សញ្ញាល្អ! ក្រុមហ៊ុនធំៗ២ គ្រោងទិញ-លក់ដំណាប់ស្វាយពីកម្ពុជា ដើម្បីនាំទៅកាន់ទីផ្សារប្រទេសចិន អាមេរិក និងអឺរ៉ុប
ធី ស្រីល័ក្ខAUGUST 19 2025103 views

ក្រុមហ៊ុន Long Wo Agriculture (Cambodia) Co., Ltd. និងក្រុមហ៊ុន Zhongbao (Cambodia) Food Co., Ltd. បានស្នើសុំការគាំទ្របន្ថែមពីក្រសួងពាណិជ្ជកម្មលើគម្រោងរបស់ក្រុមហ៊ុនក្នុងការពង្រីករោងចក្រកែច្នៃ និងការចុះអនុស្សារណៈនៃការយោគយល់គ្នាលើការទិញ-លក់ដំណាប់ស្វាយចូលទៅកាន់ទីផ្សារប្រទេសចិន អាម៉េរិក និងអឺរ៉ុប។

 

នៅក្នុងជំនួបជាមួយ លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម លោកជំទាវរដ្ឋមន្រ្តី បានសម្តែងនូវការស្វាគមន៍ និងថ្លែងអំណរគុណចំពោះគណៈប្រតិភូរបស់ក្រុមហ៊ុនទាំងពីរ ដែលបានចូលជួបពិភាក្សាការងារ និងរាយការណ៍អំពីបច្ចុប្បន្នភាពនៃដំណើរការផលិតកម្ម ការពង្រីករោងចក្រ ការប្រមូលទិញកសិផលផ្លែឈើ ក៏ដូចជាទិសដៅទីផ្សារសក្តានុពលក្នុងនាំចេញផលិតផលកសិផល និងជាពិសេសដំណាប់ស្វាយចូលទៅកាន់ទីផ្សារប្រទេសចិន អាម៉េរិក និងអឺរ៉ុប។

 

ជាមួយគ្នានេះ លោកជំទាវរដ្ឋមន្ត្រី ក៏បានបង្ហាញអំពីការគាំទ្រសម្រាប់គម្រោងពង្រីកផលិតកម្មរបស់រោងចក្រកែច្នៃផ្លែឈើ និងផលិតផលកសិផលខាងលើ ដែលនេះជាការចូលរួមចំណែកមួយជាមួយរដ្ឋាភិបាលក្នុងទិសដៅធ្វើពិពិធកម្មទីផ្សារសម្រាប់កសិផលកម្ពុជាទៅកាន់ទីផ្សារអន្តរជាតិ។

១៣

លោកជំទាវរដ្ឋមន្រ្តី ក៏បានគូសបញ្ជាក់ អំពីសារៈសំខាន់នៃកិច្ចសហប្រតិបត្តិការរវាងវិស័យឯកជន និងរាជរដ្ឋាភិបាលកម្ពុជា ដើម្បីពង្រឹងសមត្ថភាពអ្នកផលិត អ្នកកែច្នៃ និងអ្នកនាំចេញ សំដៅជំរុញការនាំចេញ បង្កើនចំណែកទីផ្សារ និងកិត្យានុភាពរបស់កម្ពុជាលើទីផ្សារអន្តរជាតិផងដែរ៕

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia