ្ញាបនបត្រអគារបៃតងមួយដែលមានការទទួលស្គាល់ជាអន្តរជាតិ ផ្តោតលើការដាក់ពន្ធុ និងការទទួលស្គាល់សំណង់អគារលំនៅឋាន អគារពាណិជ្ជកម្មទាំងឡាយណាដែលអាចសន្សំសំចៃលើការប្រើប្រាស់ធនធាននានាដោយមានប្រសិទ្ធភាព។ សម្រាប់អគារការិយាល័យ VTrust Tower ដែលទទួលបានវិញ្ញាបនបត្រពី EDGE ក្លាយជាអគារការិយាល័យបៃតងដំបូងគេនៅកម្ពុជា ដោយអាចសម្រេចការសន្សំប្រើប្រាស់ទឹកបាន 52%, ការសន្សំថាមពល 24%, និង 84% នៃវត្ថុធាតុដើមទាំងអស់ប្រើប្រាស់ក្នុងអគារបង្កការរំខានតិចតូចដល់បរិស្ថាន ព្រមទាំងការរួមចំណែកដល់ការកាត់បន្ថយបំភាយឧស្ម័នកាបូនិច (CO2) ប្រមាណ២៣០ តោនប្រចាំឆ្នាំ។
ការសិក្សារបស់ស្ថានប័នសាជីវកម្មហិរញ្ញវត្ថុអន្តរជាតិបានរកឃើញថា មានជិត ៣០ភាគរយនៃការបំភាយឧស្ម័នផ្ទះកញ្ជាក់កើតចេញពីការប្រើប្រាស់ថាមពលនៅក្នុងអគារ ហើយការចាប់ផ្តើមគិតគូរទៅលើសំណង់អគារបៃតងកាន់តែច្រើនឡើង គឺជាយុទ្ធនាជាការរួមចំណែកដ៏ធំធេងមួយក្នុងការកាត់បន្ថយកាកសំណល់កាបូន ព្រមទាំងជួយកាត់បន្ថយផលអវិជ្ជមានដល់បរិស្ថាននៅលើពិភពលោក។
លោកស្រី Judy Tan អនុប្រធានប្រតិបត្តិក្រុមហ៊ុន Golden Tree Co., Ltd បានឱ្យដឹងថា ការទទួលបានវិញ្ញាបនបត្រទទួលស្គាល់ជាអន្តរជាតិនាពេលនេះ គឺជាសក្ខីកម្មដ៏សំខាន់មួយដែលឆ្លុះបញ្ចាំងពីការប្តេជ្ញាដ៏មុតមាំរបស់ក្រុមហ៊ុន ក្នុងការចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា ដើម្បីកាត់បន្ថយការបំភាយឧស្ម័នកាបូនិក។
លោកស្រីថ្លែងថា៖ “បន្ថែមពីលើការយកចិត្តទុកដាក់បរិស្ថាន ក្រុមហ៊ុននឹងបន្តខិតខំអនុវត្តស្តង់ដាបរិស្ថាន សង្គម អភិបាលកិច្ច (ESG)។ យើងចង់ធ្វើបន្ថែមទៀត បន្តកែលម្អបញ្ហា ESGដែលយើង និងឧស្សាហកម្មទាំងមូលកំពុងប្រឈមមុខនាពេលបច្ចុប្បន្ន”។
លោកស្រីបន្តថា៖ “យើងជឿជាក់ថា គំនិតផ្តួចផ្តើមនេះ នឹងក្លាយជាជំនួយដ៏សំខាន់ក្នុងការរចនា និងការអនុវត្តគោលការណ៍ធានាបាននូវនិរន្តរភាពឱ្យបានកាន់តែប្រសើរឡើង ដែលអាចជួយទ្រទ្រង់ដល់ការរីកលូតលាស់ និងពង្រឹងសមត្ថភាពក្នុងការគ្រប់គ្រងហានិភ័យ គុណភាពសេវាកម្ម ព្រមទាំងបង្កើនប្រសិទ្ធភាពប្រតិបត្តិការដល់ដៃគូរអាជីវកម្ម,ក្រុមការងារ និងភាគីពាក់ព័ន្ធ”។
