ប្រធានាធិបតីអាមេរិកលោក Donald Trump បានប្រកាសលើកលែងពន្ធនាំចូលជាសកល លើទំនិញ៣ប្រភេទដូចជា ស្មាតហ្វូន កុំព្យូទ័រ និងគ្រឿងបង្គុំអេឡិចត្រូនិកជាច្រើនមុខ រួមទាំងការនាំចូលពីប្រទេសចិន បន្ទាប់ពីភាពច្របូកច្របល់និងការកើនឡើងតម្លៃលើផលិតផលនៃក្រុមហ៊ុនបច្ចេកវិទ្យានានាក្នុងប្រទេស។
សេចក្តីប្រកាសបន្ធូរបន្ថយពន្ធធ្វើឡើងកាលពីល្ងាចថ្ងៃសុក្រ ដោយក្នុងនោះទីភ្នាក់ងារគយនិងព្រំដែនរបស់សហរដ្ឋអាមេរិក បានបញ្ជាក់ថាលោកប្រធានាធិបតី Trump កំពុងពិចារណាលើកលែងនិងបញ្ចុះអត្រាពន្ធតាមវិស័យ ក្នុងនោះការសង្កេតនិងពន្ធថ្មីៗនៅតែមាននាពេលឆាប់ៗ។ នេះបើតាមការបញ្ជាក់របស់មន្រ្តីសេតវិមាន ប្រាប់សារព័ត៌មាន Reuters ។
យ៉ាងណាមិញបើតាមលោក Dan Ives អ្នកវិភាគក្នុងវិស័យបច្ចេកវិទ្យា នៅ Wedbush Securities បានហៅការប្រកាសអំពីការមិនរាប់បញ្ចូលពន្ធលើទំនិញបច្ចេកវិទ្យានេះថាជាដំណឹងល្អបំផុតសម្រាប់ក្រុមហ៊ុនបច្ចេកវិទ្យាធំៗនៅអាមេរិកអាចមានពេលដកដង្ហើមបាន។
សូមរំលឹកឡើងវិញថាកាលពីដើមខែមេសា ប្រធានាធិបតីសហរដ្ឋអាមេរិក Donald Trump បានប្រកាស បន្ធូរបន្ថយពន្ធលើទំនិញគ្រប់ប្រភេទចំពោះប្រទេសរាប់សិប លើកលែងតែប្រទេសចិនដែលត្រូវកំណត់ពន្ធ នាំចូលឡើងដល់២៤៥% ខណៈចិនជាទីផ្សារផ្តត់ផ្គត់គ្រឿងបង្គុំអេឡិចត្រូនិចដ៏ធំមួយទៅកាន់ទីផ្សារអាមេរិក៕
អត្ថបទដោយ៖ ពីង ជូអេង