មនុស្សជាច្រើនដឹងថាការអានសៀវភៅបង្កើនចំណេះដឹង ប៉ុន្តែមានមនុស្សមិនច្រើនទេដែលអានសៀវភៅ តួយ៉ាងសាច់រឿងមួយដ៏គួរឱ្យចាប់អាម្មណ៍ខ្លាំងនោះគឺ ស្រី្តមា្នក់ដែលជាអតីតកម្មកររោងចក្រ តស៊ូជម្នះនៅបញ្ហាជាច្រើន រហូតក្លាយជាអ្នករកស៊ីលក់ដូរយ៉ាងចំណាន និងកំពុងក្តាប់អាជីវកម្មចំនួន ៣នៅក្នុងដៃ ។
តាមរយៈបទសម្ភាសន៍ជាមួយលោក សំ កុសល ក្នុងវីដេអូយូធូបដែលមានរយៈពេលជិត២០នាទី គឺ លោកស្រី ផាន់ណា បានថ្លែងប្រាបយ៉ាងដូច្នេះថា បច្ចុប្បន្ន លោកស្រីជាម្ចាស់ដេប៉ូយីហោ ផាន់ណា ដែលត្រូវបានគេស្គាល់ថាជាដេប៉ូលក់ខោអាវជជុះ ចាប់ហួយ ជី និងផលិតផលកសិកម្មជាច្រើនទៀត ពោលគឺគាត់កំពុងក្តាប់មុខរបរបីនៅក្នុងដៃ។
ងាកទៅកាន់អតីតកាលបន្តិច កូនអ្នកខេត្តសៀមរាបរូបនេះ បានថ្លែប្រាប់ឱ្យដឹងទៀតថា ដំបូងឡើយគាត់ធ្លាប់ជាកម្មកររោងចក្រមួយកន្លែងនៅរាជនីភ្នំពេញអស់ រយៈពេលជិត១០ឆ្នាំ ដោយទទួលបានកម្រៃស្តួចស្តើងមែនទែន ស្ទើរតែចិញ្ចឹមខ្លួនមិនរស់ ហើយនៅពេលដើរកាត់ហាងគេម្តងៗ គឺតែងតែស្រមៃចង់បានដូចគេដែរ ។
ដោយសេចក្តីស្រឡាញ់ និងមានគោលដៅក្នុងខ្លួន មានពេលមួយនោះ វាហាក់បីជាចៃដន្យមែនទែន លោកស្រីរើសបានសៀវភៅមួយក្បាល ដែលមិនចាំចំណងជើង ហើយរហែកអស់ជាច្រើនទំព័រទៅទៀត តែលោកស្រី គ្រាន់តែដឹងថាក្នុងនោះគេសរសេរថា “ឱ្យតែយើងមានការតស៊ូអត់ធ្មត់ នោះវានឹងឱ្យផលមកវិញល្អដូចគ្នា” ។
បន្ទាប់ពីអានសៀវភៅរហែកមួយក្បាលនោះ លោកស្រី មានចិត្តមួយថាចង់មានមុខជំនួញផ្ទាល់ខ្លួន ទោះជាមានរឿងអ្វីក៏ដោយ ក៏តស៊ូដែរ ព្រោះថាបើលោកស្រី នៅបន្តធ្វើការទៀត សូម្បីតែពេលឈឺរក លុយមើលខ្លួនក៏មិនមានផង ព្រមទាំងគ្មានសមត្ថភាព ដើម្បីបញ្ជូនកូនៗទៅរៀននៅ មហាវិទ្យាល័យ ឡើយ។ ដូច្នេះហើយ ដោយមានប្រាក់សន្សំខ្លះ លោកស្រីនិងស្វាមីក៏បានទៅទិញដីចំការស្វាយ ចន្ទី មួយកន្លែង នៅខេត្តសៀមរាប (ខ្ទង់ឆ្នាំ២០០០)។
ដោយមើលឃើញថាចម្ការឆ្ងាយពីសាលារៀនរបស់កូន ធ្វើឱ្យអ្ននរកស៊ីចិត្តស៊ូរូបនេះ ប្តូរពីការរស់នៅចំការ ទៅជួលផ្ទះនៅជិតសាលាកូនៗវិញ ហើយវាក៏ជាកន្លែងដែលលោកស្រីបានចាប់ផ្តើមរកស៊ីផងដែរ ដោយមុខរបរដំបូងៗនោះ គឺលក់ចាប់ហួយតិចតួច យូរៗទៅក៏ពង្រីកកាន់តែធំឡើងៗ រហូតមានគេស្គាល់ និងមានភ្ញៀវចូលកាន់តែច្រើន ថែមទាំងពង្រីមុខរបរជាច្រើននៅក្នុងដៃ ។
មូលហេតុដែលអ្នកលក់ពូកែញញឹមរូបនេះ អាចទាញភ្ញៀវចូលបានច្រើនៗ នោះគឺដោយសារ លោកស្រី លក់ចង់បានស្នាមញញឹមភ្ញៀវ មានន័យថាភ្ញៀវទិញផលិតផលទៅសប្បាយចិត្ត យកទៅមិនស្តាយក្រោយ យកទៅមានប្រសិទ្ធិភាព ហើយបន្ថែមពីនោះគឺការទុកឱកាសឱ្យភ្ញៀវអាចមើលឬជ្រើសរើសយកផលិត ផលដែលពួកគាត់ចង់បានដោយមិនមានការបង្ខំណាមួយឡើយ។
អត្ថបទដោយ៖ នៅ ថាត់សណា