កាលពីថ្មីៗនេះ ក្រុមហ៊ុនចិន និងកម្ពុជា បានចុះកិច្ចព្រមព្រៀងជាមួយគ្នា ដើម្បីជម្រុញការនាំចេញបន្លែ ផ្លែឈើកម្ពុជាទៅកាន់ទីផ្សារខេត្តហឺណាន ក្នុងទំហំទឹកប្រាក់ ៣០លានដុល្លារ ក្នុងរយៈពេល២ឆ្នាំខាងមុខ។
ជាក់ស្តែង កាលពីកន្លងទៅនៅទីស្ដីការក្រសួងពាណិជ្ជកម្ម លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានអនុញ្ញាតជូន ឯកឧត្តម Zheng Haiyang អភិបាលរងខេត្តហឺណាន នៃសាធារណរដ្ឋប្រជាមានិតចិន និងគណៈប្រតិភូ ចូលជួបសម្តែងការគួរសមក្នុងគោលបំណងនាំចេញផលិតផលកសិកម្មកម្ពុជា។
ជាកិច្ចចាប់ផ្តើម លោកជំទាវរដ្ឋមន្រ្តី បានថ្លែងអំណរគុណចំពោះ ឯកឧត្តម Zheng Haiyang អភិបាលរងខេត្តហឺណាន ដែលចូលជួបសម្តែងការគួរសម និងពិភាក្សាការងារអំពីការពង្រឹង និងលើកកម្ពស់កិច្ចសហប្រតិការវាងកម្ពុជា-ចិនឱ្យកាន់តែស៊ីជម្រៅលើវិស័យពាណិជ្ជកម្ម និងសេដ្ឋកិច្ច ក្នុងទិសដៅពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្មរវាងព្រះរាជាណាចក្រកម្ពុជា និងខេត្តហឺណាន ជាពិសេសលើការនាំចេញផលិតផលកសិកម្មកម្ពុជាទៅកាន់ទីផ្សារប្រទេសចិន។
ជាមួយគ្នានេះ លោកជំទាវរដ្ឋមន្ត្រី បានបង្ហាញអំពីការគាំទ្រ និងលើកទឹកចិត្តឱ្យវិនិយោគិនចិន មកបណ្តាក់ទុនធ្វើប្រតិបត្តិការអាជីវកម្មឱ្យកាន់តែច្រើនឡើងបន្ថែមទៀតនៅកម្ពុជា ជាពិសេសក្នុងវិស័យមានសក្តានុពលខ្ពស់ ដែលអាចថ្ពក់ទៅនឹងខ្សែច្រវាក់ផលិតកម្មនៅប្រទេសចិនដូចជា៖ កសិកម្មទំនើប ឧស្សាហកម្មកែច្នៃចំណីអាហារ វិស័យយានយន្ត អេឡិចត្រូនិក និងបច្ចេកវិទ្យាឌីជីថល ជាដើម។
ជាកិច្ចបញ្ចប់ លោកជំទាវរដ្ឋមន្ត្រីបានផ្តល់កិត្តិយសជាសាក្សីក្នុងពិធីចុះអនុស្សរណៈនៃការយោគយល់គ្នា រវាងក្រុមហ៊ុន Zhengzhou Chen’s Sun Fruit and Vegetable Co., Ltd និង ក្រុមហ៊ុន Nongde Agricultural Development Co., Ltd ក្នុងគោលបំណងជំរុញការនាំចេញបន្លែ ផ្លែឈើកម្ពុជាទៅកាន់ទីផ្សារប្រទេសចិន ក្នុងទំហំទឹកប្រាក់ប្រមាណ ៣០លានដុល្លារក្នុងរយៈពេល ២ឆ្នាំខាងមុខ៕