នៅពេលខាងមុខ ក្រុមហ៊ុន Golden Tree Co., Ltd ក៏មានផែនការអភិវឌ្ឍន៍អគារការិយាល័យបៃតងបន្ថែមទៀត ព្រមទាំងមានផែនការអភិវឌ្ឍន៍, គ្រប់គ្រង, និងវិនិយោគគម្រោងលំនៅឋាន និងសួនឧស្សាហកម្មបៃតងផងដែរ។ គោលដៅរបស់ Golden Treeគឺកសាង និងអភិវឌ្ឍសហគមន៍ធុរកិច្ចមួយ ដែលផ្តោតលើការយកចិត្តទុកដាក់ និងលើកកម្ពស់អភិវឌ្ឍន៍សង្គម សេដ្ឋកិច្ច និងបរិស្ថាន តាមរយៈកិច្ចសហការនានាក្នុងការគ្រប់គ្រងបញ្ហាបរិស្ថាន និងធនធាន។
ទន្ទឹមគ្នានេះ ក្រុមហ៊ុន Golden Tree គ្រោងនឹងបោះផ្សាយលក់មូលបត្របំណុលបៃតងដំបូងគេនៅកម្ពុជា (ឬសញ្ញាបណ្ណបៃតងទី១) ដែលកាលពីថ្ងៃទី៥ តុលា កន្លងទៅថ្មីនេះៗក្រុមហ៊ុនទទួលបានការឯកភាពជាគោលការណ៍លើពាក្យស្នើសុំពិនិត្យលទ្ធភាពក្នុងការចុះបញ្ជីលក់មូលបត្របំណុលបៃតង ហើយរំពឹងទទួលបានការឯកភាពទាំងស្រុងពីផ្សារមូលបត្រកម្ពុជានៅខែវិច្ឆិកា ក្នុងឆ្នាំ២០២២នេះ។
អគារបៃតង ត្រូវបានកំណត់និយមន័យជាប្រភេទអគារទាំងឡាយណាដែលសាងសង់ឡើង និងប្រតិបត្តិការ ធានាបាននូវកាត់ការបន្ថយ និងមិនធ្វើឱ្យប៉ះពាល់ធ្ងន់ធ្ងរដល់បរិស្ថាន។ អគារបៃតង ត្រូវបានចាត់ទុកជាកាលានុវត្តន៍ភាពដ៏សំខាន់សម្រាប់ការវិនិយោគ ដោយហេតុថាវាជួយជំរុញគុណភាព និងធានាបាននូវនិរន្តភាពនៅក្នុងគម្រោងអគារនោះកាន់តែមានភាពល្អប្រសើរឡើង។
របាយការណ៍ស្រាវជ្រាវរបស់សាជីវកម្មអន្តរជាតិ (IFC) បានបង្ហាញថា សក្តានុពលទីផ្សារអគារបៃតងនៅតាមបណ្តាប្រទេសកំពុងមានការអភិវឌ្ឍន៍នៅទូទាំងពិភពលោកត្រូវបានប៉ាន់ប្រមាណថាមានទំហំទុននៃការវិនិយោគដល់ទៅជិត ២៥ ពាន់លានដុល្លារអាមេរិកនៅត្រឹមឆ្នាំ ២០៣០។
ប្រភពរបាយការណ៍៍ដដែលបានបញ្ជាក់ទៀតថា អគារបៃតង អាចមានអត្រាជួលខ្ពស់ដល់ទៅ ៨ ភាគរយ ហើយអត្រានៃការលក់វិញមាន ៣១ ភាគរយ បើធៀបនឹងអគារដែលមិនផ្សារភ្ជាប់ទៅនឹងបៃតង៕