គិតមកដល់ពេលនេះអស់រយៈពេលជាង ១០ម៉ោងហើយដែលប្រទេសកូរ៉េខាងត្បូង បានទទួលរងការវាយប្រហារដោយសារតែព្យុះទីហ្វុង។ ជាមួយគ្នានោះរដ្ឋាភិបាលរបស់កូរ៉េបានធ្វើការជម្លាសប្រជាជន និងសម្រេចចិត្តផ្អាកដំណើរការអាជីវកម្មមួយចំនួន ព្រមទាំងបិទសាលារៀននិងជើងហោះហើរថែមទៀតផង។
នៅក្នុងការចុះផ្សាយរបស់សារព័ត៌មាន The New York Times អ្នកស្រាវជ្រាវបានបង្ហាញឱ្យដឹងថា “មូលហេតុដែលនាំឱ្យមានព្យុះទីហ្វុងកើតឡើង គឺព្រោះតែការកើនឡើងនៃកម្ដៅផែនដី”។ គេបានបន្តថា កំណើននៃកម្ដៅផែនដីបាននាំឱ្យព្យុះធំៗកើតឡើងញឹកញាប់ ព្រោះថាវាអាចធ្វើឱ្យមហាសមុទ្រកើនកម្ដៅ ដែលជាប្រភពនៃកម្លាំងព្យុះមហាសាល។
ជាក់ស្ដែងព្យុះទីហ្វុងដែលកើតឡើងចំពោះប្រទេសកូរ៉េ គឺចាប់ផ្ដើមចេញពីសមុទ្រឆ្លងកាត់កោះ Jeju នៅពាក់កណ្ដាលអធ្រាត្រ ហើយបានបោកបក់នៅឆ្នេរសមុទ្រភាគខាងត្បូងនៃប្រទេសកូរ៉េនៅម៉ោង ៤:៥០ ព្រឹក។ ក្រោយព្យុះបោកបក់នាព្រឹកនោះ អាជ្ញាធរបានជម្លាសប្រជាជនរាប់ពាន់នាក់ទៅរកទីសុវត្ថិភាព ប៉ុន្តែផ្ទះប្រមាណ ៦៦,០០០ខ្នង ត្រូវបានទុកចោលស្របពេលគ្មានបណ្ដាញអគ្គិសនីទាល់តែសោះ។
មន្ត្រីបានរាយការណ៍ថា “បន្ទាប់ពីត្រូវទឹកលិចជន់ មានមនុស្សម្នាក់បានស្លាប់នៅក្នុងក្រុង Pohang និងមនុស្ស២នាក់ផ្សេងទៀតកំពុងតែបាត់ខ្លួន”។ ព្យុះទីហ្វុងបានបង្កឱ្យមានភ្លៀងធ្លាក់ខ្លាំង បណ្ដាលឱ្យកន្លែងនានាត្រូវលិចលង់ មានការបាក់ដីរួមទាំងផ្លូវថ្នល់ជាច្រើនរងការខូចខាតយ៉ាងទម្ងន់។
សូមជម្រាបថា នេះជាព្យុះទី២ហើយដែលវាយប្រហារប្រទេសកូរ៉េក្នុងរយៈពេលប៉ុន្មានសប្តាហ៍ចុងក្រោយនេះ។ កាលពីខែមុន ទីក្រុងសេអ៊ូដែលជារដ្ឋធានីធំរបស់កូរ៉េ មានភ្លៀងធ្លាក់ខ្លាំងបំផុតមិនធ្លាប់កើតមានអស់រយៈពេលជាច្រើនទសវត្សន៍កន្លងមកហើយ ដែលវាបានបណ្ដាលឱ្យមានទឹកជំនន់និងសម្លាប់មនុស្សអស់ប្រមាណ៩នាក់។ ព្យុះនោះបានបំផ្លាញស្ថានីយ៍រថភ្លើងក្រោមដីមួយចំនួនផងដែរ៕
អត្ថបទដោយ៖ សូ សុខលី