ក្រុមហ៊ុនអាកាសចរណ៍ជាតិកម្ពុជា Air Cambodia គ្រោងនឹងបញ្ជាទិញយន្ដហោះចំនួន ២០ គ្រឿងដែលផលិតដោយក្រុមហ៊ុនចិន Commercial Aircraft Corporation of China, Ltd.,(COMAC)។ ដោយក្នុង នោះយន្ដហោះចំនួន ១០ គ្រឿងបានបញ្ជាក់ការបញ្ជាទិញ និងយន្ដហោះចំនួន ១០ គ្រឿងផ្សេងទៀតមានបំណងបញ្ជាទិញ។
តាមការបញ្ជាក់ពីលោក Wang Wenbin ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំនៅកម្ពុជា បានឲ្យដឹងថា នៅថ្ងៃទី៨ កញ្ញា ក្រុមហ៊ុន Air Cambodia និង ក្រុមហ៊ុនចិន Commercial Aircraft Corporation of China, Ltd.,(COMAC) បានអនុស្សរណៈនៃការយោគយល់គ្នា អំពីការគ្រោងនឹងទិញយន្តហោះដែលផលិតដោយចិនផ្ទាល់គឺ C909 regional។
លោកបន្ដថា ភាគីទាំងពីរនូវគ្រោងនឹងសហការគ្នាលើវិស័យការបញ្ជាទិញយន្តហោះ ការគាំទ្រប្រតិបត្តិការ និងបណ្ដុះបណ្ដាលផលិតកម្មជាដើម។ នេះគឺជាវឌ្ឍនភាពថ្មីនៃកិច្ចសហប្រតិបត្តិការក្នុងវិស័យដែនអាកាសនៃប្រទេសទាំងពីរ ដែលមានអត្ថប្រយោជន៍សំខាន់សម្រាប់ភាគីទាំងពីរ។
គួររំលឹកផងដែរថា កាលពីពេលកន្លងទៅនេះកម្ពុជាតាមរយៈក្រុមហ៊ុនអាកាសចរណ៍ Air Cambodia ប្រកាសពីគម្រោងបញ្ជាទិញយន្ដហោះ Boeing 737 max 8 ចំនួន ១០ គ្រឿង ពីសហរដ្ឋអាមេរិក ហើយមានជម្រើសអាចបង្កើនទិញ ១០ គ្រឿង បន្ថែមទៀត នាពេលអនាគត ដែលនឹងអាចដឹកមកដល់កម្ពុជានៅឆ្នាំ២០៣១ខាងមុខ។
នេះគឺជាការធ្វើទំនើបកម្មដ៏សំខាន់មួយសម្រាប់វិស័យអាកាសចររបស់កម្ពុជា ខណៈកាលពីថ្ងៃទី៩ ខែកញ្ញា កន្លងទៅថ្មីៗ ក៏ទើបនឹងបើកដំណើរការជាផ្លូវការនូវអាកាសយានដ្ឋានអន្ដរជាតិតេជោ ដែលអាកាសយានដ្ឋានទំនើប និងធំជាងគេនៅកម្ពុជា ដែលអាចទទួលការចុះចតយន្ដហោះខ្នាតធំៗដូចជា Airbus A380 និង Boeing 747 ផងដែរ៕