ឪពុកម្ដាយជាគ្រូទី១! ក្បួនអប់រំកូនល្អបំផុត២ ជួយឱ្យកូនក្លាយជានាយករដ្ឋមន្ត្រី និងជាមហាសេដ្ឋីលេខ១
Kan DaraJULY 5 20234.5 K views

ឪពុកម្ដាយបានដើរតួនាទីជាគ្រូទីមួយដឹកដៃកូនៗ មុននឹងបញ្ជូនពួកគេទៅសិក្សាតាមសាលារៀន។ យ៉ាងណាមិញរំលឹកទៅកាន់វ័យកុមារភាពកូនៗរបស់លោក លី ក្វាន់យូ ក៏ដូចជាលោក Elon Musk តែងតែចងចាំជានិច្ចនូវមេរៀនដ៏មានតម្លៃរបស់ឪពុក-ម្តាយខ្លួន បានបង្ហាត់បង្រៀនតាំងតែពីក្មេង និងបានប្រើគោលការណ៍ទាំងនោះដឹកនាំជីវិតរហូតប្រែក្លាយខ្លួនជាមនុស្សមានសមត្ថភាពខ្ពស់ កាន់តួនាទីធំ និងមានទ្រព្យស្តុកស្តម្ភជាដើម។

អាស្រ័យហេតុនេះ Business Cambodia សូមលើកយកនូវក្បួនអប់រំកូនល្អបំផុត២ របស់លោក លី ក្វាន់យូ ដែលជារដ្ឋបុរសដ៏សំខាន់របស់សិង្ហបុរី ជួយឲ្យកូនក្លាយជានាយករដ្ឋមន្ត្រី និងម្តាយលោក Elon Musk ជួយឲ្យលោកក្លាយជាមហាសេដ្ឋីលេខមួយមានទ្រព្យច្រើនបំផុត៖

១/. ហ្មត់ចត់ អត់ធ្មត់ឲ្យយូរ ស៊ូឲ្យខ្លាំង (កុំដាំដើមឈើចង់បានផលត្រឹមពេលមួយយប់)

លោក លី សៀនឡុង (Lee Hsien Loong) គឺជាអ្នកនយោបាយ និងជានាយករដ្ឋមន្ត្រីទី៣ នៅក្នុងប្រទេសសិង្ហបុរី ដែលត្រូវជាកូនប្រុសច្បងក្នុងចំណោមបងប្អូនបីនាក់ ធ្លាប់បានលើកឡើងថា ​ឪពុករបស់លោក(លី ក្វាន់យូ) គាត់មិនត្រឹមតែហ្មត់ចត់ក្នុងការងារប្រទេសជាតិនោះទេ សូម្បីតែក្នុងគ្រួសារក៏រៀបចំ និងចាត់ចែងបានយ៉ាងហ្មត់ចត់បំផុតផងដែរ។ នាយករដ្ឋមន្ត្រី សិង្ហបុរី រូបនេះបានឲ្យដឹងថា កាលនៅក្មេង ឪពុករបស់លោកបានអប់រំ ប្រៀនប្រដៅ និងឱ្យលោកធ្វើរឿងប្លែកៗ កិច្ចការលំបាកៗស្ទើររៀងរាល់ថ្ងៃ។ ពេលខ្លះលោកមានអារម្មណ៍ថា ឪពុករបស់ខ្លួនហាក់ដូចជាមិនស្រឡាញ់កូនដូចឪពុកគេដទៃសោះ ទើបបានជានាំលោកធ្វើតែរឿងដែលគួរឱ្យធុញទ្រាន់ និងហត់នឿយបែបនេះ។ 

លោក លី បានបន្តទាំងញញឹមថា៖ «កាលណោះខ្ញុំនៅក្មេង ខ្ញុំមិនដឹងរឿងក្ដៅត្រជាក់ រាក់ជ្រៅ មិនដឹងពីគោលដៅទាល់តែសោះ។ អ្វីដែលគួរឱ្យចង់សើចបំផុតនោះគឺ ខ្ញុំតែងតែខឹងឪពុកដែលនាំធ្វើរឿងនេះ រឿងនោះ មិនចេះចប់មិនចេះហើយសោះ» តែតាមពិត ឪពុករបស់លោកមានបំណងហាត់ពត់លត់ដំតាំងតែពីលោកនៅក្មេងមកម្ល៉េះ ហើយគោលបំណងគាត់គឺចង់ឃើញកូនមានអនាគត ក្លាយជាអ្នកដឹកនាំឆ្នើមបន្តថែរក្សាប្រទេស និងប្រជាជនសិង្ហបុរីបន្ទាប់ពីគាត់។

A

២/. ធ្វើជាគំរូ និងអនុញ្ញាតឲ្យកូនធ្វើអ្វីដែលពួកគេស្រលាញ់

លោកស្រី Maye Musk មានវ័យ៧៥ឆ្នាំ ជាជនជាតិអាហ្រ្វិកខាងត្បូង ដែលត្រូវជាម្តាយបង្កើតរបស់លោក Elon Musk ធ្លាប់បានមានប្រសាសន៍ថា៖​ «របៀបដែលលោកស្រីចិញ្ចឹមលោក Elon Musk និងកូនពីរនាក់ទៀតឲ្យក្លាយទៅជាបុគ្គលជោគជ័យគឺ លោកស្រីតែងតែធ្វើជាម្តាយគំរូម្នាក់សម្រាប់កូនៗ ហើយឲ្យពួកគេធ្វើតាមផ្នែកណាមួយរបស់លោកស្រី។ ជាងនេះទៅទៀត លោកស្រីបានលើកទឹកចិត្តឲ្យពួកគេធ្វើអ្វីដែលជាចំណង់ចំណូលចិត្តរបស់ខ្លួន និងឲ្យពួកធ្វើអ្វីដែលពួកគេស្រលាញ់ រួមទាំងបង្រៀនឲ្យចេះជួយមនុស្សផងដែរ»។ 

7

យ៉ាងណាមិញ មេរៀនសម្រាប់អ្នកដែលក្លាយទៅជា ឪពុក-ម្ដាយគួរតែដឹងអំពីឥទ្ធិពលរបស់ខ្លួនមកលើកូនៗ ព្រោះពួកគេមើលមកអ្នកមុននរណាទាំងអស់។ អ្នកគឺជាគ្រូទី១ ពួកគេគោរពទៅតាមអ្វីដែលអ្នកធ្វើ និងយកគំរូតាមអ្នក។ ជាការពិតណាស់ ម្ដាយ-ឪពុកអាចធ្វើឲ្យកូនៗរបស់ខ្លួនក្លាយទៅជាអ្វីមួយក៏បានតាមតែចិត្តចង់ ចង់ឲ្យពួកគេជោគជ័យ ឬក្លាយទៅជាក្មេងឥតបានការក៏បាន វាអាស្រ័យទៅនឹងទង្វើ និង អាកប្បរិយារបស់អ្នក សកម្មភាពប្រចាំរបស់អ្នកនេះឯង៕

អត្ថបទដោយ៖ កាន់ ដារ៉ា (ស្មេរពនេចរ) ម្ចាស់ស្នាដៃសៀវភៅ «ច្រវាក់ប្រាក់ខែ»

ទំនាក់ទំនងតាមរយៈ៖ Facebook Page: Kan Dara ឬ Telegram: 0964997366

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia